Monday, December 7, 2015

ប្រាសាទភ្នំជីសូរ


ដោយ Acount FB មរតកកម្ពុជា
....
ភ្នំជីសូរមានកំពស់ ១៣០ម ស្ថិតនៅភូមិស្លា ឃុំរវៀង ស្រុកសំរោង ចំងាយប្រមាណ២៧គ.ម ពីទីរួមខេត្តតាកែវ។

នៅលើកំពូលភ្នំជីសូរ មានប្រាសាទបុរាណមួយ បានក្លាយជារមណីយដ្ឋានប្រវត្តិសាស្រ្តដ៏ល្បីល្បាញនៅក្នុងខេត្តតាកែវ។ ប្រាសាទបុរាណនោះ គេហៅថាប្រាសាទភ្នំជីសូរ។ ថ្វីត្បិតតែប្រាសាទភ្នំជីសូរ មានសភាពបាក់បែកភាគច្រើន ប៉ុន្តែនៅមានលក្ខណៈល្អផ្តាច់លើសប្រាសាទនានានៅក្នុងតំបន់នេះ។

ប្រាសាទភ្នំជីសូរនេះ បានស្ថាបនានៅលើកំពូលភ្នំ នាដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ក្នុងរជ្ជកាលរបស់ ព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា។ ប្រាសាទបុរាណ ដែលមានរំលេចទៅដោយចម្លាក់ក្បូរក្បាច់រចនាលាតត្រដាងអត្ថន័យពីអតីតភាពបន្សល់ទុកនៅលើជញ្ជាំងមួយនេះ  គឺបានសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានថែវ២ជាន់ព័ទ្ធជុំវិញ មានបណ្ដោយ៦០ ម៉ែត្រ និងទទឹង ៥០ម៉ែត្រ ។

នៅលើកំពូលភ្នំនៃរមណីយដ្ឋានដែលជាកេរ្តិ៍ដំណែលវប្បធម៌និងអរិយធម៌ខ្មែរ គេអាចគយគន់ទេសភាពដ៏ល្អប្រណិត ភូមិស្រុក និងវាលស្រែបឹងបួរដ៏ធំល្វឹងល្វើយនៃខេត្តតាកែវ។

ប្រាសាទដែលដេកសន្ធឹងលើកំពូលភ្នំនេះមានច្រកចូលចំនួនពីរ។ ដើម្បីឡើងទៅដល់ទីតាំងប្រាសាទដែលសាងសង់ឡើងនាសម័យអាណាចក្រខ្មែរក្នុងសតវត្សទី១១ គេនិយមថ្មើរជើង តាមជណ្ដើរខាងលិចដែលមាន៣៩០កាំ និងចុះមកវិញនៅជណ្ដើរប៉ែកខាងត្បូងដែលមាន៤០៨កាំ។

No comments:

Post a Comment