ភាគ១១
ព្រះអង្គ ស៊ូ ក្រោយដណ្តើមមាតាមកវិញ ក៏បើកការវាយលុកព្រះអង្គ នន់ ប្អូនជីដូនមួយ
*កំណត់សម្គាល់ប្រវត្តិសង្ខេបរាជវង្សខ្មែរ និងការសោយរាជ្យចាប់ពីព្រះបាទជ័យជេដ្ឋាទី២ និងសង្គ្រាមដណ្តើមរាជ្យ
១- ព្រះបាទជ័យជេដ្ឋាទី២ (១៥៧៦-១៦២៨) សោយ្យរាជ្យបាន១០ឆ្នាំ
- មានព្រះអនុជមួយអង្គគឺព្រះឧទ័យ
- នៅឆ្នាំ១៦២៤ មានមហេសី ចូវ ជនជាតិអាណ្ណាមនិង មហេសីមានបុត្រីមួយអង្គ "ញ៉ាក្សត្រី”
- មានបុត្រ៣ អង្គជាមួយមហេសីផ្សេងទៀត បុត្រទាំងនេះមាន៖ ចៅពញាតូ , ចៅពញានូ , ចៅពញាច័ន្ទ
- មានបុត្រីមួយអង្គជាមួយមហេសីផ្សេងទៀត ព្រះនាងបុប្ផាវត្តី
២- ព្រះអនុជរបស់ជ័យជេដ្ឋាទី២ គឺព្រះឧទ័យមានបុត្រ៤អង្គ៖ ពញានន់ , ពញាសូ , ពញាតន់ , និង ពញាអ៊ឹម
- ពញានន់ មានបុត្រឈ្មោះ បទុមរាជា
- ព្រះអង្គអ៊ឹម មានបុត្រឈ្មោះ ព្រះអង្គនន់
-ព្រះអង្គ សូ មានបុត្រ បីអង្គគឺ៖ កែវហ្វាអង្គជី , ព្រះអង្គស៊ូ និង ព្រះនាងស្រីធីតារាជ
*ស្តេចសោយរាជចាប់ពីព្រះបាទជ័យជេដ្ឋាទី២មកមាន៖
១) ព្រះបាទជ័យជេដ្ឋាទី២ (១៦១៨-១៦២៨) ចូលទិវង្គតដោយជម្ងឺ
២) ព្រះឧទ័យ (ប្អូនជ័យជេដ្ឋាទី២) គ្រប់គ្រងរាជ្យបណ្តោះអាសន្ន
៣) ពញាតូ (បុត្រព្រះជ័យជេដ្ឋាទី២ សោយទិវង្គតដោយការធ្វើឃាតពីព្រះឧទ័យត្រូវដណ្តើម មហេសីគ្នាព្រះនាងវត្តី (ព្រះនាងវត្តី គូដណ្តឹងព្រះអង្គតូ)
៤) ព្រះអង្គពញានូ (ប្អូនព្រះអង្គតូបុត្រជ័យជេដ្ឋាទី២ សោយរាជ្យបាន៥ឆ្នាំ ចូលទីវង្គតដោយជម្ងឺ)
៥) ព្រះអង្គ នន់ (បុត្រច្បងព្រះឧទ័យសោយរាជ្យ១៦៤២ រំលងបុត្រារបស់ជ័យជេដ្ឋាទី២ គឺព្រះអង្គពញាច័ន្ទ។ ពញាច័ន្ទខឹងសម្លាប់ពញានន់ប្អូនជីដូនមួយនិងឳពុកមា(ព្រះឧទ័យ)
៦) ព្រះអង្គពញា ច័ន្ទ (សោយរាជ្យ ១៦៤២-១៦៥៩)ចូលទីវង្គត់ដោយជំនួយទ័ពយួនរបស់ពញាសូ និង ពញាតន់ (កូនព្រះឧទ័យ និង ជាជីដូនមួយខ្លួន) ចាប់ដាក់ទ្រុងដែកទៅស្រុកយួន ។ ក្រោយមកបញ្ជូនមកវិញសុគតតាមផ្លូវដោយជម្ងឺ)
៧) ព្រះអង្គសូ (បុត្រព្រះឧទ័យឈ្នះសង្គ្រាមឡើងសោយរាជ្យ១៩៥៩ (សោយរាជ១៦ឆ្នាំ) នៅឧដុង្គមានជ័យ។ ព្រះអង្គ សូ ត្រូវកូនប្រសារនិងត្រូវជាក្មួយបង្កើត(កូនព្រះអង្គនន់) ឈ្មោះ បទុមរាជា ក៏ធ្វើគត់ឳពុកក្មេក និងត្រូវជាអ៊ុំខ្លួន ។
- ព្រះអង្គតន់ប្អូនព្រះអង្គសូ ហើយ ត្រូវជាពូព្រះអង្គ បទុមរាជា ក៏នាំព្រះអង្គនន់ជាក្មួយ(កូនព្រះអង្គអ៊ឹម)ទៅស្រុកយួន។
-ព្រះអង្គកែវហ្វ៊ាអង្គជី និងព្រះជ័យជេដ្ឋា អង្គស៊ូ ជាបុត្រាព្រះអង្គសូ
៨) បទុមរាជាកូនអង្គនន់ ត្រូវអគ្គមហេសីព្រះអង្គសូ ដែលខ្លួនយកធ្វើមហិសីក៏ឃុបឃិតជាមួយទ័ពចាមធ្វើគត់ក្រោយសោយរាជ្យបាន៥ខែ
៩)ព្រះអង្គកែវហ្វ៊ាអង្គជី បុត្រាអង្គសូ ជាបងប្រុសនាងស្រីធីតារាជ និងជាបងថ្លៃបទុមរាជាក៏បានសោយរាជ្យបន្ត
-ព្រះអង្គតន់ប្អូនព្រះអង្គសូដែលភៀសព្រះកាយទៅស្រុកយួនក៏នាំទ័ពយួនមកដណ្តើមរាជពីព្រះអង្គកែវហ្វ៊ាអង្គជីជាក្មួយ
-ព្រះអង្គតន់ សុគតដោយជម្ងឺក៏ផ្តាំទ័ពយួនឲ្យវាយដណ្តើមរាជ្យពីព្រះអង្គកែវហ្វ៊ាអង្គជីមកឲ្យព្រះអង្គនន់ជាក្មួយ (កូនព្រះអង្គអ៊ឹម) ឲ្យបាន។
(តពីភាគ១០) សម្តេចព្រះ ជ័យជេដ្ឋា ទូលថា កាលដែលព្រះវរមាតាព្រាត់ទៅទ្រង់ពុំហ៊ានលើកទ័ពវាយប្រហារភ្នំពេញ និង ជ្រោយចង្វានោះទេ ដោយខ្លាចក្រែងលោគេធ្វើទុក្ខបុកម្នេញព្រះវរមាតា។ ប៉ុន្តែបានព្រះវរមាតាយាងចេញផុតមកហើយ និង ចាត់សេនាទាហានឲ្យទៅវាយប្រហារព្រះអង្គ នន់ ។ ស្តេចទាំងពីរព្រះអង្គក៏ទ្រង់ធ្វើដំណើរទៅកាន់បន្ទាយកណ្តោលប្រាំដំឡឹងវិញ។ លុះទៅដល់បន្ទាយកណ្តោលប្រាំដំឡឹងវិញហើយ សម្តេចព្រះជ័យជេដ្ឋាទ្រង់ចាត់ឲ្យកញ៉ា ឧទ័យធិរាជ សោម នាំសេនាទាហានទៅបោះទ័ពនៅចុងក្បែរខាងលិច។
ចំណែកខាងសម្តេចព្រះបុទមរាជា មហាឧបយោវរាជអង្គ នន់ លុះទ្រង់ជ្រាបថា កងទ័ពរបស់ទ្រង់តាមចាប់សម្តេចព្រះ ទាវ ពុំទាន់ ទ្រង់ក៏ខ្ញាល់ខ្លាំងណាស់ ហើយទ្រង់បញ្ជាឲ្យធ្វើទោសប្រហារជីវិត ដល់សេនាទាហានដែលយាមល្បាតព័ទ្ធជុំវិញ ប៉ុន្តែមេទ័ពយួនឈ្មោះ អុងធម្មោ សូមអង្វរករទុកជីវិតក្រុមទាហានទាំងនោះ កែខ្លួនឡើងវិញបានដើម្បីធ្វើការបំរើរាជការ ហើយអាចបញ្ជូនទៅច្បាំងយកជ័យជំនះបាន។ ព្រះអង្គទ្រង់សណ្តាប់ហើយបាត់ខ្ញាល់ ទើបបញ្ជាឲ្យឧកញ៉ាស្រីអធិរាជ្យ សួស និងឧកញ៉ា តេជោស្រី ដឹកនាំទ័ព ១០,០០០នាក់ ឆ្លងទន្លេលើកទ័ពជាពីរផ្លូវ គឺមួយផ្លូវត្រូវទៅចំស្ទឹងទទឹងថ្ងៃ ហើយមួយផ្លូវទៀត តម្រង់ទៅចំក្រុងឧដុង្គមានជ័យ។
ចំណែកឧកញ៉ាឧទ័យធិរាជ សោម និងកងទាហានរបស់លោកខាងព្រះអង្គ ស៊ូ ដែលលើកទ័ពទៅចាំរាំងផ្លូវ បានដឹងថា ទ័ពត្រើយខាងកើត លើកមកជាពីរផ្លូវ ក៏បញ្ជាក្រុមទូកឲ្យទូលព្រះអង្គ ស៊ូ ហើយគេនាំគ្នាចូលទៅសម្ងំក្នុងព្រៃសិន ។ ព្រៃនោះស្ថិតនៅជិតភូមិបែកចាន ក្នុងខេត្តសំរោងទងស្តាំ ។ សម្តេចព្រះជ័យជេដ្ឋាអង្គ ស៊ូ ទ្រង់ជ្រាបហើយក៏បញ្ជាទៅពញាភក្តីសង្គ្រាម ហុក ឲ្យដឹកនាំទាហានចំនួន ១០,០០០នាក់ តម្រង់ទៅក្រុងឧដុង្គមានជ័យ ហើយចាត់ម៉ឺន គាំ ឲ្យនាំសេនាទាហានចំនួន៨,០០០នាក់ ទៅជួយឧកញ៉ាឧទ័យធិរាជនៅខេត្តភ្នំពេញ ។ ខណៈនោះទ័ពជួរខាងហ្លួងរាជ្យបានប្រទះ និង ទ័ពឧកញ៉ា តេជោធម្មោ ខាងព្រះបុទមរាជាអង្គ នន់ នៅវាលប៉ោងក្នុងខេត្តសំរោងទងឆ្វេង។ ទ័ពទាំងសងខាងបានច្បាំងគ្នានៅទីនោះយ៉ាងសាហាវ ។ ពេលនោះចៅពញា ហុក បញ្ឈប់ទ័ពមួយអន្លើសិន ទើបចាត់ទ័ពជាបីកងគឺៈ
១- កងកណ្តាល លោកបញ្ជាឲ្យទៅជួយវាយផ្ទប់ជាមួយ និង ទ័ពស្រួចខាងហ្លួងគ្រងរាជ្យ។
២-៣-ឯទ័ពឆ្វេងស្តាំ គឺទ័ពក្របីវាយផ្ទប់ទាំងសងខាងទ័ពទាំងបីកង លើកសង្ខុញសំរុករុលចូលប្រដាប់ ស្នា ធ្នូ សម្លាប់យ៉ាងកងរំពង។
ឯទ័ពខ្មែរយួនដែលមានចំនួនច្រើន កាលបើត្រូវគ្រាប់រំសេវស្លាប់មីរដេរដាស់ច្រើនពន់ប្រមាណនោះ ទ្រាំពុំបាន ក៏បរាជ័យរត់បែកខ្ញែកខ្ចាត់ខ្ចាយអស់ទៅ ។
ចំណែកម៉ឺន គាំ និង សេនាទាហាន ៨,០០០នាក់ បានទៅជួយច្បាំងខាងទ័ពឧកញ៉ាជ័យធិរាជ តតាំង និងទ័ពយួនខ្មែរ នៅត្រង់ភូមិបែកចាន ។ ម្តងនេះទៀតទ័ពខាងព្រះអង្គ នន់ ទទួលបរាជ័យបែកខ្ចាត់ខ្ចាយឆ្លងទន្លេទៅជ្រោយចង្វាវិញ ។ ខ្លះទៀតរត់ឆ្លងទៅ មិនទាន់ត្រូវទ័ពខាងពញា ហុក ទាំងទ័ពខាងឧកញ៉ាឧទ័យធិរាជ កាប់សម្លាប់ទាំងយួនទាំងខ្មែរ ហើយនិងចាប់បានទូកជាច្រើនទៀត ។ រួចហើយក្រុមទ័ពទាំងពីចម្លងទាហានទៅវាយបន្ទាយជ្រោយចង្វាបន្តទៅទៀត។
ទ័ពខ្មែរយួនទាំងនោះ ពុំហ៊ានចេញមកតតាំងច្បាំង និង ទ័ពខាងព្រះអង្គ ស៊ូ ទេក៏នាំព្រះអង្គ នន់ ចុះនាវារត់ចោលបន្ទាយជ្រោយចង្វាឆ្លងទៅតាំងបន្ទាយនៅល្វាឯម បន្ទាប់មកព្រះអង្គ នន់ ទ្រង់នាំទ័ពទៅបោះបន្ទាយនៅឯខេត្តស្រីសឈរ ឯនោះវិញ។
លុះវាយកម្ទេចបន្ទាយជ្រោយចង្វាបានហើយ មេទ័ពទាំងពីរ គឺចៅពញ៉ា ហុក និងឧកញ៉ាធិរាជ សោម បានប្រមូលផ្តុំទ័ព និងគ្រឿងសាស្ត្រាវុធ រួចកៀរគ្រួសារអ្នកស្រុកឲ្យមករស់នៅត្រើយខាងភ្នំពេញនេះវិញ។បន្ទាប់មកគេចាត់ឲ្យឧកញ៉ាម៉ឺនចោម ចៃចុងរក្ស និងសេនាទាហានពីរនាក់ ទៅទូលព្រះជ័យជេដ្ឋាអង្គ ស៊ូ នៅឯព្រះពន្លាកណ្តោលប្រាំដំឡឹងឯនោះ ។ លុះព្រះអង្គ ស៊ូ ទ្រង់ជ្រាបពីការជោគជ័យនោះហើយ ទ្រង់ព្រះអំណរខ្លាំងណាស់ ទ្រង់ថ្លែងកោតសរសើរដល់មេទ័ពទាំងពីរ ព្រមទាំងសរសើរចៅភក្តីសង្គ្រាម ហុក ថាជាអ្នកមានសមត្ថភាពពេញបរិបូរណ៍ ល្មមទាំងធ្វើជាសេនាបតីបាន ទើបព្រះជ័យជេដ្ឋាអង្គ ស៊ូ ប្រទានសំពត់ហូល៥ដែលមានជរបីជាន់អាវផាយពីរប្រអប់ដាក់ថង់រងមួយសម្រាប់ ហើយពានដាក់ថង់រងនោះផង ដាវដងប្រាក់មួយ ប្រទានទៅចៅពញ៉ា ហុក ទុកជាគ្រឿងឥស្សរិយយសលើកទឹកចិត្ត។
ឯឧកញ៉ាឧទ័យធិរាជ សោម ទ្រង់ប្រទានសំពត់ហូលបី មានជរបីជាន់ អាវផាយមួយប្រអប់ប្រាក់បញ្ចុះថ្នាំរាជាវតីមួយសម្រាប់ជារង្វាន់លើកទឹកចិត្ត រួចហើយទ្រង់ប្រទានសំពត់ប្រាក់ជាច្រើន ជារង្វាន់ដល់នាយទ័ព តាមការហត់នឿយហើយនឹងកិច្ចការរាជការដែលគេបានបំរើ ។ រង្វាន់ទាំងអស់នោះទ្រង់ចាត់ទុកឲ្យម៉ឺនចោម ចៃចុងរក្ស នាំទៅជូនមេទ័ពទាំងពីរ ហើយ និង មេទ័ពទាំងនោះ។ ព្រះជ័យជេដ្ឋាអង្គ ស៊ូ បានសម្តែងសេចក្តីទុកចិត្តលើមេទ័ពទាំងពីរ ដែលបញ្ជាឲ្យយាមល្បាតគយគន់មើលស្រុកភ្នំពេញ កុំឲ្យសត្រូវចូលបាន។ បន្ទាប់មកព្រះអង្គ ស៊ូ ទ្រង់លើកព្រះរាជវាំងមកនៅក្រុងឧដុង្គមានជ័យវិញ ហើយទ្រង់បញ្ជាឲ្យសេនាទាហានយាមល្បាតតាមទន្លេរហូតដល់ជ្រោយចង្វាបង្កាក្រែងកងទ័ពខាងព្រះបុទមរាជាអង្គ នន់ លើកមកតាម។
នៅឆ្នាំ រោង សំរិទ្ធស័ក គ.ស ១៦៨៨ ព្រះអង្គ អី ជាព្រះរាជទេពី របស់សម្តេចព្រះជ័យជេដ្ឋាអង្គ ស៊ូ ប្រសូតបានបុត្រីមួយអង្គព្រះនាមអនុជជាតិក្សត្រី ។ នៅឆ្នាំនោះព្រះអង្គ ស៊ូ មានអាពាធកើតអុតធំ ហើយក៏បានបង្វែររាជសម្បត្តិទៅថ្វាយព្រះវរមាតា គ្រងរាជ្យជំនួសបីខែ ។ លុះបានជាសះស្បើយពីរោគាពាធនោះហើយទ្រង់មានទ័យជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ចង់បំពេញផ្នួសជាភិក្ខុនៅវត្តព្រះសុគន្ធមានបុណ្យចំនួនមួយសប្តាហ៍ ។ លុះដល់ឆ្នាំ ម្សាញ់បញ្ចស័ក គ.ស ១៦៨៩ មាននាយទ័ពពីរនាក់ គឺសម្តេចចៅពញា នូ និង ចិន តាន់ចុងអៀ តូចចិត្តនឹងព្រះជ័យជេដ្ឋាពីការខំប្រឹងនឿយហត់ខ្លាំងក្នុងកិច្ចការសង្គ្រាមជាច្រើនលើក ច្រើនគ្រាណាស់ក៏នៅតែព្រះអង្គ ស៊ូ មិនទំនុកបំរុងឲ្យសមតាមគុណបំណាច់ដែលអ្នកទាំងពីរបានធ្វើពលីកម្មនោះទេ ។ ផ្ទុយទៅវិញទ្រង់ប្រទានតែដល់ចៅពញា ហុក និង ឧកញ៉ាឧទ័យធិរាជ សោម ជារង្វាន់ដ៏ច្រើន។
មេទ័ពទាំងពីទ្រាំនៅពុំបាន ក៏បញ្ចុះបញ្ចូលបក្សពួកអ្នកស័គ្រចិត្តបានចំនួន ១៥០នាក់ រត់ទៅចូលខាងព្រះអង្គ នន់ ឆ្លងទៅខាងត្រើយល្វាឯម ។ សម្តេចព្រះបុទមរាជាអង្គ នន់ ទ្រង់ទទួលរាក់ទាក់ឲ្យចូលជាបក្សពួករបស់ខ្លួន ហើយទ្រង់សរសើរថា សម្តេចចៅពញា នូ នេះជាមនុស្សចាស់តាំងពីសម្តេចព្រះវរមាតាបិតារបស់ទ្រង់មក ដូច្នេះនាយទ័ពទាំងនេះគួរបានទទួលរាប់អាន។
បន្ទាប់ពីនាយទ័ពទាំងពី រត់ចូលទៅខាងសត្រូវជាយូរបន្តិចមកទើបពលសេនាខាងព្រះអង្គ ស៊ូ បានដឹងថាអ្នកទាំងពីរក្បត់ហើយគេនាំយករឿងនេះទូលព្រះជ័យជេដ្ឋាអង្គ ស៊ូ ឲ្យទ្រង់ជ្រាប។
បន្ទាប់ពីបានស្តាប់ហេតុការណ៍ ចំឡែកនោះមកព្រះអង្គ ស៊ូ ទ្រង់ខ្ញាល់ខ្លាំង ហើយក៏ទ្រង់ត្រាស់ឲ្យប្រមូលកងសេនាទាហានហើយស្បៀងអាហាររៀបចំទូកសំប៉ាន ព្រមទាំងគ្រឿងសាស្ត្រាវុធ ឲ្យលើកទៅវាយទ័ពខាងព្រះបុទមរាជាអង្គនន់ ។ ពេលនោះព្រះអង្គ នន់ ទ្រង់ជ្រាបដំណឹងអំពីការដែលព្រះអង្គ ស៊ូ លើកទ័ពមកក៏ព្រះអង្គ នន់ រីករាយសប្បាយក្នុងព្រះទ័យខ្លាំងណាស់មានអំនួតឡើងថា ព្រះជ័យជេដ្ឋាអង្គ ស៊ូ នេះច្បាស់ជាថយកម្លាំងហើយ ពីព្រោះសម្តេចចៅពញា នូ ហើយនិង ចិន តាន់ចុងអៀ ដែលជាអ្នកមានទ្រព្យសម្បត្តិច្រើននោះ បានរត់ភឿសខ្លួនមកខាងយើងហើយ។ បន្ទាប់មកព្រះអង្គ នន់ ក៏រៀបចំទ័ពទីងប្រកបដោយពលសេនាសន្ធឹកសន្ធាប់ ចេញទៅទទួលតតាំង ដើម្បីកុំឲ្យសត្រូវឆ្លងទន្លេមកបានឲ្យសោះ ។
ទ្រង់មានគំនិតថា ដេញព្រះជ័យជេដ្ឋាអង្គ ស៊ូ នោះឲ្យខ្ចាត់ចេញពីនគរ ហើយទ្រង់មានបំណងទៅគង់ក្នុងព្រះបរមរាជវាំងឧដុង្គមានជ័យវិញ ។ ពេលនោះ អុងធម្មោយល់ព្រមហើយព្រះអង្គក៏ព្រមចាត់ឲ្យសម្តេចចៅពញា នូ ហើយនិង ចិន តាន់ចុងអៀ ដឹកនាំទ័ពចេញតាមផ្លូវត្រី នៅត្រើយល្វាឯមទើបរៀបចំកងទ័ព ឲ្យទៅវាយបំបែកកងបន្ទាយជ្រោយចង្វា។ ពេល នោះចៅពញា ហុក ដែលនៅប្រចាំការបន្ទាយជ្រោយចង្វា កាលបើឃើញទ័ពត្រើយខាងកើតច្រើនសន្ធឹកសន្ធាប់មកហើយ ក៏គិតស្មានថា ស្តេចព្រះបុទមរាជាអង្គ នន់ ស្តេចមកជាមួយផងដែរក៏ពុំហ៊ានចូលទៅច្បាំងទេ បែរជានាំទ័ពឆ្លងពីបន្ទាយជ្រោយចង្វាមកចូលរួមទ័ពជាមួយឧកញ៉ាឧទ័យធិរាជ សោម នៅភ្នំពេញវិញ មេទ័ពទាំងពីរប្រឹក្សា និង នាយទ័ពថា ព្រះអង្គ នន់ លើកទ័ពមកម្តងនេះ មានចំនួនច្រើនលើសលប់ណាស់ ហើយគេពុំមានឃើញមានទ័ពបន្ថែមជួយពីសម្តេចព្រះជ័យជេដ្ឋាអង្គ ស៊ូ ទៀតផង។ ដូច្នេះហើយទើបគេចាត់សេនាមួយកងឲ្យទៅសុំទ័ពបន្ថែមពីព្រះអង្គ ស៊ូ ទៀត ។
មេទ័ពទាំងពីរថយទ័យឲ្យឆ្ងាយពីទន្លេចតុមុខ បន្តិចទុកតែទ័ពចំនួន២,០០០នាក់ ចាំរក្សាបន្ទាយភ្នំពេញ និងចាំទទួលច្បាំង និង ទ័ពត្រើយខាងកើត ដើម្បីកុំឲ្យទ័ពនោះឆ្លងឡើងគោកមករួច ទំរាំកងទ័ពបន្ថែម បញ្ជូនពីក្រុងឧដុង្គមានជ័យមកដល់លុះបានប្រឹក្សាយល់ព្រមតាមពាក្យសំដីរួចស្រេចអស់ហើយ គេថយទ័ពទៅបោះនៅស្ទឹងទទឹងថ្ងៃ ។ ពេលនោះព្រះអង្គ ស៊ូ ទ្រង់បញ្ជាឲ្យបញ្ជូនបន្ថែមទ័ពជើងទឹកចំនួន ៨,០០០នាក់ និងទ័ពជើងគោកចំនួន ៥,០០០នាក់ ប៉ុន្តែមិនទាន់មកដល់ភ្នំពេញនៅឡើយទេ។
ទ័ពយួនខាងព្រះអង្គ នន់ នាំគ្នាឆ្លងមកដល់ភ្នំពេញ ប៉ុន្តែមិនទាន់ប្រទះគ្នាទេ ពីព្រោះទ័ពចំនួន ២,០០០នាក់ របស់ចៅពញា ហុក និង ឧកញ៉ាឧទ័យធិរាជ ដែលនៅរក្សាបន្ទាយភ្នំពេញនោះមិនហ៊ានចូលប្រយុទ្ធ ក៏ដោះខ្លួនទៅរួមចូលជាមួយកងទ័ពធំ ។ទ័ពយួនលើដេញតាមច្បាំងនៅស្ទឹងទទឹងថ្ងៃទៀត ចៅពញា ហុក និង ឧកញ៉ា ឧទ័យធិរាជ ដឹកនាំកងទ័ពចូលប្រយុទ្ធកាប់សម្លាប់មីរដេរដាស នៅត្រង់មាត់បឹងខាងកើតស្ទឹងទទឹងថ្ងៃ ។ ទ័ពយួនទ្រាំពុំបានក៏ដោះខ្លួនថយទៅបន្ទាយជ្រោយចង្វា ហើយខ្លះទៀត ទៅត្រើយល្វាឯម ។
No comments:
Post a Comment