Saturday, December 5, 2015

ប្រាសាទតាព្រហ្ម​ទន្លេបាទី​ជា​មន្ទីរ ពេទ្យបុរាណ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧


ប្រាសាទតាព្រហ្ម​ទន្លេបាទី ជា​មន្ទីរពេទ្យ​បុរាណ​នា​សម័យ​ព្រះបាទ​ជយ​វរ្ម័នទី​៧ សព្វថ្ងៃ​ជា​តំបន់​ទេសចរណ៍​ពេញ​និយម​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ។ អតីត​ព្រះមហាវីរក្សត្រ​ខ្មែរ​ដ៏​ខ្លាំង​ពូកែ ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​បាន​បន្សល់ទុក​នូវ​កេរ្តិ៍តំណែល​ ស្នាព្រ​ហស្ថដ៏​ច្រើន​សន្ធឹកសន្ធាប់ ក្នុងនោះ​ស្ថាបត្យកម្ម​សំណង់​បុរាណ​ដែល​លេចធ្លោរ គឺ​ប្រាសាទបាយ័ន ទីក្រុង​អង្គរធំ  ប្រាសាទ​ព្រះខ័ននៅ ខេត្តសៀមរាប, ប្រាសាទបន្ទាយឆ្មារ នៅខេត្ត​បន្ទាយមានជ័យ,ប្រាសាទមឿងសិង្ហនៅខេត្តកញ្ជនៈបុរី នៅប្រទេសថៃបច្ចុប្បន្ន ​៘
បូ​ជនីយ​ដ្ឋា​ន​សំខាន់​មួយទៀត​របស់​ព្រះអង្គ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​នោះគឺ ប្រាសាទតាព្រហ្ម​ទន្លេបាទី ជា​មន្ទីរពេទ្យ​បុរាណ​ សាងសង់​ឡើង​នាចុង​សតវត្សរ៍​ទី​១២ ដើម​សតវត្សរ៍​ទី​១៣ នៃ​គ្រិស្តសករាជ ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​មហាយាន​។​
​នៅ​ពី​ខាងលិច​ផ្លូវជាតិ​លេខ​២​ ស្ថិតក្នុង​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ​ប្រាសាទ​ទន្លេបាទី​សព្វថ្ងៃ​ជា​រមណីដ្ឋាន​ទេសចរណ៍​ពេញនិយម​មួយ​របស់​បងប្អូន​ខ្មែរ​ទូទៅ ជាពិសេស​នៅពេល​បុណ្យទាន​ប្រពៃណី​ខ្មែរ​ម្តងៗ ។ យោងតាម​ការសិក្សា​ស្រាវជ្រាវ​ ប្រាសាទតាព្រហ្ម គឺជា​ប្រាសាទ​បួន​ជ្រុង​ស្មើ​មួយ​សាងសង់​អំពី​ថ្ម​ភក់ ហើយ​មាន​ទ្វារ​ចូល​បួន ធ្វើ​អំពី​ថ្ម​បាយក្រៀម ។​
​ ប្រាសាទ​នេះ​មាន​អាគារ​ភ្ជាប់​ពី​រ ព្រមទាំង​មានរ​បង​ជញ្ជាំង​ថែវ ដែល​មាន​ទ្វារ​ចូល​រាង​ជា​ប្រាសាទ ។ ​បូជនីយដ្ឋាន​នេះ​មានរ​បង​ខាង​ក្រៅ​មួយ​ជាន់​ធ្វើ​អំពី​ថ្មបាយក្រៀម ព្រមទាំង​ស្រះ​ពីរ​នៅ​ពី​ខាង​មុខ ។ ជាទូទៅ​ប្រាសាទ​នេះ​នៅមាន​ទ្រង់ទ្រាយ​ល្អ ហើយ​ប្រកបដោយ​ក្បូរក្បាច់​ចម្លាក់​ដ៏​​ប្រណីត​ដូចជា​ក្បាច់​ផ្តែរហោ​ជាង រូបចម្លាក់​តំណាង​ព្រះ​អ​វ​លោ​កេស្វរៈ​ជាដើម ។​
ប្រាសាទតាព្រហ្ម​ទន្លេបាទី ជា​អរោគសាលា ឬ​មន្ទីរពេទ្យ​នា​សម័យ​ព្រះបាទ​ជយ​វរ្ម័នទី​៧ អតីត​ព្រះមហាវីរក្សត្រ​ខ្មែរ​ដ៏​ខ្លាំង​ពូកែរុងរឿង​អស្ចារ្យ។
១-​ តួ​ប្រាសាទ​ : សាង​អំពី​ថ្មភក់​មាន​ទ្វារ​ចូល​បួន ។ទ្វារ​មួយៗ​មាន​សង់​លយ​ទៅ​មុខជា​រាន​ហាល ។ ទ្វារ​ចូល​សំខាន់​ជាងគេ គឺ​ទ្វារ​ខាងកើត ។ ដូច្នេះ​រានហាល​ទីនេះ​មាន​ទំហំ​ធំ​ជាងគេ ។​ តួ​ប្រាសាទ​កណ្តាល​សាងសង់​ភ្ជាប់​ទៅ​នឹង​របង ដែល​មាន​ដំបូល​ពីលើ និង​មាន​រានហាល​ខាងលិច​ធំ​ទូលាយ​ជាង​ខាងកើត ដោយ​រានហាល​មាន​សសរ​ទ្រ​ពីក្រោម ។​
​ផ្នែក​ខាងក្រៅ តាមផ្លូវ​ទ្វារ​ចូល​នីមួយៗ មាន​ការតាក់តែង​លំអ​ធម្មតា ​មាន​គ្រោងទ្វារ​ពុម្ព​,មានសសរស្តម្ភ​ច្រើន​ជ្រុង,មាន​សសរ​ជាប់​ជញ្ជាំង មានផ្តែរ​លំអ​ដោយ​ក្បាច់ និង​មាន ហោជាងរាង​ក្រងិ​ក​ក្រងុ​កដូច​ទឹករលក ។ ប៉ុន្តែ​ផ្នែក​ផ្សេងៗ​ទាំងអស់​នេះ​ត្រូវ​បានរៀបចំ​បញ្ចូល​គ្នា​ដោយយក​ពី​កន្លែង​ផ្សេងគ្នា  គឺ​មិន​បាន​ឆ្លាក់​តាម​ដុំថ្ម​តៗ​គ្នា និង​តម្រង់​តម្រឹម​ពី​ថ្ម​មួយ​ទៅ​ថ្ម​មួយ​នោះ​ទេ លើកលែង​តែ​ផ្តែរ​លំអរ​ក្បាច់​ដែល​យក​ពី​ក្រៅ​មក​ដាក់ ។ ការងារ​នេះ​មាន​កន្លែង​ខ្លះ​ធ្វើ​មិន​ទាន់​ហើយ តួយ៉ាងសសរស្តម្ភ​ច្រើន​ជ្រុង និង​ហោជាង​ផ្នែក​ខាង​មុខ ខាងកើត គឺ​សុទ្ធសឹង​នៅ​ជា​ពង្រាង​នៅឡើយ ។​
ក្លោងទ្វារចូលពីមុខ (មើលពីចំហៀង)
  ​សសរ​បួន​ជ្រុង​ផ្អោបជញ្ជាំង​នៃ​ទ្វារ​ចូល មាន​លំអ​ដោយ​ក្បាច់​រាន ​តំណាង​ឲ្យ​ឆ្មាំ​ប្រាសាទ។ ផ្តែរ​លំអ​ដោយ​ក្បាច់​ បង្ហាញ​ព្រះពុទ្ធ​ទ្រង់​ផ្ទុំ ។ រូប​ដ៏​ធំ​សម្បើម​នេះ​ត្រូវបាន​ឆ្លាក់​យ៉ាង​ជ្រៅ​នៅក្នុង​ដុំថ្ម ហើយ​ប្រហែលជា​ត្រូវ​ដាក់​ជំនួស​រូប ដែល​ធ្លាប់​មាន​ពីមុនមក ដែល​គេ​សង្ស័យថា មិនទាន់​ឆ្លាក់​ហើយ ។ 
​ទ្វារញកមុខ​ខាងមុខ មាន​គ្រោង​ជា​ពុម្ព ហើយ​សសរស្តម្ភ​ពហុ​ជ្រុង​មាន​ឆ្លាក់​ក្បាច់​ចិញ្ចៀន ។ សសរ​៤​ជ្រុង​ផ្អោប​ជញ្ជាំង​មាន​លំអ​ដោយ​រាង​បួន​ជ្រុង​ព្នាយ​ត្រួតៗ​លើ​គ្នា នៅក្នុង​នោះ​គេ​មាន​ឆ្លាក់​រូប​មនុស្ស ។ ផ្តែ​លំអ​ធ្វើ​អំពី​ថ្មភក់​ពណ៌​ក្រហមព្រឿងៗ​ប្រកប​ដោយ​ទង​ឈើ​ប​ពា្ឈរ​ទទឹង​សាច់។ ហោជាង​ក៏​ដូច​ខាង​មុខ គឺ​មាន​គ្រោង​ជា​នាគ​។ នៅលើ​ផ្ទៃ​ ​គេ​ធ្វើ​រូបចម្លាក់​មនុស្ស​ម្នាក់ មាន​ដៃ​៦​ឈរ​ពី​មុខ ដៃស្តាំ​ខាងលើ​កាន់​គម្ពីរ​មួយ តែគេ​មិន​អាច​សនិ្នដ្ឋាន​ពី​អ្វី ដែល​កាន់​នៅ​ដៃ​ដទៃទៀតទេ ។ សក់ក្រង​ជា​បំពង់​មាន​រូប​មនុស្ស​តូច​មួយ​អង្គុយ​ពីមុខ​លើ​ថ្ងាស ។ នៅ​ចុងជើង​អ្នក​បួងសួង​មើល​ពី​មុខ​លុតជង្គង់​ដៃ​សំពះ ។​
គោបុរៈខាងក្រោយ
  ​ទ្វារ​មុខ​ញក​ខាងត្បូង មាន​លក្ខ​ណៈ​លំអ​ដូច​ទ្វារ​ខាងជើង  រួមទាំង​ចម្លាក់​ដែល​បាន​រៀបរាប់ផង។ ​ក្បាច់​ផ្តែរ​ក៏​ធ្វើ​អំពី​ថ្មភក់​ពណ៌​ក្រហម បានន័យថា​ជា​ថ្ម​មួយ​ដែល​គេ​ប្រើ​ដើម្បី​បង្ហើយ​ប្រាសាទ​ ។ នៅលើ​ផ្ទៃ​ហោ​ជាង គេ​ឆ្លាក់​រូប​មនុស្ស​ម្នាក់​មាន​ដៃ​បួន​ឈរ​មើល​ពី​មុខ ។ ដៃស្តាំ​ខាងលើ​កាន់​គម្ពីរ ក្រៅពីនេះ​កាន់​របស់​មើល​មិន​យល់ មាន​អ្នករាំ​៥​នាក់​ព័ទ្ធ​ពី​ក្រៅ​បណ្តែត​ខ្លួន​លើ​ពពក ។ មនុស្ស​ពីរ​នាក់​ខាងឆ្វេង​ ពីរនាក់​ខាងស្តាំ​លុតជង្គង់ បែរមុខ​ទៅរក​មនុស្ស​ខាង​ខ្នង ដែល​សំពះ ។ នៅ​ពីក្រោម​រូបនេះ មានរូបអ្នក​ធ្វើ​សក្ការៈ​មួយ​ជួរ​មើល​ពី​មុខ​លុតជង្គង់​ដៃ​សំពះ លាតសន្ធឹង​ទូទាំង​ទទឹង​នៃ​ជ​វា ។​
​ញកមុខ​ខាងលិច ដែល​ភ្ជាប់​ផ្ទាល់​ទៅ​នឹង​ថែវ​ជញ្ជាំង​ថ្មបាយក្រៀម​ ​ទ្វារ​លំអ​ផ្នែក​មុខ​នៃ​ញ​កមុខ ​ត​ភ្ជាប់​ទៅ​ប្រាសាទ​ដោយ​ជញ្ជាំង​ដែល​ទ្រ​ដំបូល​កោង​ជា​យ៉ាប​ពីរ ។ ជញ្ជាំង​ទាំងនោះ​លំអ​ជា​ក្បាច់​ពុម្ពច​ង្អុល​ប្រាប់​ក្បាច់​គ្រឹះ ហើយ​ត្រូវ​បញ្ចប់​នៅ​កន្លែង​ដែល​ថែវ​ជាប់​គ្នា​ដោយ​តម្រឹម​យ៉ាង​សង្ហា​រដោយ​ផ្កាឈូក ។ 
ជញ្ជាំង​នីមួយៗ​ក្នុង​ចន្លោះ​គ្រឹះ និង​ចែ​ងជញ្ជាំង​លំអ​ដោយ​បង្អួច​បញ្ឆោត​មួយ​ប្រកប​ដោយ​ចម្រឹង ផ្នែក​ខាងមុខ​នេះ​មានរ​នាំ​ងធ្លាក់​១/៤​នៃ​ជញ្ជាំង ។រនាំង​នេះ​ហាក់ដូច​សំពត់​ធ្វើ​អំពី​កប្បាស មាន​ប៉ាក់​ក្បាច់ក្បូរ​នៅ​ជ្រុង​នីមួយៗ លើ​សសរ​ផ្អោប​ជញ្ជាំង​ជ្រុង​ មាននារី​ស្លៀក​សំពត់​វែង​កាត់​ស្រួច​លើ​ដើមទ្រូង​ទទេ ឈរ​ពី​មុខ​កាន់​ផ្កា ។ ទ្វារ​ក្នុង​អាច​ទំនាក់ទំនង​ទៅ​ប្រាសាទធំ​បាន​ គឺ​សុទ្ធ​តែ​លំហ​ឥត​លំអ ។ 
ជាន់​ខាងលើ​នៃ​ប្រាសាទ​​រៀបចំ​តាម​តួ​ប្រាសាទ​ខាងក្រោម ប៉ុន្តែ​ញ​កមុខ​ត្រូវ​បន្ថយ​ទំហំ ។ ការតុបតែង​ទ្វារបញ្ឆោត ដែល​ត្រូវ​លំអ​ញក​មុខ​ដែរនោះ គឺ​ធ្វើ​មិន​ទាន់​ហើយ ។ ដោយឡែក​ជ​វា​បង្ហាញ​នូវ​តូប​តូចៗ​នៃ​អ្នក​បន់​សក្ការៈ​ខ្លះៗ ដែល​មើលឃើញ ។ កំពូល​ប្រាសាទ​ហាក់ដូច​ធ្វើ​មិន​ហើយ ឬ​ក៏​បាក់​បាត់ទៅ ។ ផ្នែក​ខាង​ក្នុងនៃ​ប្រាសាទ​តាមពិត​គឺ​ទទេ ។ រង្វង់​ក្នុង​រៀវ​លើ​គឺ មាន​៤​ជាន់​ដដែល ។ រូប​បដិមា​ធំ​មួយ​រាង​ក្រឡោត​រឹង​ស្តូក​វែង​គ្មាន​សិល្បៈ​ដាក់​ប​ពា្ឈរ​លើ​កំណល់​កណ្តាល​បន្ទប់​តែ​មួយ​ប៉ាយ​លើ​ដី​ជុំ​បដិមា ឬ​លើ​ល្វែង​ខាងក្រៅ ។

ក្បាច់​ផ្តែរ​ប្រាសាទតាព្រហ្ម​ទន្លេបាទី ដែល​បាន​ដាច់​ជា​កំណាត់ៗ​នៅ​ផ្ទាល់​នឹង​ដី​គួរ​ឲ្យ​សង្វេគ​ព្រលឹង​ដូនតា​ខ្មែរ​បាន​បន្សល់​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ ដែល​មិន​បាន​ថែរក្សា​គង់វង្ស
២.​អគារ​ពាក់ព័ន្ធ : អគារ​ពីរ​ពាក់ព័ន្ធ​ស្ថិតនៅ​ក្នុង​ជ្រុង​ផ្នែក​ខាងកើត​នៃ​ជញ្ជាំង​ថែវ ។ អគា​រទាំង​ពីរ​ធ្វើ​អំពី​ថ្ម​ល្បាប់​រាង​៤​ជ្រុង​ទ្រវែង ហើយ​បើក​ទៅ​ទិស​ខាងលិច ។ អ័ក្ស​ធំ​របស់​វា​លាត​ស្រប​ទៅ​អ័ក្ស​ធំ​របស់​ប្រាសាទ ។ អគារ​ប្រាសាទ​ទាំងនេះ​ត្រូវបាន​សាងសង់​ជិត​ជាប់​ទៅ​នឹង​យ៉​ខាងក្នុង​ថែវ​ពី​ចំណុច​នោះ ​ដែល​គេ​បាន​ទុកចន្លោះ​អគារ និង​ថែវ​នានា ទ្វារ​ផ្លូវ​តូចចង្អៀត​មួយ​។ អគារ​ទាំងពីរ​មាន​ដំបូល​រាង​កោង ។ ទ្វារ​ដែល​បែរមុខ​ទៅ​ខាងលិច​សុទ្ធ​មាន​ញក​ខាង​មុខ​បង្កើតបានជា​លំហ ​ហើយ​ទ្វារ​នៃ​លំហ​សុទ្ធ​ប្រកប​ដោយ​ក្បាច់លម្អ​ធម្មតា ព័ទ្ធជុំវិញ​ដោយ​ថ្មភក់​សសរស្តម្ភ​ច្រើន​ជ្រុង និង​ផ្តែរ​លម្អ​នៃ​អគារ​ជា​ប្រភេទ​ផ្តែរ​ប្រភេទ​ទី​៤ ។ ចំ​កណ្តាល​គឺ​រូប​ព្រះ​អវលោកេស្វរៈ​ឈរ​ពេញ​កម្ពស់​ផ្ទាំង​ចម្លាក់ ​ឈរ​បែរមុខ​ចំ ហើយ​មាន​ដៃ​៤ ។ ដៃ​មួយ​ក្នុងចំណោម​ដៃ​ទាំងអស់​កាន់​ផ្គាំ ឬ(​អ​ង្គាំ​) ដៃ​មួយ​ទៀត​កាន់ដំបង​ដៃ​ ទី​៣​.កាន់​ប្រ​ឡៈ ដៃ​ទី​៤.​កាន់​របស់មិន​ស្គាល់​មួយ។នៅ​ខាងស្តាំ​ និង​ខាងឆ្វេង គឺ​ពុទ្ធសាសនិកជន​ពីរ​ជួរ​ជា​អ្នក​កំពុងធ្វើ​សក្ការៈបូជា​ព្រះ​ពោធិសត្វ​ត្រួត​ពី​លើ​គ្នា​ពីមុខ​លុតជង្គង់​ដៃ​សំពះ ។​
ទិដ្ឋភាពរួមមើលពីក្រោយ
​ផ្តែរ​លម្អ​នៃ​អគារ​ខាង​ត្បូងឆៀង​ខាងកើត​ស្ថិត​ក្នុង​ប្រភេទ​ផ្តែ​រទី​៣ ​ផ្ទាំង​ចម្លាក់​កណ្តាល​លម្អ​ដោយ​ចម្លាក់​ស្ត្រី​ឈរ​លើ​ក្បាល​អា​សុរ​រា​ហ៊ូ​មួយ​ ដែល​ទ្រ​លើ​ដៃ​នូវ​រូប​អាទិទេព​ទ្រង់​អង្គុយ​ហើយ​ខាងស្តាំ និង​ខាងឆ្វេង​មាន​ចម្លាក់​សា​វកអ​ង្គុយ​អត់​ជង្គុង ដៃ​ក្នុង​ឥរិយាបទ​សំពះ ។​
៣.​ផ្លូវ​ច្រក​ក្នុង​ប្រាសាទ : ប្រាសាទ​ទាំងនេះ​សាង​នៅក្នុង​របង​មួយ​រាង​បួន​ជ្រុង​ទ្រវែង​ថែវ​ធ្វើអំពី​ថ្មបាយក្រៀម ។ ទ្វារ​ទាំងនោះ​មាន​ដំបូល​កោង​ចង្អៀត​ងងឹត ថែវ​ត្រូវ​ផ្តាច់ចេញ​ពី​គ្នា​នៅ​ផ្នែក​ខាងមុខ ដោយ​គោបុ​រៈមួយ ដែល​មាន​ទ្វារ​ចូល​បី ។ គោបុ​រៈមួយៗ​មាន​បន្ទប់​កណ្តាល​មួយ​រាង​ស្ទើរ​បួន​ជ្រុង​ដែល​មាន​ពី​ខាងក្នុង និង​ពី​ខាងក្រៅ​នៃ​អគារ​ញក​មុខ​ល្វែង​ក្រៅ និង​បន្ទប់​បណ្តោយ​ពីរ​ដែល​បង្កើត​ជា​ផ្លូវចេញចូល​បន្ទា​ប់ប​ន្សំ ។ ថែវ​ទាំងឡាយ​ត្រូវ​ចែក​តាមរបៀប​មិនធម្មតា​ទៅ​ជា​បន្ទប់​ដែល​មាន​ទំហំ​ប្លែកៗ​គ្នា ​រាង​ភ្លឺ​ស្រឡះ​បន្តិច ប៉ុន្តែ​ផ្នែក​ទាំងអស់​ទទួល​ពន្លឺ​ថ្ងៃ​បាន​តែ​ផ្នែក​កណ្តាល ។ ទី​នេះ​ក៏​ដូច​នៅ​ភ្នំ​ជី​សូរ បន្ទប់​មួយ​ចំនួន​ធំ និង​ចូល​បាន​ក៏​ដោយសារ​ផ្លូវ​ចូល​មាន​រាង​ជា​បង្អូច ដែល​មាន​កម្ពស់​ប្រមាណ​ជា​១​ម៉ែត្រ​ខ្ពស់​ពី​ដី ផ្នែក​ខាងក្រៅ​ក៏​ដូច​ផ្នែក​ខាងក្នុង​ប្រាសាទ ។ ក្រៅពី​នេះ​ស្ថិតនៅ​តាម​ជ្រុង​ខាងត្បូង​ឆៀង​ខាងកើត និង​ជ្រុង​ខាងជើង​ឆៀង​ខាងកើត​នឹង​បើក​ចេញ​ចូល​បាន​ក៏​ដោយសារ​ទ្វារ​ចង្អៀត​ជា​ប្រហោង​សម្រាប់​បាញ់ ដែល​ចេញ​ឆ្ពោះ​ទៅ​ក្នុង​លំហ​ស្ថាន​ដ៏​ចង្អៀតចង្អល់​រវាង​យ៉​ខាង​មុខ​នៃ​ថែ​វ និង​យ៉​នៃ​អគារ​ពាក់ព័ន្ធ ។ ការតុបតែង​លម្អ​នៃ​យ៉​នៃ​ថែវ​ទាំងនោះ​គឺ​ឃើញ​មាន​តែ​ក្បាច់​ពុម្ព​ខ្លះៗ​នៅ​ផ្នែក​ជាប់​ដី នៅ​កន្លែង​ថែវ​ដែល​ជាប់​គ្នា​នឹង​សំណង់​ប្រាសាទ ។ គម្រោង​ទ្វារ និង​មេ​បង្អួច​ត្រូវបាន​គេ​ធ្វើ​ទាំង​ប្លុកៗ​ថ្មបាយក្រៀម​ដាក់​ពីលើ​គ្នា​ដោយ​រនូត​ជា​ហូ​ហែរ ។ ជួនកាល​ផ្តែរ​ធ្វើ​ពី​សម្ភារៈ​តែ​មួយ​ប៉ុន្តែ​ត្រូវបាន​ពង្រឹង​តាម​កន្លែង​មួយ ។ ដោយ​សន្លឹក​ថ្មខ្មៅ​យក​មក​ពី​ប្រាសាទ​ជំនាន់​មុន​ដែល​បាត់បង់​ទៅហើយ ។ អគារ​ទាំងឡាយ​នោះ​សុទ្ធ​ដំបូល​កោង​ស្រប​ទៅតាម​លក្ខណៈ​ធម្មតា​នៃ​គោ​បុរៈ និង​ថែវ ។ សំណង់​ផ្នែក​លើ​នៃ​គោ​បុរៈ​ផ្នែក​ខាងក្រៅ គឺ​មាន​រាង​ជា​សាច់​ធី​គ្មាន​ជាន់​ថ្នាក់​ទេ​ដូច​លំនៅ​ក្នុង​ចំណោម​ភាគច្រើន​នៃ​ប្រាសាទ​អំពី​ថ្ម​បាយក្រៀម ។ 
ទិដ្ឋភាពរួមមើលពីចំហៀង
  ​ប្រភេទ​មែនទែន​គឺ​ភ្ជាប់​ទៅ​នឹង​ផ្លូវ​ចូល​ខាងលិច​ដោយ​សំណង់​តូច​មួយ​អំពី​ ថ្មបាយក្រៀម​ដែល​មាន​បន្ទប់​បួន​ជ្រុង​ស្មើ​ភ្ជាប់​នឹង​អគារ​ញក​មុខ​បួន​មួយ ​គឺ ជាប់​ទាក់ទង​នឹង​ញក​មុខ​នៃ​ទ្វារ​ចូល​ខាងក្នុង​នៃ​គោបុ​រៈខាង​លិច​មួយ​ទៀត​ ទៅ​ញ​កមុខ​អគារ "​ដេ​" D នៃ​ប្រាសាទ ហើយ​ពីរ​ទៀត​គឺជា​អគារ​ល្វែង​ក្រៅ​ខ្ពស់​ទៅ​ទិស​ខាងជើង និង​ខាងត្បូង ។​
៤.​របង​ក្រៅ : របង​ក្រៅ​រាង​បួន​ជ្រុង​វែង ត្រូវ​បាន​រៀប​ជា​ជញ្ជាំង​ថ្មបាយក្រៀម​ប្រហែល​កម្ពស់​៣​ម៉ែត្រ​ ផ្តាច់​តាម​មុខ​ទាំង​បួន​ដោយ​ទ្វារ​ចូល ដែល​ទាក់ទង​ទៅ​ផ្លូវ​ចូល​នៃ​គោបុ​រៈនៃរ​បងទី​១ ។ ទ្វារ​ចូល​ទាំងនោះ​សម័យនេះ​វា​គ្រាន់តែ​ប្រហោង​ឥត​រាង​តែប៉ុណ្ណោះ ។ ទ្វារ​ទាំង​នោះ​ប្រហែលជា​រៀបចំ​ឡើង​សម្រាប់​ជា​ទ្វារ​ប្រាសាទ តែ​គ្មាន​អ្វី​បញ្ជាក់បាន​ថា ទ្វារ​ចូល​ទាំងនោះ​ត្រូវបាន​កសាង​ជំនាន់​នោះ​ទេ ។​
​នៅ​អគារ E មាន​ដាំសសរ​បួន​ជ្រុង​ពីរ​តាម​ផ្ទាំង​ជញ្ជាំង​កម្ពស់​ប្រហែល ១,៨០​ម៉ែត្រ ។ ផ្ទៃ​ខាងលើ​រាង​ជា​តុ​មាន​លក​បង្អួច​ជ្រៅ​កាត់ចេញ​ក្រឡា​ជា​គុប​រាង​ដូចៗ​គ្នា ។​
​នៅ​អគារ D គេ​ឃើញ​មាន​បដិមា​ខ្លះៗ​ខូច​រេចរឹល​ដែល​ត្រូវ​បាន​បាន​ប្រមូលផ្តុំ ។ រូប​មួយ​កម្ពស់​២​ម៉ែត្រ​ មាន​រាង​នៅ​ល្អ​ពិតមែន តែ​ចម្លាក់​រាង​គគ្រាត​ហើយ​មិន​សូវ​ប្រណីត ។ គឺជា​រូប​ទេវី​ឈរ​មាន​ដៃ​៨ មុខមាត់​សាមញ្ញ ភ្នែក​បិទ​ជើង​ធំ​មាំ​ខ្លី ទេវៈ​នេះ​ស្លៀកសំពត់​ខ្លី​មាន​ខ្សែ​ឆ្នូត​ឡើងដល់​លើ​ចង្កេះ ។ រូប​នេះ​ពាក់មួក​ដែល​មានបំ​ណែ​កស្រួច​ដែលជា​ថ្នក់​ប្រភ្នួ​ងសក់ ហើយ​ស្លៀកពាក់​ជា​សម្លៀកបំពាក់​ធ្វើការ​លើក​កំពស់​ឡើង​លើ ។ មួក​កន្តិ​បនឹង​សំពត់​នេះ​មានល​ម្អ​ដោយ​ផែន​ក្បាច់​បណ្តោយ​ពីរ​ជួរ ​នៅលើ​ជួរ​ក្បាច់​នេះ​មាន​ឆ្លាក់​ជា​រូប​អប្សរ​តូចៗ ​អង្គុយ​បែរ​ចំ​មុខ​ដោយ​កាន់​ដៃ​ជាប់ៗ​គ្នា ។ រូប​ទេពអប្សរ​តូច​មួយ​ដូច​គ្នា​ដែរ​តែ​រាង​ធំ​បន្តិច​ឆ្លាក់​លើ​ប្រភ្នួង សក់​ម្នាក់​ទៀត​លើ​ដើមទ្រូង​ចន្លោះ ដែល​មាន​ទឹក​មុខស្រស់​ប្រិមប្រិយ​គួរឲ្យ​បេតី​ណាស់ ។​
​ក្រៅពីនេះ​គេ​សង្កេតឃើញ​មាន​ក្បាច់​ផ្តែរ​ធំៗ​ពីរ​ដែល​ស្ថិតនៅក្រោម​ដី​នៅ​ខាង​មុខទ្វារ​ចូល ឬ​គោបុ​រៈខាង​លិច ។ ផ្តែ​រទាំង​២​ នេះ​វា​ពាក់ព័ន្ធ​ទៅនឹង​ការ​កូរ​សមុទ្រ​ទឹកដោះ​នឹង​រឿងព្រេង​ខ្មែរ​ពី​បុរាណ ៕F (ម.ត្រាណេ)
- See more at: http://www.cen.com.kh/culture/detail_cultureart/NzRiYmEwNmQ0YzV?txt=temp11#sthash.cI2UqlyQ.dpuf

No comments:

Post a Comment