Wednesday, February 1, 2017

៣- ការជ្រើសរើសទីតាំងប្រាសាទ


ការជ្រើសរើសទីតាំងរបស់ប្រាសាទខ្មែរ ពុំមែនធ្វើឡើងដោយចៃដន្យ ឬក៏ដោយស្មានៗទេ គឺធ្វើឡើង ដោយមានការត្រិះរិះ វិភាគពិចារណាដោយមានការសិក្សាយ៉ាងច្រើនត្រឹមត្រូវតាមក្បូនហោរាសាស្ត្រ អាចារ្យ ស្ថាបត្យកម្មនិងអ្នកឧបត្ថមចូលរួមផង (៣៧)។ ទីតាំងរបស់ប្រាសាទកសាងឡើងច្រើនស្ថិតនៅក្នុងតំបន់ដែលមាន លក្ខណៈភូមិសាស្ត្រល្អប្រសើរទាំងផ្នែកកសិកម្ម គមនាគមន៍ និង ការការពារ ។
ការកសាងប្រាសាទវិវត្តន៍តានសម័យរបស់សង្គម ។ ប្រាសាទខ្លះត្រូវបានគេសង់ឡើងជាក្រុមៗដូចជា ៖ ក្រុមប្រាសាទសម្បូណ៍ព្រៃគុក រីឯប្រាសាទខ្លះទៀតត្រូវបានកសាងទោលដូចជា ៖ ប្រាសាទភូមិប្រាសាទ ប្រាសាទ ត្នោតជុំ ៘
ប្រាសាទជាច្រើនកសាងឡើងនៅលើដីផ្ទៃរាបនិងនៅលើកំពូលភ្នំ (៣៨)។ ការមកតាំងទីលើវាលរាបតម្រូវ អោយស្ថាបត្យករកសាងប្រាសាទភ្នំ ដែលរក្សាបានលោកទស្សនៈបែបព្រហ្មញ្ញសាសនាដដែល ។
៤- ការកំណត់ឈ្មោះប្រាសាទ
ប្រាសាទខ្មែរទាំងឡាយជាទូទៅទោះបីជាសំណង់នោះសង់តូចក្តី ធំក្តីសង់នៅលើផ្ទៃដីវាលរាប ឬក៏សង់នៅ លើកំពូលភ្នំធម្មជាតិក្តី គឺតែងតែមានឈ្មោះជាដរាប ។ យើងអាចដឹងឈ្មោះពិតប្រាកដបានតាមរយៈអត្ថបទរបស់ សិលាចារឹកដែលកំណត់ទិសដៅច្បាស់លាស់ចំពោះតួប្រាសាទទាំងនិមួយៗ ដោយឡែកតាមគ្រាមភាសា យោលទៅ លើអ្វីដែលប្រជាជនបានឃើញតាមការជាក់ស្តែងជាភស្តុតាងដោយចៃដន្យ ឬការនិយមហៅតៗគ្នាពីដូនតា (៤០)។
ឧទាហរណ៍ ៖ ដូចជាប្រាសាទសម្បូណ៍ព្រៃគុក នៅក្នុងស្រុកសម្បូណ៍ ខេត្តកំពង់ធំ ។
ចំពោះក្រុមប្រាសាទសម្បូណ៍ព្រៃគុក អ្នកប្រាជ្ញជំនាន់មុនៗបានកំនត់បែងចែក ក្រុមប្រាសាទទាំងនោះជាបី ក្រុមធំៗខុសគ្នា និងមានក្រុមតូចៗដទៃជាច្រើនទៀតដូចជា ៖
1-      ក្រុមប្រាសាទខាងជើង (ប្រាសាទសម្បូណ៍)
2-      ក្រុមប្រាសាទកណ្តាល (ប្រាសាទតោ)
3-      ក្រុមប្រាសាទខាងត្បូង (ប្រាសាទនាគព័ន្ធឬយាយព័ន្ធ)
ក្រុមប្រាសាទតូចៗមាន ៖
-          ក្រុមប្រាសាទរបងរមាស
-          ក្រុមប្រាសាទ ឬស្សីកែវ....។
៥- បណ្តាញធារាសាស្ត្រ
ទឹកគឺជាជីវិត ។ នាសម័យបុរាណក៏ដូចជាសម័យបច្ចុប្ប្ន ស្រះទឹកគូទឹក បារាយណ៍ និង ប្រព័ន្ធធារាសាស្ត្រ ដទៃទៀតជាកត្តាចំបងមិនអាចខ្វះបានហើយដែលបានកសាងឡើងនាសម័យកាលរុងរឿងតែងមានស្រះ គូ ប្រព័ន្ធ ធារាសាស្ត្រផ្សេងៗ សំរាប់បញ្ចោញទឹក បណ្តាញផ្លូវទឹកជាច្រើនទៀតដែលផ្សាភ្ជាប់ទៅនឹងសំណង់ប្រាសាទ (៤១)។   សម័យចេនឡា នយោបាយទឹកមានសភាពរឹតតែប្រសើរឡើងថែមទៀត ជាកត្តាដែលនាំអោយមានការកសាងទី ក្រុងធំៗ នៅក្បែរមាត់ស្ទឹង និងញ៉ាំងអោយកសិកម្មមានការរីកចំរើនជាលំដាប់ ។
ឧទាហរណ៍ ៖ ក្រុង ឦសានបុរី ត្រូវបានកសាងនៅក្បែរស្ទឹងសែន ឯទឹកស្ទឹងនោះត្រូវបង្ហូរចូលក្នុស្រះព័ទ្ធ ជុំវិញក្រុង និងក្នុងអាងទឹកឯទៀតៗ ក្នុងផ្ទៃក្រុង ។ ទម្លាប់របៀបនេះអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយមាន លទ្ធភាពពង្រីងដីដាំ ដំណាំ និងជាផ្លូវគមនាគមន៍សំរាប់បំរើទាំងជីវភាពប្រចាំថ្ងៃទាំងវិស័យសេដ្ឋកិច្ច ។
បច្ចុប្បន្នបណ្តាញធារាសាស្ត្រនេះ ក៏ជាមុខព្រួញមួយយ៉ាងសំខាន់ដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុក ដាក់សំរាប់ធ្វើការអភិវឌ្ឍន៍ដោយឈរលើកសិកម្ម ។

្វ។ វិស័យស្ថាបត្យកម្ម
១- ស្ថានភាពទូទៅរបស់ប្រាសាទ
ប្រាសាទសម្បូណ៍ព្រៃគុកជាសំណង់ប្រាសាទមួយក្រុម ដែលបានសាងសង់ឡើងអំពីឥដ្ឋបែបលក្ខណៈនៃ សំណង់ទោល ស្ថិតនៅរាយប៉ាយក្បែរៗគ្នាក្នុងកំពែងធំរួមមួយដែលរុំព័ទ្ធពីខាងក្រៅ ។ តាមការសិក្សាពីលើយន្តហោះ កំពែងខាងក្រៅនេះមានរូបរាងជាទួលទំនប់និងគូទឹក (៤៣)។ ប្រាសាទនេះត្រូវបានអ្នកស្រាវជ្រាវបែងចែកជាបីក្រុម តាមរយៈនៃការសាងសង់កំពែងខាងក្នុងពីរជាន់ព័ទ្ធជុំវិញដាច់ដោយឡែកពីគ្នាគឺគ្រុមប្រាសាទកណ្តាល ក្រុមប្រាសាទ ខាងត្បូង និងក្រុមប្រាសាទខាងជើងរួមជាមួយនឹងប្រាសាទបន្ទាប់បន្សំមួយក្រុមទៀត ។ ក្រុមប្រាសាទកណ្តាល ជាសំណង់ដែលមានលក្ខណៈពិសេសជាងឡេ ដោយបានសាងឡើងនៅចន្លោះនិងរំកិលទៅខាងក្រោយបើគិតតាម អ័ក្សជើងត្បូងនៃប្រាសាទពីរក្រុមទៀតនោះ (៤៤)។
គោលដៅចំបងរបស់យើងខ្ញុំក្នុងនិក្ខេបបទនេះ គឺសិក្សាលើសំណង់នៃក្រុមប្រាសាទខាងត្បូង ។ គេជឿថា សំណង់ប្រាសាទសម្បូណ៍ព្រៃគុកក្រុមខាងត្បូងប្រហែលជាត្រូវបានសាងឡើងក្នុងរជ្ជកាលនៃព្រះបាទ ឦសានវរ្ម័នទី១ (៤៤) ឯក្រុមប្រាសាទកណ្តាលប្រហែលជាសាងឡើងក្នុងពេលក្រោយ (៤៦)។
១-១- ប្លង់ ៈ តាមធម្មតាសំណង់ស្ថាបត្យកម្មប្រាសាទ ត្រូវបានសាងឡើងដោយមានតួប៉មទោលរាងចតុ កោណ ហើយព័ទ្ធជុំវិញដោយគូទឹកនិងមានផ្លូវចូលតាមខ្សែទិសអ័ក្សនៃសំណង់ប្រាសាទ (៤៧)។
បើពិនិត្យលើគំនូរប្លង្ល់របស់លោក Parmentier (៤៨)  និងតាមរូបភាពជាក់ស្តែង យើងសង្កេតឃើញថា ក្រុមប្រាសាទសម្បូណ៍ព្រៃគុកជាសំណង់មួយបែបដែលសង់ឡើងដោយប្រើប្រាស់ប្លង់តាមគោលការណ៍ យកចំនុច កណ្តាលជាធំ ។ ថ្វីត្បិតតែគោលការណ៍នេះ ជាចំណែកមួយបង្ហាញពីការវិវត្តផ្នែកស្ថាបត្យកម្មខ្មែរនាសម័យអង្គរ ពិសេសចំពោះសំណង់សំរាប់រាជក៏ដោយ (៤៩)។ ដូចគ្នានោះលោកសាស្ត្រាចារ្យ Bruno Brugier បានបញ្ជាក់ថា វិស័យសំណង់ស្ថាបត្យកម្មខ្មែរនាសម័យមុនអង្គរ ពិសេសសំណង់ប្រាសាទសម្បូណ៍ព្រៃគុកជាសំណំង់ដែលសាងឡើង ដោយមានភាពជាប្លង់សាំញ៉ាំ រាយប៉ាយ តែសាងឡើងក្បែរៗគ្នាបង្កើតបានជាក្រុមប្រាសាទមួយបង្ហាញជារូបភាព សំណង់ប៉មប្រាសាទ ដែលប្រើប្រាស់ប្លង់យកចំណុចកណ្តាល (តួប៉មកណ្តាល ) ជាធំ ហើយរណបដោយតួប៉មបន្ទាប់ បន្សំមួយចំនួនព័ទ្ធជុំវិញ ។
១-២- ការរៀបចំតួប៉ម ៈ សំណងស្ថាបត្យកម្មប្រាសាទបុរាណខ្មែរពុំមែនជាលំនៅដ្ឋានរបស់ព្រះរាជា តែជាសំណង់សំរាប់បំរើក្នុងវិស័យសាសនា ។ តាមលំនាំទស្សនៈដែលទទួលបានអំពីឥទ្ធីពលឥណ្ឌា ស្ថាបត្យករខ្មែរ ច្រើនសាងសង់សំណង់ប្រាសាទដាច់ដោយឡែកពីគ្នា ដូចជាតួប៉មកណ្តាលសំរាប់តំកល់ទេវរូបសំខាន់រណបដោយ តួប៉មបន្ទាប់បន្សំតិច ឬច្រើន សំរាប់តំកល់ទេវរូបបន្ទាប់បន្សំព័ទ្ធជុំវិញដោយកំពែងមួយ ឬច្រើនជាន់ព្រមទាំងមាន ក្លោងទ្វារ ដែលសាងជាសំណងបង្រួមខ្នាតតាមអ័ក្សនៃតួប៉មកណ្តាល (៥០)។ ជាទូទៅស្ថាបត្យកម្មខ្មែរមុនសម័យអង្គរ តួប៉មភាគច្រើនជាសំណង់ទោលជួនកាលមានប៉មពីរប្រឈមមុខគ្នា និងខ្លះទៀតមានប៉មប្រាសាទបីតំរៀបគ្នាជា  ជួរ (៥១)។
ក. ប្រាសាទក្រុមកណ្តាល ៈ ប្រាសាទក្រុមកណ្តាលនេះមានតួប៉មកណ្តាលមួយឈ្មោះថា ប្រាសាទតោ ដែល ព័ទ្ធជុំវិញដោយកំពែងពីរជាន់ ។ កំពែងខាងក្នុងធ្វើអំពីថ្មបាយក្រៀម មានបណ្តោយប្រមាណ ១៤៨ម៉ែត្រ និង ទទឹង ប្រហែល ១៦៩ ម៉ែត្រ ព្រមទាំងកំពស់ ២,៤០ម៉ែត្រ ។ កំពែងខាងក្រៅបានសាងឡើងអំពីឥដ្ឋមានបណ្តោយ ប្រមាណ ២៨៤ ម៉ែត្រ និង ទទឹងប្រហែល ២៧០ម៉ែត្រ ព្រមទាំងកំពស់ប្រមាណ ២,១០ម៉ែត្រ ។ នៅផ្នែកខាងលិច នៃកំពែងខាងក្រៅ យើងសង្កេតឃើញថាមានតួប៉មប្រាសាទចំនួន ៤ ដែលត្រូវទទួលរងការខូចខាតយ៉ាងដំណំដោយ សារ រុក្ខជាតិនិងការជីកគាស់រកកំណប់របស់មនុស្ស ។ លោក Parmentier ចាត់ទុកជាសំណងក្នុងក្រុមប្រាសាទ កណ្តាលដែរ (៥១)។ នៅចន្លោះកំពែងជាន់ទីមួយនិងជាន់ទីពីរជ្រុងឦសាននៃប្រាសាទតោ ស្ថាបត្យករបានជីកស្រះ ទឹកធំមួយមានបណ្តោយប្រវែង ៤២ ម៉ែត្រ និង ទទឹងប្រវែង ៣៥ ម៉ែត្រ មានជំរៅ ៥,៥០ម៉ែត្រ ។ ចំពោះស្រះទឹក មានរៀបថ្មបាយក្រៀមព័ទ្ធជុំវិញមាត់ស្រះ និងមានកាំជណ្តើរនៅគ្រប់ជ្រុងទៀតផង ។ ប្រជាជនបានដាក់ឈ្មោះ ស្រះនេះថា “ស្រះនាងពៅ ” (សូមមើលរូបទី២) ។
ខ. ប្រាសាទក្រុមខាងត្បូង ៈ ជាសំណង់ដែលសង់ឡើងមានតួប៉មកណ្តាលមួយមានឈ្មោះហៅថា ប្រាសាទ នាគព័ន្ធ និង តួប៉មបន្ទាប់បន្សំចំនួន ៧ ទៀតដែលការពារដោយកំពែងពីរជាន់ព័ទ្ធជុំវិញដូចប្រាសាទក្រុមកណ្តាល ដែរ ។ កំពែងខាងក្នុងត្រូវបានសាងឡើងអំពីឥដ្ឋមានបណ្តោយប្រវែង ១៦៣ម៉ែត្រ និងទទឹង ១៦២ ម៉ែត្រ ព្រមទាំងមានកំពស់ប្រមាណ ៣,៤០ម៉ែត្រ និង ទទឹងប្រហែល ២៤១ម៉ែត្រ និងមានកំពស់ ១,៧០ម៉ែត្រ ។ នៅផ្នែកខាងក្រៅភាគខាងកើតនៃកំពែងទាំងពីរជាន់នេះ មានស្រះទឹកធំមួយដែលមានឈ្មោះហៅថា “ស្រះនាគព័ន្ធ ឬស្រះយាយព័ន្ធ ” ។ ស្រះទឹកនេះមានរាងចតុកោណស្មើ ដែលជ្រុងនីមួយៗមានតំរៀងថ្មបាយក្រៀមប្រវែង ៣៧ ម៉ែត្រ និងជំរៅ ៣ ម៉ែត្រ ហើយនៅខាងជើងនៃស្រះនាគព័ន្ធនេះក៏មានតួប៉មប្រាសាទឥដ្ឋរាងជាចតុកោណមួយផង ដែរ ។

១-៣- សម្ភារៈសំណង់
អ្នកស្រាវជ្រាវបានបែងចែកសិល្បៈខ្មែរនាសម័យមុនអង្គរ និងសម័យអង្គរដោយសារមានការអះអាងជា ច្រើន ដូចជាការវិវត្តផ្នែកនយោបាយទឹក ផ្នែកសំណង់ស្ថាបត្យកម្មជាដើម ។ ប៉ុន្តែការប្រើប្រាស់សម្ភារៈសំណង់ក៏ត្រូវ បានកាត់ផ្តាច់ផងដែរ តាមការសង្កេតលើការនិយមប្រើសម្ភារៈក្នុងការសាងសង់ ។ នាសម័យមុនអង្គរឥដ្ឋមានតួនាទី សំខាន់ណាស់ ព្រោះថាស្ទើរទាំងអស់ត្រូវបានសាងឡើងអំពីឥដ្ឋ លើកលែងតែប្រាសាទមួយចំនួនទេដែលសាងអំពី ឥដ្ឋថ្ម ដូចជាអាស្រមមហា ឬស្សីជាដើម ។ រីឯថ្មភក់គ្រាន់តែមានតួនាទីជាសម្ភារៈបន្ទាប់បន្សំសំរាប់ប្រើជាស៊ុំទ្វារ សសរពេជ្រ ផ្តែរទ្វារ និង មម្រាលចម្លាក់ (៥៣) ប៉ុណ្ណោះ ។
ឥដ្ឋដែលគេប្រើមុនសម័យអង្គរមានទំហំធំៗ ភ្ជាប់ពីមួយទៅមួយដោយដុសអោយស្មើសាច់រួចភ្ជាប់ត្រួត លើគ្នា ជួនកាលគេប្រើជ័រឈើលានជាមួយម្សៅឥដ្ឋ សំរាប់ភ្ជាប់គ្នា (៥៤) (រចនាបថភ្នំដានិងសម្បូណ៍ព្រៃគុក)។ នាសម័យសម្បូណ៍ព្រៃគុកនេះក៏មានលេចចេញផងដែរនូវការប្រើប្រាស់កំបោរបាយអ សំរាប់ពាសលើរូបចម្លាក់ថ្ម បាយក្រៀម ដែលគេយកមកប្រើប្រាស់ជាសំណងគ្រឹះ និងកំពែង ។ រីឯឈើក៏ជាសម្ភារៈសំណង់មួយដ៏សំខាន់ដែរ សំរាប់ប្រើប្រាស់ក្នុងផ្នែកពិដាន ឬធ្នឹមសំរាប់គ្រឿង ។
២. លក្ខណៈនៃការរៀបចំតួប៉ម
ក្នុងផ្ទៃរាងចតុកោណនៃសំណង់ស្ថាបត្យកម្ម ស្ថាបនិកបានបង្កើតអោយមានតួប៉មមួយ ឬច្រើន (តួប៉ម សំខាន់គឺតួប៉មកណ្តាល ) ដោយសារបែរមុខទៅរកទិសខាងកើត លើកលែងតែសំណង់មួយចំនួនដែលបែរមុខទៅ រកទិសផ្សេង អាស្រ័យដោយទីតាំងមិនអំណោយផង (៥៥)។
តាមធម្មតាតួប៉មទាំងឡាយត្រូវបានគេសាងអោយមានបន្ទប់សក្ការៈខ័ណ្ឌដោយជញ្ជាំងយ៉ាងក្រាស់ មាន រាងជាចតុកោណស្មើ ព្រមទាំងមានក្បាច់សារពើសូត្រតិច ឬ ច្រើននៅផ្នែកខាងក្រៅ ហើយត្រូវបានសង់នៅលើ ខឿនមួយដែលរូបភាពនេះត្រូវបានបន្តរហូតមកដល់សម័យអង្គរ (៥៦)។
២-១- ប្រាសាទក្រុមកណ្តាក
            ក. តួប៉មកណ្តាល ៖ តួប៉ម   ជ1 ជាតួប៉មកណ្តាលដែលមានឈ្មោះថា “ប្រាសាទតោ” មានសភាពស្ថិត នៅល្អគង់វង្សជាងគេ មានទីតាំងស្ថិតនៅចន្លោះកណ្តាលបរិវេណកំពែងពែរមុខទៅទិសខាងកើត ។ តួប៉មនេះមាន រាងជាចតុកោណកែង មានបណ្តេយ្តាសន្ធឹងពីកើតទៅលិចប្រវែង ៨,៣៥ ម៉ែត្រ និងទទឹងពីជើងទៅត្បូងប្រវែង ៥,៥៦ ម៉ែត្រ ហើយមានកំពស់ ១៨ ម៉ែត្រ ជញ្ជាំងកំរាស់ ២,៥០មែ់ត្រ (៥៧) ឯបន្ទាប់ខាងក្រៅ់លំអដោយសសរ ផ្អោបប្រក់ដោយពិដាន (៥៨) និងទ្រដោយក្បាច់រាងទំពក់ (សូមមើលរូបទី១១)។ ដំបូលផ្នែលខាងលើនៃសំណង់ដ៏ តូចនេះ ត្រូវបានកសាងឡើងតាមវិធីតំរៀបឥដ្ឋបង្រួមខ្នាតពីក្រៅចូលក្នុង ។ ខឿនមានសណ្ឋានធំទូលាយដែលមាន លំនាំដូចនៅកោះជ្វា (៥៩)។ ឯខឿនជណ្តើរទ្ររូបតោពីរទៀតផង (សូមមើលរូបទី១៣) ។ សសរចាប់មានរាងប្រាំបី ជ្រុង ការលំអលើសសរនេះជាក្បាច់ខុសៗគ្នា ដូចគ្នានិងការលំអនាសម័យអង្គរដែរ ។ ផ្តែរទ្វារនៅទ្វារបញ្ឆោតខាង ជើង និងខាងត្បូងគ្មានបង្ហាញក្បាច់សសរទេ ឯសសរពេជ្រក៏ត្រូវបានប្តូររូបភាពដែរ ព្រោះរូបភាពមេដាយទាំង ប្រាំនោះត្រូវបានលំអជាក្បាច់ភ្ញី ផ្តែរទ្វារសំខាន់នៅទិសខាងកើត ដែលត្រូវទទួលរងនូវការខូចខាតយ៉ាងខ្លាំង ។ អង្កត់ធ្នូដែលនៅលើផ្តែរទ្វារបានលៀនចេញ ដូចទៅនឹងការលំអនៃក្បាច់ខាងលើរបស់សសរផងដែរ។ រចនាសម្ព័ន្ធ ថ្នាក់ខាងលើមានសភាពជាជញ្ជាំងចោតខ្លាំង ហើយត្រូវគ្របបាត់ដោយរុក្ខជាតិ ដែលដុះចាក់ឬសគ្របជុំជិតនៅពីលើ ប្រាសាទ ។ (សូមមើលរូបទី១) ។
ខ. តួប៉ម C2-C3-C4-C5 ៈ តួប៉មប្រាសាទទាំង៤ ( C2-C3-C4-C5 ) បានសង់ឡើងតំរៀងគ្នាបែរមុខ ទៅរកទិសខាងកើត និងស្ថិតនៅក្រៅកំពែងនាទិសខាងលិច ។ តួប៉ម ( C2-C3 )សង់ឡើងនៅជ្រុងនិរតីនៃកំពែង តែគ្មានចំណុចទាក់ទងពីមួយទៅមួតទេ ។ ក្នុងចំណោមតួប៉មទាំង ៤ មានតែតួប៉មប៉ុណ្ណោះដែលសាងជារាង ចតុកោណស្មើជ្រុង (C4 )ឯតួប៉ម ៣ ទៀតរងការខូចខាតជាដំណំបន្សល់ទុកតែស្លាកស្នាមរណ្តៅនៃការជីកលុងពី សំណាក់ជនទុច្ចរិត ។ តួប៉មទាំងនេះត្រូវបានលំអបែបសាមញ្ញែដលបានបង្ហាញជាន់ថ្នាក់ៗ ប្រៀបបីដូចជា តួប៉មពីរ៉ា មីត ដែលមានគ្រឺះយ៉ាងមាំ ក្នុងសំណង់ស្ថាបត្យកម្មសម័យអង្គរដែរ (មើលរូបទី៥)។

គ. តួប៉ម C6-C7 តួប៉ម ២ ទៀតត្រូវបានលោក Parmetier ចាត់ចូលថាស្ថិតនៅក្រុមប្រាសាទកណ្តាល ដែរនោះ តួប៉ម C6 និង C7 (៦១) ។ តួប៉ម C6 នេះក៏មានសារៈសំខាន់បង្គួរដែរ ហើយស្ថិតនៅប្រមាណ ១៥០ម៉ែត្រ នៅភាគខាងជើងនៃកំពែងមានរាងជាចតុកោណកែងសាងឡើង នៅលើខឿនយ៉ាងខ្ពស់ ព្រមទាំងមានទ្វារចូលមួយ នៅខាងកើត តែត្រូវទទួលរងការខូចខាតអស់មួយភាគធំ ហើយសព្វថ្ងៃនេះនៅសល់តែគ្រឹះប៉ុណ្ណោះ ។ ចំណែកតួប៉ម C6 វិញស្ថិតនៅភាគខាងកើត សិតនៅខាងជើងបន្តិចក៏មិនខុសគ្នាពីតួប៉ម C6 ដែរគ្រាន់តែតួប៉មនេះ មានរាងទ្រវែងជាង ហើយមានធ្លានៅខាងមុខប្រមាណមួយម៉ែត្រដែលលោក  Parmentier ចាត់ទុកជាញក (៦១) ។ តាមជ្រុងសងខាងនៃញកនេះសុទ្ធតែមានលំអដោយរូបភាពជាប្រាសាទអណ្តែត ។ 

ស្ថានភាពទូទៅរបស់ប្រាសាទសម្បូណព្រៃគុក

ស្ថានភាពទូទៅរបស់ប្រាសាទ
ប្រាសាទសម្បូណ៍ព្រៃគុកសង់មានលក្ខណៈជាប្រាសាទទោល និង ប្រាសាទសង់ជាក្រុមកំពែងតែមួយ។ សម្ភារៈសាងសង់គឺ ឥដ្ឋ កំបោរ បាយអ ថ្មភក់ ។ ប្លង់ប្រាសាទមានរាងបួនជ្រុង ។ គ្រឿងលំអស្ថាបត្យកម្មមានផ្តែរ និងសរសរពេជ្យសុទ្ធសឹងធ្វើអំពីថ្មភក់ និងមានចម្លាក់លើកំបោរបាយអ ។ មានតួប៉មសង់ដោយកម្រមួយ ដែលមាន រាងជាអដ្ឋកោណក្នុងចំណោមប្រាសាទមានប្លង់ចតុកោណ ។ បច្ចុប្បន្នប្រាសាទទាំងនោះមានសភាពបាក់បែកទ្រុឌ ទ្រោមយ៉ាងខ្លាំង អាស្រ័យដោយខ្វះការថែរក្សា និងបំផ្លិចបំផ្លាញអំពីមនុស្ស និងធម្មជាតិ ។ ម៉្យាងទៀតដោយក្រុម ប្រាសាទនេះមានអាយុកាលតាំងពីដើមសតវត្សទី៧ ផង សម្ភារៈសំណង់ដែលជាឥដ្ឋ និងកំបោរបាយអាចជាកត្តា ចំបងមួយផងដែរ ដែលជំរុញអោយប្រាសាទរលំដួលជាយថាហេតុ ។
យើងបានសង្កេតឃើញសភាពខូចខាត បាក់បែកច្រើនមាននៅចំពោះតួប៉មទាំងឡាយ ដែលត្រូវដើមឈើ ដុះចាក់ស្រេះ រុំព័ទ្ធរិតរួតពីលើតួប៉មប្រាសាទ ។ ក្បាច់កំពូលបានធ្លាក់បាត់បង់គ្មានសល់ (រូបទី១)។
តួប៉មខ្លះនៅសល់តែពំនូកឥដ្ឋ កន្លែងខ្លះទៀតសល់តែស្នាមរណ្តៅមនុស្សបំផ្លាញជំរៅរហូតដល់ទៅ ៤ ម៉ែត្រ ឬ ៥ ម៉ែត្រ ។
នៅលើហោជាងនិងនៅលើផ្ទៃជញ្ជាំង ភាគច្រើនមានចម្លាក់រូបប្រាសាទអណ្តែតបច្ចុប្បន្នកាលនេះខ្លះបាន ត្រូវធ្លាក់ជ្រុះ និងសឹករិចរិលស្ទើរតែមើលរូបមិនស្គាល់ទៀតផង ។ ចំណែកគោបុរៈវិញគឺខូចខាតទាំងអស់ ។ គោបុរៈ ខាងកើតក្រុមប្រាសាទកណ្តាល ត្រូវបានទទួលរងការឈូសដីឡើងរាបស្មើរសំរាប់ធ្វើផ្លូវឆ្ពោះទៅកាន់ប្រាសាទ (រូបទី៣) ។
១- រឿងព្រេងដែលទាក់ទងនឹងប្រវត្តិប្រាសាទសម្បូណព្រៃគុក (៣៤)
កាលដើមឡើយមានរឿងដំណាលថា ៖ មានព្រះគោ ព្រះកែវពីរនាក់ បងប្អូនបាននាំគ្នារត់ចេញពីស្រុក ។ ទាំងពីរនាក់បងប្អូនបានធ្វើដំណើរដោយគ្មានទិសដៅ ។ លុះក្រោយមកក៏បានមកដល់ព្រៃធំមួយដែលមានឈ្មោះថាៈ ព្រៃហេមពាន្ត ។
នៅពេលដែលដើរមកដល់ព្រៃនេះ ពួកគេក៏បានជួបប្រទៈនឹងព្រះទឹកមួយ ។ ស្រះទឹកនេះជាស្រះនាងពៅ ជាបុត្រីរបស់ព្រះបាទ ព្រហ្មទត្ត ដែលនាងតែងតែមកលេងស្រះទឹកនេះជារៀងរាល់ថ្ងៃជាមួយភីលៀងទាំងឡាយ។ គាប់ជួនពេលនោះព្រះកែវក៏បានឃើញពួកនាងៗទាំងឡាយស្អាតៗ ធ្វើអោយចិត្តពុះកញ្ជ្រោលនឹងចង់ទៅលេង នឹង គេដែរ ព្រោះថាខ្លួនពុំដែលបានឃើញស្រីៗ ឬក៏មនុស្សម្នាអ្វីទេ ។ ម្លោះហើយក៏ដាច់ចិត្តសុំបងទៅលេងនឹងគេ តែត្រូវបានព្រះគោឃាត់ “ចូរប្អូនកុំទៅលេងនឹងគេធ្វើអ្វី ព្រោះយើងជាមនុស្សព្រៃនាំតែគេមើលងាយមើលថោក”។ ព្រះកែវពុំព្រមចេះតែសុំអង្វរបង ។ ព្រះគោក៏ដាច់ចិត្តអោយប្អូនទៅលេងនឹងគេ ។ នៅពេលដែលព្រះកែវដើរចូល ទៅដល់ត្រូវពួកមេន៍មេនាងទាំងឡាយឃើញក៏នាំគ្នាស្ទុះរត់ចេញទៅព្រមទាំងពោលថា ៖
“យី ! មនុស្សនេះមកពីណា ? ចុះអីក៏រូបអាក្រក់ម៉្លេះ ! (ពេលនោះមានតែនាងពៅម្នាក់គត់ដែរហ៊ាននៅ លេងជាមួយព្រះកែវ ) ។
លុះក្រោយមកកាលដែលទៅលេង និងជួបគ្នាជារៀងរាល់ថ្ងៃ រវាងព្រះកែវ និងនាងពៅក៏បានចាប់ចិត្ត ស្រលាញ់គ្នាទៅវិញទៅមក ។ នាងពៅក៏អោយព្រះកែវចូលស្តីដណ្តឹងនាង..... ព្រះកែវក៏ឆ្លើយថា ៖ អោយខ្ញុំចូលស្តី ដណ្តឹងនាងយ៉ាងម៉េច បើខ្ញុំគ្មានម៉ែ ឪ បងប្អូននឹងគេផងមានតែបងម្នាក់ជាគោទៀត ។ ចំណែកព្រះគោក៏ពុំព្រមទៅ ដែរព្រោះខ្លាចគេមើលងាយ ។ នាងពៅក៏បានសំរេចចិត្តក្បត់និងព្រះមិតា រួចក៏នាំគ្នារត់ទៅនៅក្នុងព្រៃជាមួយ ព្រះកែវទៅ ។ ចំណែកព្រះគោវិញដោយមានចិត្តអាណិតអាសូរប្អូនពន់ពេក ដោយគ្មានជំរករស់នៅក៏បាននឹកទៅ ដល់គុណព្រះមុនីឥសី ក៏ចាប់ផ្តើមជប់បានជាកូនប្រាសាទតូចមួយឈ្មោះ “ប្រាសាទបិតមុខ” (៣៥)។ លុះត្រូវខ្យល់ត្រូវ ថ្ងៃ ប្រាសាទនេះក៏កាន់តែរីកធំឡើងៗ រហូតអោយប្អូនរស់នៅបាន ក្រោយមកក៏ជប់បានស្រះទឹកមួយទៀត ស្រះនេះមានឈ្មោះថា “ស្រះនាងពៅ” ជប់ស្រះមួយហើយក៏ចាប់ផ្តើមជប់ស្រីភ្នំ ភីលៀងអាមាត្រទាំងឡាយដើម្បី អោយរួមរស់ជាមួយប្អូនគ្រាន់បានជាគ្នា ។
លុះតំណក្រោយៗមកទៀត ពួកអាមាត្រទាំងឡាយក៏បានចាត់គ្នីគ្នាកសាងប្រាសាទបន្ថែមទៀត បានជារយ ប្រាសាទទាំងនោះថា “ ប្រាសាទសម្បូរណ៍ព្រៃគុក” តរៀងមក ។
២- ទីតាំងភូមិសាស្ត្ររបស់ប្រាសាទសម្បូរណ៍ព្រៃគុក
ប្រាសាទសម្បូរណ៍ព្រៃគុក មានទីតាំងភូមិសាស្ត្រស្ថិតនៅភាគខាងជើងមាន ចម្ងាយប្រមាណសាមសិប គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំនិងនៅចំចំណុចកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នស្ថិតនៅក្នុងចម្ងាយ ផ្លូវប្រមាណជាងមួយរយកៅសិបប្រាំបីគីឡូម៉ែត្រអំពីរាជធានីភ្នំពេញ ។ បើប្រៀបធៀបទៅនឹងផ្លូវទឹកសំខាន់ៗវិញ ប្រាសាទសម្បូរណ៍ព្រៃគុកនេះស្ថិតនៅភាគខាងជើងស្ទឹងសែនចម្ងាយប្រមាណប្រាំគីឡូម៉ែត្រ ។ ក្រៅពីបណ្តាញផ្លូវ ទឹកដ៏សំខាន់ខាងលើនេះ យើងឃើញនៅមានផ្លូវទឹកតូចៗ ដទៃទៀតជាច្រើនដែលស្ថិតនៅព័ន្ធជុំវិញប្រាសាទនេះដូច ជាៈ អូរគ្រូកែនៅខាងលិចក្រុមប្រាសាទខាងត្បូងមានបឹងមួយឈ្មោះថា ៖ បឹងប្រាំងនិងខាងទិសអាគ្នេយ៍មានបឹង មួយទៀតឈ្មោះថា ត្រពាំងថ្លានិងនៅប៉ែកអាគ្នេយ៍ក្រុមប្រាសាទសម្បូណ៍ព្រៃគុកមានបឹងមួយទៀតឈ្មោះថា ៖ បឹង ជីកាយ (៣៦)។ យើងរំពឹងថាបឹង អូរទាំងនេះគឺមានទំនាក់ទំនងយ៉ាងសំខាន់ទៅនឹងប្រាសាទ ។
យើងអាចធ្វើដំណើរពីទីក្រុងភ្នំពេញ ទៅកាន់ប្រាសាទសម្បូណ៍ព្រៃគុកនេះក្នុងស្រុកកំពង់ស្វាយ (ដែលសព្វ ថ្ងៃនេះមានឈ្មោះថា ៖ ស្រុកប្រាសាទសម្បូណ៍) នេះបានតាមផ្លូវជាតិលេខ ៦កតម្រង់ទៅនឹងទីរួមខេត្តកំពង់ធំ។ យើងត្រូវបន្តធ្វើដំណើរទៅមុខទៀតចម្ងាយប្រាំគីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំទៀត ទើបឃើញផ្លូវបំបែកមួយបត់ទៅ ខាងស្តាំដៃ ។ ផ្លូវនេះតម្រង់ទៅខេត្តព្រះវិហារ យើងធ្វើដំណើរតាមផ្លូវនេះប្រមាណបួនគីឡូម៉ែត្របន្តទៀត នោះនៅខាងស្តាំដៃយើងនឹងបានឃើញក្លោងទ្វារវត្តមួយដែលសង់អំពីឈើមានចារឹកអក្សរថា ៖ “វត្តឥន្ទ្រកុមារ ”។
យើងធ្វើដំណើរតាមបណ្តោយផ្លូវលំនេះ ក្នុងចម្ងាយផ្លូវប្រមាណជាម្ភៃមួយគីឡូម៉ែត្រ ដោយឆ្លងកាត់ភូមិ ឥន្ទ្រកុមារ ភូមិត្នោត ភូមិរំដួល ភូមសាគ្គី វាលអូរសណ្តាន់ ភូមិពោធិទ្រេតនិងភូមិឈើទាល ។ ផ្លូវលំនេះនាំយើង ទៅកាន់ប្រាសាទសម្បូណ៍ព្រៃគុកដូចបំណង ។ ( សូមមើលប្លង់ផែនទីរបស់ប្រាសាទ)។
បច្ចុប្បន្នប្រាសាទសម្បូណ៍ព្រៃកគុកទាំងមូល ស្ថិតនៅក្នុងព្រៃរហោស្ថានយ៉ាងស្ងាត់ជ្រងំក្នុងឃុំសម្បូណ៍ ស្រុកសម្បូណ៍ ខេត្តកំពង់ធំ និងមានភូមិចំនួនប្រាំមួយដែលស្ថិតនៅព័ទ្ធជុំវិញប្រាសាទនេះ ៖ ភូមិសម្បូណ៍ ភូមិស្រល់ ភូមិចំណារថ្មី ភូមិពោធ៌ទ្រេត ភូមិជាយសំពៅនិងភូមិអូរគ្រូកែ ។
យើងសង្កេតឃើញថា ៖ ដីនៅតំបន់ជុំវិញប្រាសាទសម្បូណ៍ទាំងមូល គឺពុំសូវមានជីវជាតិសំរាប់ដំណាំ កសិកម្មទេព្រោះជាដីប្រភេតខ្សាច់ ។ ប្រជាជននៅតំបន់នោះភាគច្រើន (ប្រមាណជា ៩០ទៅ៩៥%) ប្រកបរបរ កសិកម្ម ។

ចេនឡា


            ប្រទេសចេនឡាជារដ្ឋទទួលឥទ្ធិពលក្លឹង្គដែរ ។ ចេនឡាស្ថិតនៅក្នុងអាងនៃទន្លេមេគង្គភាគកណ្តាល ហើយ និងតាមអ័ក្សនៃទន្លេ សេមន ចាប់តាំងពី រយអេត (Roi Et) មកដល់បាសាក់ ។ ពួកអ្នកប្រវត្តិសាស្ត្រហៅប្រទេស នេះថា ចេនឡា ។  ប្រទេសនេះលេខឡើងក្នុងប្រវត្តិសាស្ត្រនៅសតវត្សទី ៦ គឺខ្មែររស់នៅក្នុងប្រទេសនេះ ។
សិលាចារឹកដែលសរសេរជាភាសាខ្មែរ ស្ថិតនៅក្នុងតំបន់នេះនាដើមសតវត្សទី ៧ ។ នាចុងសតវត្សទី ៥ ចេនឡាមានព្រំដែនត្រង់ម្តុំអាងទន្លេសេមន ឯម្តុំបាសាក់គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសចាម ។ ស្តេច ចាម បានកសាងលឹង្គមួយឧទ្ទិសដល់ព្រះឥសូរនៅលើភ្នំមួយស្ថិតនៅក្បែលបាសាក់ ។
ក្រោយមកខ្មែរបានសាងប្រាសាទ វត្តភូ នៅលើទីតាំងដដែលនេះ ។ ពួកអ្នកប្រវត្តិសាស្ត្រចិនបានប្រាប់ថា ៖ វត្តភូជាមជ្ឈមណ្ឌលរបស់ប្រទេសចេនឡា (១២)។
នាពាក់កណ្តាលសតវត្សទី ៦ ព្រះបាទ ភវវរ្ម័នបានចាប់ផ្តើមបង្រួបបង្រួមប្រទេស (ហ្វូណន និងចេនឡា)។ ក្រោយព្រះអង្គសុគតទៅនាឆ្នាំ ៥៩៨ ព្រះអនុជព្រះមានចិត្រសេន បានបន្តរាជក្រោមព្រះនាមថា មហេន្ទ្រវរ្ម័ន ។ ស្តេចអង្គនេះបានបញ្ចប់ការឈ្លានពានទឹកដី ហើយបានកសាងជំនឿលើព្រះឥសូរ ។ ព្រះរាជបុត្រព្រះនាម ឦសាន វរ្ម័ន បានបន្តវេនហើយបានកសាងទីក្រុងថ្មីមួយឈ្មោះថា ឦសានបុរ (សម្បូរណ៍ព្រៃគុកបច្ចុប្បន្ន) ដែលនៅទីនោះ បានលេចឡើងនូវសិល្បៈចេនាឡា ដែលជារចនាបថទី ១ របស់សិល្បៈខ្មែរពិតប្រាកដ (១៣) ។
យើងសូមធ្វើការកត់សំគាល់ អំពីការប្រែប្រួលពីសម័យហ្វូណន ទៅចេនឡា ។ គេមិនដឹងថា អ្នកស្រុក ហ្វូណនជាជនជាតិអ្វីនៅឡើយទេរហូតទល់នឹងពេលនេះ ។ ប៉ុន្តែវាទំនងជាជនជាតិ “ឥណ្ឌូនេស៊ី) ដែលមករស់នៅ តាមមាត់សមុទ្រ ហើយនៅទីនោះពួកគេបានទទួលឥទ្ធិពលនានា ហើយក៏បានក្លាយទៅជាទីតាំងរួមនៃវប្បធម្អនៅ លើសមុទ្រចិនភាគខាងត្បូងនេះ ។ ផ្ទុយមកវិញអ្នកស្រុកចេនឡាជាខ្មែរ ហើយមិនស្គាល់សមុទ្រទេ ។ ពួកគេជា កសិករធ្វើស្រូវភ្នំ ជាអ្នកចម្បាំង ។ វប្បធម៌របស់ពួកគេចេញមកអំពីក្លឹង្គ ក៏ប៉ុន្តែទំនងជាចេញមកអំពីអរិយធម៌របស់ ហ្វូណនផ្ទាល់ ។
របៀបទាញផលអំពី គឺខុសគ្នារវាងប្រជាជនទាំងពីរនេះ ៖ ហ្វូណនធ្វើស្រូវឡើងទឹកក្នុងតំបន់ដីសណ្តរហើយ ជាអ្នកធ្វើជំនួញ ។
អ្នកស្រុកចេនឡាធ្វើស្រែតាមរបៀបបង្ហូរទឹក ដោយប្រើជំរាលដីធម្មជាតិតាមវិធីទប់ទឹកនៅឯក្បាលហុង ទឹក ។ ដោយសារហ្វូណនជាប្រទេសសម្បូណ៍ ធ្វើអោយប្រទេសចេនឡាមានមហិច្ឆិតាដណ្តើមយកភោគផលអំពី ប្រទេសនេះ ដោយធ្វើដំណើរអំពីទិសខាងជើងមកកាន់ទិសខាងត្បូង ។ ក៏ប៉ុន្តែចេនឡាមិនបានកសាងទីតាំងរបស់ ខ្លួននៅលើទឹកដីហ្វូណនទេ ៖ ជាតំបន់ទឹកលិចហើយអាចបង្កអោយចេនឡាជួបការលំបាកមិនអាចរស់នៅក្នុងទីនោះ បាន ។ តាមពិតនោះទីតាំងកណ្តាលនៃប្រជាជនខ្មែរបន្តស្ថិតនៅក្នុងតំបន់នេះ ហើយនឹងក្នុងតំបន់ដីល្បាប់ និងតំបន់ ដីខ្ពស់ ។ ពួកចេនឡាមិនអនុម័តយកគំរូនៃការធ្វើអាជីវកម្មលើដីសណ្តររបស់អ្នកស្រុកហ្វូណនទេ ។ វិធីធ្វើកសិកម្ម បង្ហូរទឹក គឺចេញមកអំពីអរិយធម៌របស់ភូមិមួយ (មេមត់...) តាំងពីភាគខាងដើមនៃប្រវត្តិសាស្ត្ររបស់ខ្មែរ ។
លក្ខណៈរួមមួយរបស់ហ្វូណន និងចេនឡាគឺ ៖
សង្គមប្រមូលផ្តុំនៅក្រោមអំណាចតែមួយ ។ ប្រទេសទាំងពីរនេះទទួលឥទ្ធិពលក្លឹង្គដូចគ្នា ។ ឯចេនឡាបន្ត រូបមន្តនេះដោយកែប្រែដ៏តិចតួច ឆ្លងតាមមេរៀនដែលហ្វូណនធ្លាប់មាន (១៤) ។
ក្រោយពេលដែលព្រះបាទ ឦសានវរ្ម័ន បានសោយទិវង្គតទៅនាឆ្នាំ ៦៣៥ ក្សត្រមួយអង្គទៀតព្រះនាម ភវវរ្ម័នទី ១ (៦៣៩-៦៥៦) បានឡើងគ្រងរាជ្យ ។ ការបន្តអំណាចស្ថិតនៅក្នុងភាពងងឹត ។ យើងដឹងថាភាពវិកវរ ខាងនយោបាយបានកើតមានឡើង ។ ប៉ុន្តែព្រះបាទ ភវវរ្ម័ន ពង្រីកអំណាចរបស់ខ្លួន ។ គេបានប្រទះឃើញសិលា ចារឹក និងសំណង់ជាច្រើនស្ថិតនៅក្នុងរាជព្រះអង្គ ដូចជានៅប្រាសាទភ្នំបាយ៉ង់ ភ្នំព្រះវិហារ និងហាន់ជៃ ។
ព្រះបាទ ជ័យវរ្ម័នទី ១ ជាព្រះរាជបុណ្យឡើងសោយរាជ្យជំនួសនាឆ្នាំ ៦៥៧-៦៨១ ។ ព្រះអង្គពង្រីក អំណាចស្ទើរតែតំបន់ឥណ្ឌូចិនខាងត្បូងទាំងមូល ។ សំណង់ និងសិលាចារឹកមានច្រើនក្នុងរាជព្រះអង្គ ។
ក្រោយពីការសោយទិវង្គតរបស់ព្រះបាទ ជ័យវរ្ម័នទី ១ ដោយគ្មានអ្នកបន្តវេនប្រទេសចេនឡាបានឈាន ជើងចូលក្នុងភាពងងឹតមួយ ដែលលាតសន្ធឹងទូទាំងសតវត្សទី ៨ ហើយភាពអាណាធិបតេយ្យនយោបាយធ្វើអោយ ចេនឡាបែងចែកជា ៖ ចេនឡាដែនទឹក និងចេនឡាដែនគោក ដែលវិលទៅរកទម្រង់សម័យខាងដើម ៖ ហ្វូណន និង ចេនឡា (១៥) ។
នាឆ្នាំ ៧៥០ ឆ្លៀតឱកាសដែលប្រទេសខ្មែរកំពុងមានភាពវឹកវរ មនុស្សមកពីកោះជ្វា ដែលដឹកនាំដោយ រាជវង្ស សៃលេន្ទ្រ បានលើកទ័ពមកឈ្លានពាន ហើយក៏ត្រួតត្រាប្រទេសនេះអស់រយៈពេល ៥០ឆ្នាំ (១៦) ។ គេដឹង ថាក្សត្រនៃ សៃលេន្ទ្រ ជាអ្នកបន្តវេនផ្ទាល់នៃក្សត្រហ្វូណន ដែលបានភាសខ្លួនទៅកាន់កោះជ្វាក្រោយពេលដែល ចេនឡាបានវាយលុកចូលកាន់កាប់ហ្វូណន ។ ក្សត្រ លេន្ទ្រ ក៏មានងារថាជា “ស្តេចភ្នំ” ដែលក្រោយមកដាក់ងារ មួយទៀតថា “មហារាជ” ដែលតម្រង់ន័យទៅរក ឧត្តមភាពសកល ៖ ចក្រវតិន (Cakravatin) ។ ពួកនេះត្រួត ត្រាទឹកដីភាគខាងត្បូងនៃសមុទ្រចិននាសតវត្សទី ៨ ៖ លីគរ (ម៉ាលេស៊ី) ចំប៉ា តុងកឹង ។

១- ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម័យចេនឡា
តាមពង្សសារតារាជវង្សលាងបានកត់ទុកថា ៖ ស្តេចសោយរាជ្យចុងក្រោយគេបង្អស់នៃអាណាចក្រភ្នំគឺ ព្រះបាទ រុទ្រវរ្ម័ន ។ ការដែលព្រះអង្គឡើងសោយរាជ្យដោយខុសទំនង បានបណ្តាលអោយមានភាពវឹកវររហូតដល់ អាណាចក្រភ្នំត្រូវរលំរលាយជាស្ថាពរ នៅពាក់កណ្តាលទី ២ នៃសតវត្សទី ៦ ។
១-១- រជ្ជកាលស្តេចសម័យចេនឡា
សិលាចារឹកបក្សចាំក្រុងសតវត្សទី ១០ ស្តេចចេនឡាមានដើមកំណើតមកពីឥសី “កម្ពុស្វ័យម្ភូវ” និងនាងទេពអប្សរ “ មេរា” ដែលព្រះឥសូរបានប្រទានអោយជាមហេសី ។ សម្តេចសោយរាជ្យនៅសម័យចេនឡា ដំបូងមានឈ្មោះថា “ស្រុតវរ្ម័ន” និងព្រះរាជបុត្រព្រះនាម “ស្រេស្ធវរ្ម័ន” ដែលមានរាជធានីឈ្មោះ “ស្រេស្ធបុរ” (ដែលប្រហែលជាស្ថិតនៅតំបន់បាសាក់) ។ សិលាចារឹកបក្សីចាំក្រុងដដែលនេះក៏បានបញ្ជាក់ផងដែរថា ៖ ស្តេចទាំង នេះទំនងជាបាន “រំដោះអ្នកស្រុកអោយផុតចាកពីច្រវាក់សួយសារអាករ” ព្រមទាំងបានខំរើបំរាស់ខ្លួនអោយចេញពី អំណាចគ្រប់គ្រងរបស់អាណាចក្រភ្នំ ។ ចេនឡាមានអានុភាពកាន់តែខ្លាំងឡើងៗនៅពាក់កណ្តាលទី ២ នៃសតវត្ស ទី ៦ ចាប់ផ្តើមវាយលុកអាណាចក្រភ្នំ (១៧) ។
១-២- រាជ ភវវរ្ម័នទី ១ ៥៥០-៦០០ (ទីក្រុង ភវបុរី)
ព្រះរាជាចេនឡាមានព្រះនាម ភវវរ្ម័ន ជាបុត្ររបស់ វីរវរ្ម័ន និង ជាចៅរបស់ព្រះបាទ រុទ្រវរ្ម័ន ។ ព្រះអង្គបានរៀបអភិសេកជាមួយក្សត្រី កម្ពុជា រាជលក្សី ដែលព្រះញាតិខាងព្រះមាតាព្រះបាទ ស្រេស្ធវរ្ម័ន ។ សិលាចារឹកបក្សីចាំក្រុងបានបញ្ជាក់ថា ៖ កូនចៅឥសីកម្ពុ បានភ្ជាប់ សូរ្យវង្ស (ខាងចេនឡា) ទៅ និងសោមវង្ស (ខាងអាណាចក្រភ្នំ) ។ ប្រទេសចេនឡាបានស្ថិតក្រោមស្ថាប័នតំណពូជពីដូនតានៃគ្រួសារជនជាតិដើមមួយ ដែល បានពោលអះអាងថាភ្ជាប់ខ្សែស្រឡាយទៅនឹងសម្ព័ន្ធអាពាហ៍ពិពាហ៍រវាងឥសី កម្ពុស្វ័យម្ភូវ ជាមួយអប្សរ មេរា (១៨) ។ ព្រះអង្គបានពង្រីកអំណាចអធិបតេយ្យភាពរបស់ខ្លួន នៅលើទឹកដីនៃជនជាតិកម្ពុជាដែលចិនបានហៅថា ចេនឡា ។ ដែនដីនេះបានពង្រីកគ្របដណ្តប់លើតំបន់មេគង្គនៅចន្លោះ ប៉ាក់សេ (ប្រទេសឡាវ) ទៅទិសខាងជើង និង ខេត្តក្រចេះ ទៅផ្នែកខាងត្បូង ហើយនឹងផ្នែកសំខាន់ៗនៃអាងទន្លេ សេមន (នៅក្នុងប្រទេសនៃបច្ចុប្បន្ន) ។ រាជធានីមានឈ្មោះថា ៖ ភវបុរី (អំពិលរលំ) ។ ព្រះបាទ ភវវរ្ម័ន និងព្រះអនុជរបស់ព្រះអង្គព្រះនាម ចិត្រសេន បានផ្តើមវាយលុកអាណាចក្រភ្នំ នៅពាក់កណ្តាលទី ២ នៃសតវត្សទី ៦ ។ ពេលនោះអាណាចក្រភ្នំបានលើករាជធានី ចេញពី វ្យាធបុរ (បាភ្នំ) នៅតាំងនៅទិសខាងត្បូងត្រង់ នរវរនគរ (អង្គរបុរីតាកែវ) (១៩) ។
នៅក្នុងរាជនេះព្រះអង្គ និងព្រះអនុជ ចិត្រសេន បានកសាងផ្ទាំងសិលាចារឹកសំស្ក្រឹតខ្លីៗ ជាច្រើន ក្នុងតំបន់ក្រចេះ ស្ទឹងត្រែង និងនៅខាងលិចបុរីរម្យ ។
ក្រោយពីព្រះអង្គសោយទីវង្គតទៅ ព្រះអនុជរបស់ព្រះអង្គបានឡើងសោយរាជ្យបន្តនៅប្រមាណ ឆ្នាំ ៦០០ ។
១-៣- ព្រះបាទ មហេន្ទ្រវរ្ម័ន (៦០០-៦១៥)
ព្រះបាទ ភវវរ្ម័នទី ១ សោយទីវង្គតទៅដោយគ្មានបន្សល់ទុកនូវបុត្រមួយសោះ ។ រវាងគ្រឹស្ត សករាជ ៦០០ ចិត្រសេន បានឡើងកាន់អំណាចដោយមាននាមថា ៖ មហេន្ទ្រវរ្ម័ន ។ ស្តេចអង្គនេះបានបន្តសកម្ម ភាពបន្ទាប់ពីរាជមុន ដោយបានបញ្ចូលខេត្តនានា អោយស្ថិតនៅក្រោមចំណុះរបស់ព្រះអង្គ ។ ក្នុងឆាកនយោបាយ ព្រះអង្គបានចងមេត្រីភាពជាមួយនឹងអាណាចក្រចំប៉ា។ ក្រោយពីគ្រងរាជក្នុងរយៈកាលដ៏ខ្លី ព្រះអង្គក៏សោយទីវង្គត ទៅដោយបានបន្សល់ទុកនូវបុត្រាមួយអង្គសោយរាជ្យបន្តគ្រប់គ្រងប្រទេស ដែលមានឯកភាពស្រាប់រួចទៅហើយ (២០)។
១-៤- រជ្ជកាលព្រះបាទ ឦសានវរ្ម័នទី ១ (២១)
ព្រះបាទឦសានវរ្ម័នទី១ ព្រះរាជបុត្ររបស់ព្រះបាទមហេន្ទ្រវរ្ម័ន សោយរាជ្យពីឆ្នាំ ៦១៥-៦៣៥ ដែលមានរាជធានីនៅឦសានបុរៈ ។ ព្រះអង្គបានបញ្ចប់ជម្លោះនៅនគរភ្នំ ដោយការវាយយកបានតំបន់អង្គរបុរីនៅ រវាងឆ្នាំ ៦៣០ ។ ទ្រង់បានពង្រីកការត្រួតត្រារបស់ខ្លួនឆ្ពោះទៅទិសខាងត្បូង រហូតដល់ព្រំដែនកូសាំងស៊ីន ឆ្ពោះ ទៅទិសខាងលិចរហូតដល់ចាន់តាប៊ុន ប្រទេសសៀមសព្វថ្ងៃ ។ ព្រះបាទឦសានវរ្ម័ន បានប្តូររាជធានីនៃប្រទេស កម្ពុជាទៅនៅចំទំនាបកណ្តាលនៃរដ្ឋទាំងឡាយ នៅត្រង់តំបន់សម្បូណ៍ព្រៃគុកសព្វថ្ងៃ ។ ឯកសាររបស់រាជវង្ស ស្វី (Swei) នៃប្រទេសចិន (VI, VII នៃគ.ស) បានប្រាប់ថាទីក្រុងនេះមានផ្ទះចំនួន ២០០០០ ។
ទ្រង់បានបង្កើតឡើងនូវបណ្តាមូលដ្ឋាន នៃអរិយធម៌ដ៏ចែងចាំងមួយនាសម័យនោះ (២២) ។
ធានីនេះបានក្លាយជាបេះដូងនៃអាណាចក្រអង្គរ (២៣) ។ ព្រះអង្គបានចាត់ចែងអោយគេកសាង ប្រាសាទឥដ្ឋជាច្រើន ដែលមានលំនាំប្រហាក់ប្រហែលនឹងក្លឹង្គដែរ ។
១-៥- ព្រះបាទ ឦសានវរ្ម័ន និងស្មាព្រះហស្ថតាមសិលាចារិក
សិលាចារឹកនៅតំបន់សម្បូណ៍ព្រៃគុកក្រុមខាងជើង និង ក្រុមខាងត្បូងជាច្រើនដែលបានលើក ឡើងពីស្នាព្រះហស្ថរបស់ព្រះអង្គផ្ទាល់ ។ ក្នុងនោះយើងសូមលើកយកអត្ថបទមួយចំនួន ដើម្បីយកមកសិក្សាក្នុង ពេលនេះ ។ អត្ថបទនោះមាន ៖
- សិលាចារឹកសម្បូណ៍ព្រៃគុក ៖
                        ក- អត្ថបទមួយនៅមេបញ្ឈរទ្វារទិសខាងត្បូង
                                    ១- វជយតិ សស្រីប្រហសិ តេស្វរស យស្យាង្គភាសា មននេវ ទ្រុត ហេមាម្វ ធោមហី ។
២- ស្រី ម៉ត់ អវិនីន្ទ្រាណាំ អន្វយាមូរភា ស្វត័សមណ្ឌលេ មធ្យមស្យាបិ ប្រតាបោយស្យ ទុស្សហ័ស ។
៣- យ័ម កាន្ត វបុស័ម ទ្រិស្តា វស្មិ តេ វាតវទរតិស័ អហោ នុមិថ្យា វៃធវ្យ វពិតា ស្មិ ចិរាទ ឥត ។
៤- ស្រីត រុណ្យាបរិស្វក័ត ក៌ាម្យរូបោ យុវាបិយ័ស ភុក្តាសុ វទ្វៃរ រ្វិទ្យា សុរត្ត បរិណ តាស្វអបិ ។
៥- សូយោ ---ន មយិតា បិយ័ស ភក្តវត្សលុយ ---ស្វរិភិស័ ។
៦- រត្នៃរ ឧទន្វាន ឥវយ បរិបូរណោម្យ អនុន្នតិស័ បាតា ---រ---ឥ បក្សានឥន្ទ្រា អបិមហិភត ។
៧- បរេស វត្តទារេសុ យស្ស ណិភោនរាស្បទស័ ស្ថិត កេវសប អាចារ សុកតា តកិរ្តតិសុ (២៤) ។
                        ខ- អត្ថបទមួយនៅមេទ្វារបញ្ឈរទិសខាងជើង
                                    ១៨ --- មា វបុ ស្កាន្តិ ---
                                    ១៩ --- ប្រក្ញុ កិប្រត្យាយាទេស គុណាវ្ញុទ្យា គមាន្ធិតាស័ សុនិតិស សព្ទវិទ្យា ចបទ ---យស្យ---។
២០ --- យ --- យោ --- យ ទ្យតា ស្វរ្គ័ញជីគី សុណាយេននិរ្ជជិតស័ សក្រវា រណស័ (២៥) ---
សេចក្តីប្រែ
                                    ក/ --- ជ័យជំនះមានដល់ព្រះស្រី ប្រហសិតេស្ធរ ដែលមានព្រះកាយភ្លឺព្រះធរណីដែលស្ថិតនៅក្នុង សាគរទឹកមាស ។
                        - អំពីព្រះរាជាដែលជាព្រះអាទិត្យនៃវេហាស៏នេះ គឺព្រះវង្សនៃមហាក្សត្រជាទីគោរពលើពិភពផែនដី ចេញមកអំពីចំណាយដែលពុំអាចអត់អោនបាន ទោះបីព្រះអង្គសណ្ធិតនៅឰដ៏កណ្តាលរដ្ឋទាំងឡាយរបស់ទ្រង់ក្តី ។
- ដោយយល់ឃើញនូវព្រះកាយយ៉ាងល្អស្រស់ ព្រះរតិភ្ញាក់ស្មារតីហើយបន្លឺថា “ពិតណាស់ខ្ញុំយល់ខុសសោះ ថា” អំពីកាលមុនខ្ញុំស្មានថាខ្លួនមេម៉ាយសោះ ។­
- ពិតមែនតែទ្រង់នៅក្មេងប្រកបដោយព្រះចំណង់ តែសោភ័ណ្ឌភាពនៃយុវវ័យមិនអាចផ្ទឹមនឹងព្រះអង្គបាន ឡើយ ព្រះអង្គសព្វព្រះទ័យតែនូវវិទ្យាសាស្ត្រជ្រៅជ្រះហើយដែលមានតែចាស់ៗប៉ុណ្ណោះទើបយល់បាន ។ ពិតមែន តែទ្រង់ប្រកបដោយអលង្កា ដូចជាទំហំនៃសាគរ............ព្រះកដិ ទោះបីរបស់ព្រះរាជានៃបពត៌ក៏ដោយបរិបូណ៍ ដូច្នេះដែរ ។

- ព្រះរូបឆោមព្រះអង្គពុំមានស្រីឯណាមួយ ឬមនុស្សផ្សេងៗប្រៀបប្រដូចបានឡើយ ។ ព្រះរូបនេះមាន ពិសេសតែចំពោះទ្រង់ គឺ ចំពោះព្រះអាកប្បកិរិយា ព្រះសកម្មភាពល្អ.............និងព្រះចេស្តាព្រះអង្គ ។
ខ/      - លំអរបស់ទ្រង់រកអ្វីផ្ទឹមគ្មានទេ
- បរិបូណ៍ទៅដោយចំណេះវិជ្ជាសំរាប់គ្រប់គ្រងរដ្ឋ ពោរពេញទៅដោយការពិសោធន៍ ការប្រុងប្រយ័ត្ន មានគុណធម៌ បូណ៍ភាព ចំណេះវិជ្ជារបមបុរាណ និង ឆ្លាតវៃខាងនយោបាយ និង វេយ្យាករណ៍ ។
---- ព្រះរាជាអង្គនេះសមរម្យនឹងទទួលនូវឋានសួគ៌ទ្រង់បានឈ្នដ្មះរីំ ឰរារ័ណរបស់ព្រះឥន្ទ្រ ។
----
ក្រៅពីសិលាចរិកនៅមេទ្វារបញ្ឈរទាំងពីរ ទិសខាងត្បូង និង ខាងជើងនេះនៅមានសិលាចរិត ៤ ទៀតនៅនា កំរាលមណ្ឌប (្ស2) បានសរសេរជាភាសាសំស្ត្រឹតដែរ ដែលនិយាយសរសើរអំពីព្រះបារមីព្រះបាទ ឦសានវរ្ម័ន និង និយាយពីការកសាងរូបបដិមាករធ្វើអំពីមាស នៃរូបឥសូរញញឹម និង គោនន្ទិនធ្វើអំពីប្រាក់ដែលជាយានជំនិះដ៏ ពិសិដ្ឋរបស់ព្រះឥសូរ ។
មិនតែប៉ុណ្ណោះនៅកំរាលមណ្ឌប (S2) ដែ ដលផងនេះក៏បានលើកមកនិយាយ អំពីតួនាទីរបស់ ព្រះអង្គឦសានវរ្ម័ន ដែលបានកសាងរូបបដិមាករអាទិទេពប្រហតេស្វរាស 9ភរាហាតចេវារាហប មួយអង្គដែល ជាអាទិទេព សើច (26) ។ 
- នៅលើផ្ទាំងមេទ្វារបញ្ឈរពីរ នៅទ្វារខាងកើតកំពែងក្រៅក្រុមខាងត្បូងសិលាចរិកនេះចារជាភាសា សំស្ត្រឹត ក៏បាននិយាយអំពីរាជរបស់ព្រះអង្គ ឦសានវរ្ម័នទី ១ (ក្នុងអត្ថបទ គ។៤៤០) ។
- សិលាចរិក គ។៤៣៧ ក៏បាននិយាយយ៉ាងច្បាស់លាស់ដែរ ពីស្នាព្រះហស្ថរបស់ព្រះអង្គ ឦសានវរ្ម័នទី ១ ដែលបានសរសេរនៅលើមេទ្វារបញ្ឈរនៃតួប្រាសាទខាងជើង ។
                        រួមសេចក្តីមកសិលាចរិកសម្បូណ៍ព្រៃគុកទាំងអស់មានចំនួន ១៧ផ្ទាំង នេះចំពោះតែក្រុមខាងត្បូង និង ខាងជើងប៉ុណ្ណោះ ចំណែកក្រុមកណ្តាលរកមិនទាន់ឃើញ ។
                        តាមរយៈសិលាចរិកបានលើកសរសើរពីព្រះបាទ ឦសានវរ្ម័នទី ១ ហួសហេតុពេក ទើបលោកល្វីហ្វីណូត គាត់បានអានយ៉ាងច្បាស់លាស់ទៅតាមប្រភេទអក្សរ ។ ដោយយើងបានដឹងសារជាថ្មីនូវដំណើរនៃប្រវត្តិសាស្ត្រ ការវាតទីអំណាចនៃការគ្រប់គ្រងរបស់បុព្វបុរស ឦសានវរ្ម័ន នូវការដណ្តើមបានប្រទេសអាណាចក្រភ្នំក្នុងវគ្គ IX ។ ព្រះអង្គគឺជាមនុស្សទី ១ក្នុងចំណោមមនុស្សទាំងឡាយ ហើយព្រះអង្គជាព្រះមានគុណធម៌ និង មានភក្តីភាព ស៊ូស្លាប់រស់ចំពោះព្រះមាតាបិតា ដោយសារបារមីដ៏មានរិទ្ធិរបស់ព្រះអង្គ គ្រប់គ្រងលើគ្រប់វិស័យបានល្អជាង ព្រះមាតា បិតា ទៀតផង ។
ការពង្រឹងរដ្ឋជាច្រើនរបស់ទ្រង់ ដោយការដណ្តើមទឹកដីអាណាចក្រភ្នំ ។ ព្រះអង្គបានដឹកនាំប្រទេសជាតិ អោយមានឯកភាព ព្រមទាំងមានទំនាក់ទំនងល្អជាមួយប្រទេសចិន និង ប្រទេសចំប៉ាដោយប្តូរការងារទូតទៅវិញ ទៅមក ។
ចំណងមិត្តភាពជាមួយប្រទេសជិតខាង ទ្រង់បានបញ្ជូនបណ្តាឯកអគ្គរាជទូតទៅ ស្រុកចិនទៅឆ្នាំ ៦១៦ ឆ្នាំ៦២៣ និង ឆ្នាំ ៦២៨ ហើយបានរៀបអភិសេកបុត្រីរបស់ព្រះអង្គព្រះនាម សាវា័ន៌ ជាមួយនឹងព្រះអង្គចាម មួយអង្គ (២៨) ។

ទាំងនេះគឺជាស្នាព្រះហស្ថរបស់ព្រះអអ្គដ៏ពិតៗ នាសម័យបុរេអង្គរដែលនាំមុខអោយសម័យអង្គរដ៏រុង រឿង ។
ក្រោយពីព្រះបាទ ឦសានវរ្ម័នទី១ សោយទីវង្គតទៅ សភាពវឹកវរបានកើតឡើង ។ ព្រះអង្គពុំមាន បុត្រសំរាប់សោយរាជ្យទេ ។ ដូច្នេះរាជសម្បត្តិត្រូវធ្លាក់ទៅលើព្រះបាទ ភវរ្ម័នទី២ សោយរាជ្យបន្ត ។
១-៦- ព្រះបាទ ភវរ្ម័នទី២ (៦៣៩...?)(២៩)
ស្តេចដែលសោយរាជ្យតពីព្រះអង្គ ឦសានវរ្ម័ន គឺព្រះបាទផវរ្ម័នទី២ ដែលយើងមិនដឹងថាជាប់សាច់ ញាតិយ៉ាងណាជាមួយព្រះអង្គនោះទេ ។ ព្រះបាទ ភវរ្ម័នទី២ ទ្រង់បានបន្សល់ទុកនូវសិលាចារឹកមួយចុះកាល កំនត់នៅឆ្នាំ ៦៣៩ ដែលយើងឃើញនៅតំបន់តាកែវ ។ ដោយការកាន់អំណាចបន្តរបស់ព្រះអង្គមានរយៈពេល ខ្លី ដូច្នេះគេមិនអាចដឹងពីព្រឹត្តការណ៍អ្វីផ្សេងៗ ក្នុងរាជថ្មីនេះទេ ។
ព្រះបាទ ជ័យវរ្ម័នទី១ (៦៥៧-៦៨១) ព្រះអង្គជាបុត្រារបស់ព្រះបាទភវរ្ម័នទី២ ។ ក្នុងរាជ្ជកាលរបស់ ព្រះអង្គ មានសិលាចារឹកជាច្រើន និង ការសាងសង់ប្រាសាទនៅតំបន់ វ្យាធបុរនិងវត្តភូ ។ ទ្រង់ពុំមានបុត្រាទេ ហេតុនេះទើបបុត្រីរបស់ព្រះអង្គព្រះនាម ជ័យទេវី ឡើងសោយរាជ្យស្នង ។ ព្រះអង្គនៅគ្រប់គ្រងប្រទេសជាតិ រហូតដល់ឆ្នាំ ៧១៣ តែអំណាចរបស់ព្រះនាងពុំមានមូលដ្ឋានមាំទាំឡើយ ។ សិលាចារឹកមួយនៅបារាយណ៍ ទឹកថ្លា ព្រះនាងទ្រង់បានត្អូញត្អែពី “ ភាពច្របូកច្របល់ក្នុងចិត្តគំនិត និងពីទុក្ខវេទនាក្នុងគ្រាកើតល្យុក” អាស្រ័យដោយអំណាចកណ្តាលត្រូវស្រុតចុះ ព្រោះត្រូវស្ថិតនៅក្នុងកណ្តាប់ដៃស្ត្រីដឹកនាំប្រទេសជាតិពុំរឹងមាំ ដែលជាបុព្វហេតុនៃការបែងចែកជាពីរនៅខាងដើមសតវត្សទី៨ (៧០៦) ។
២-១- អរិយធម៌សម័យចេនឡា
សម័យចេនឡាក៏ដូចជាសម័យអាណាចក្រភ្នំដែរ ព្រោះឯកសារដែលទាក់ទង និង អរិយធម៏ វប្បធម៌ ទាំងនោះច្រើនបានមកពីប្រភពចិនស្ទើរតែទាំងអស់ ។ ចំពោះសម័យចេនឡានេះ យើងបានពឹងផ្អែកទៅលើ សក្ខីកម្មបុរាណវិទ្យាក្រៅស្រុកដូចជាចំប៉ា ម៉ាលេស៊ី សៀម ដែលបានទទួលទុនអំពីក្លីង្គក្នុងវិស័យស្ថាបត្យកម្ម និង បដិមាសិល្បៈ ដូចជាការប្រទៈឃើញពុទ្ធសាសនាមហាយាននៅចំប៉ា និង សៀម ។ យើងក៏បានសំអាងទៅលើឯកសារ ក្នុងស្រុកខ្មែរផ្ទាល់ឯដរ តាមរយៈសិលាចារឹកប្រាង្គសាទ បដិមាសិល្បៈនាសតវត្សទី៧និងទី៨។ កាលណាយើងនិយាយ ពីអរិយធម៌ខ្មែរ យើងតែងមានការពាក់ព័ន្ធដល់អរិយធម៌ប្រទេសដ៏ទៃទៀត ដូចជាសៀមជាដើម ។ ថ្វីត្បិតតែ ប្រទេសយើងមានអរិយសធម៌លូតលាស់ មានចំណាស់រហូតដល់ ១៤០០ ឬ ១៥០០ ឆ្នាំក៏ដោយ (៣០)។
២-២- សង្គមចេនឡា
សិលាចារឹកបានបញ្ជាក់ថា គេនិយមរាប់ញាតិដោយយកខ្សែតាមម្តាយ (៣០)។ ក្នុងការជ្រើសរើសគូរស្រករ គឺប្រុសៗទៅដណ្តឹងស្រីៗ ៖ រឿងព្រេងដំណាលថា ៖ មានប្រុសៗ និង ស្រី ៗ នាំគ្នាលេងល្បែងភ្នាល់គ្នាលើកភ្នំ (ភ្នំប្រុស ភ្នំស្រី) ដោយមានការសន្យាថា បើអ្នកណាលើកបានខ្ពស់ជាងអ្នកនោះឈ្នះគេ ។ បើខាងស្រីៗចាញ់ស្រី ត្រូវទៅដណ្តឹងប្រុស បើប្រុសៗចាញ់ប្រុសត្រូវចូលទៅដណ្តឹងស្រីៗវិញ ។ កាលដែលលេងល្បែងភ្នាល់គ្នាបែបនេះ លទ្ធផលត្រូវខាងប្រុសៗចាញ់ ដូច្នេះខាងប្រុសៗត្រូវចូលទៅស្តីដណ្តឹងស្រីៗ ។
ទំលាប់របស់អ្នកស្រុកសម័យចេនឡា ពេលទៅណាមកណាពាក់អាវក្រោះ និងកាន់អាវុធ ហើយបើកាល ណាមានរឿងបន្តិចបន្ទួច គេក៏ប្រយុទ្ធបង្ហូរឈាមគ្នាភ្លាម ។ ក្នុងពិធីបុណ្យសព កូនទាំងឡាយរបស់សពត្រូវបាយថ្ងៃ ត្រូវកោរសក់ ហើយត្រូវស្រែកយំយ៉ាងខ្លាំង ។ សពត្រូវបានគេបូជាក្នុងប៉ាឆាសង់ដោយឈើក្រអូប រួចគេរើសធាតុ ដាក់ក្នុងកោដិមាស ឬប្រាក់ ហើយយកទៅទំលាក់ចោលក្នុងទឹក ។ មានខ្លះគ្រាន់តែយកសពទៅដាក់ចោលក្នុងព្រៃ ស្មសានអោយសត្វស៊ី ។ ដល់ពេលឪពុកម្តាយស្លាប់ទៅ ពួកកូនដែលនៅលីវអាចទទួលយកមរតកដែលនៅ សេសសល់ តែបើសិនជាកូនទាំងនោះមានប្តីប្រពន្ធ ហើយបានទទួលមរតករួចនោះទ្រព្យសម្បត្តិ ដែលនៅសល់ត្រូវ គេបញ្ចូលទៅក្នុងឃ្លាំងជាតិ ។
ចំពោះវិស័យកសិកម្មវិញ ប្រជាជនសម័យចេនឡាមានការរីកចំរើនជាងនៅសម័យអាណាចក្រភ្នំ ។ ចំពោះ នយោបាយទឹកវិញ គេដាំស្រូវ Seigle ស្រូវ mil និង Cros millel ។ ចំពោះនយោបាយទឹកវិញ មានសភាព រឹតតែប្រសើរឡើងថែមទៀត ព្រោះប្រជាជនចេះនយោបាយទឹកដោយមានជីកស្រះ ឬអាងសំរាប់រក្សាទឹកទុកក្នុង ផ្ទៃក្រុង ។ ធ្វើដូច្នេះគេអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ ដែលជាកត្តាផ្តល់នូវលទ្ធភាពពង្រីកដីដាំដំណាំទៀតផង ។

ចំពោះផ្នែកវប្បធម៌វិញ ក្រៅពីភាសាសំស្ក្រឹតគេឃើញមានការប្រើភាសាខ្មែរ បុរាណក្នុងសិលាចារឹក ៖ សិលាចារឹកខ្មែរដំបូងដែលមានចុះកាលកំណត់ច្បាស់គឺ សិលាចារឹកអង្គរបុរី (៦១១) ។ ចំណែកឯវាលកន្ទេលវិញ បាននិយាយថា ៖ គេសូត្ររៀងរាល់ថ្ងៃនូវរឿងរាមាយណៈ រឿងមហាភារត និងគម្ពីរបុរាណ (៣២)។
ក្នុងរឿងសាសនា តាមរយៈសិលាចារឹកបានអោយដឹងថា មានការគោរពបូជា ចំពោះនិកាយផ្សេងៗដែល បានរួមរស់ជាមួយគ្នាក្នុងសតវត្សទី៧នេះ ។ ប្រជាជនមានការគោរពចំពោះព្រះសិវៈដែលបានក្លាយជាសាសនារបស់ ព្រះរាជា ។ រីឯជំនឿលើព្រះនារាយណ៍ និង ព្រះហរិហរៈនៅតែជាការគោរពបូជារបស់ប្រជាជន ។
ព្រះអង្គបានកសាងលីង្គ គិរិល និងរូបគោនន្ឌិន ដែលបានរៀបរាប់នៅក្នុង (K.440-442)។ ពិសេស ជាងនេះទៀតព្រះអង្គព្រមទាំងបានកសាងព្រះបដិមាករធ្វើអំពីមាសនៃរូបព្រះសិវៈញញឹម និងរូបគោនន្ឌិនធ្វើអំពី ប្រាក់ដែលជាយានជំនិះដ៏ពិសិដ្ឋរបស់ព្រះសិវៈនៅក្នុងមណ្ឌលតួ (S2)។
សិលាចារឹកនៅប្រាសាទក្រុមខាងត្បូង នៅតួប៉ម (S1)ក៏បានណែនាំអោយយើងស្គាល់ទេវរូបនៅក្នុងតួប៉ម (S­1)នេះដែរ ។ បាននិយាអំពីអាទិទេពឈ្មោះ ប្រហតេស្វរាស (Prahatecvarah)ក្នុង (K.442)។ សិលាចារឹក ( K.439) និង (K.148)ក៏បានបញ្ជាក់ប្រាប់យើងដែរថា ៖ ព្រះពុទ្ធសាសនាត្រូវបានស្តារឡើងវិញ ក្រោមរាជព្រះបាទ ជេន្ទ្រវរ្ម័ និងសិលាចារឹក (K.604)ក៏បានប្រាប់យើងថា ៖ នៅសម័យកាលបុរាណក៏មាននិយម ព្រះពុទ្ធសាសនាផងដែរ ។ ពុទ្ធសាសនាមហាយានចាប់ផ្តើមមានជោគជ័យយ៉ាងលឿន ហើយទទួលការគោរពអំពី ប្រជាជននៃឥណ្ឌូចិន ។ ប្រទេសកម្ពុជាបានគោរពពុទ្ធសាសនាមហាយាន ដែលលេចឡើងនៅក្នុងបដិមាសិល្បៈនៃ រចនាបថព្រៃក្មេង (៣៣)។







ហ្វូណន


            ជនជាតិខ្មែរសត្ថិនៅក្នុងក្រុមមន-ខ្មែរ ហើយបានមកកកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍នេះតាំងពី សម័យបុរេប្រវត្តិ ។ ចិនហៅថា ហ្វូណន ចំពោះមនុស្សដែលរស់នៅលើទីតាំងនៃឧបទ្វីប ។ ពាក្យ ហ្វូណន នេះចិន បុរាណអានថា ប៊ីយូណាម (៣) ពួកចិនបានដាក់ឈ្មោះ ហ្វូណន ដល់ប្រទេសមួយដែលទទួលឥទ្ធិពលក្លឹង្គ ក្នុង ចំណោមប្រទេសនៅលើឧបទ្វីប និងដែនកោះហើយដែលបានទទួលការរីកចំរើនក្នុងចន្លោះរវាងសតវត្សទី ១ និង សតវត្សទី ៦ នៃគ្រឹស្តសករាជ ។
-ចំណែកលោក G. Goedès (៤) បានយក់ថា ហ្វូណន ត្រូវនឹងពាក្យខ្មែរបុរាណ “វ្ន” ដែលសព្វថ្ងៃក្លាយជា “ភ្នំ”។ លោកបានបញ្ជាក់ថា ស្តេចនៅសម័យនោះមានឋានន្តរនាមថា “ស្តេចភ្នំ” ឬខ្មែរបុរាណហៅថា “កុរុងភ្នំ”។ ជនជាតិចិនក៏បានយកឋានន្តរនាមនេះ ប្រើសំរាប់ហៅប្រទេសដែលមានស្តេចដូចជា សៃលេន្ទ្រ នៃកោះជ្វា ។
-លោក E. Aymonier (៥) បានកត់សំគាល់ឃើញថាក្នុងសម័យបុរាណចិនមិនចេះវែកញែកមនុស្ស អោយដាច់ពីប្រទេសទេ ។ ពួកនេះច្រើនតែប្រើពាក្យតែមួយសំរាប់សំគាល់មនុស្សផង រាជធានីផង ឬក៏ឈ្មោះ ឬក៏ឋានន្តរនាមរបស់អ្នកដឹកនាំផង ។
ប្រទេសហ្វូណន ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រថៃ និងដីសណ្តនៃទន្លេមេគង្គ និងបាសាក់ ។ ហ្វូណន ជារដ្ឋមួយប្រកបរបរកសិកម្ម (ធ្វើស្រែឡើងទឹក) និងទប់ទឹកសំរាប់ប្រើប្រាស់ក្នុងរដូវប្រាំង ។ នេះគឺជាការស្គាល់ ប្រព័ន្ធធារាសាស្ត្រ ។ ប្រជាជនស្គាល់ការរីកចំរើនខាងសេដ្ឋកិច្ច ដោយធ្វើពាណិជ្ជកម្មហើយនឹងការទទួលអរិយធម៌ អំពីក្លឹង្គ ក្នុងពេលប្រទេសនេះធ្វើពាណិជ្ជកម្ម ។ ប្រទេសហ្វូណន ដែលមានដីប្រកបដោយជីជាតិ បានចូលប្រឡូក ក្នុងការដោះដូរក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ (៦) ។
នាសតវត្សទី ៣ នៃគ្រឹស្តសករាជ ទូតចិត្តបានមកដល់ទឹកដី ហ្វូណន ។ ពួកទូតទាំងនេះបានរៀបរាប់អំពី ការកកើតរាជាណាចក្រនេះ (តាមបែបរឿងព្រេង) ។ តាមរយៈនេះ គេក៏បានស្គាល់ដំណើរការនៃឥណ្ឌាភាវូបនីយ កម្មផងដែរ ។ ដំបូងគឺ ការធ្វើពាណិជ្ជកម្មនៃជនជាតិក្លឹង្គ (៧) ។ ក្រោយមកក្លឹង្គ និងប្រជាជន ហ្វូណន រួមរស់ជាមួយ គ្នា ការរៀបអាពាហ៍ពិពាហ៍ ។
ដើមសតវត្សទី ៣ ព្រះរាជារបស់ហ្វូណនាបានបញ្ជូនរាជទូតទៅប្រទេសចិន និង ប្រទេសក្លីង្គ ។ ទំនាក់ទំនង និង ឥទ្ធិពលរបស់ក្លីង្គ ចេះតែរីកចំរើននាសតវត្សទី៤ និង ទី៥ នៃគ្រឹស្តសករាជ (៨) ។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងដល់ការគ្រងរាជ្យនៃព្រះរាជហ្វូណន និង ទំនាក់ទំនងរវាងក្លីង្គ និង ចិន មានចែងពិស្តារក្នុងសម័យហ្វូណន និងទំនាក់ទំនងតាមរយៈព្រះសង្ឃក្លីង្គព្រះនាម នាគសេន ហើយនិងព្រះសង្ឃ ហ្វូណនដែលបាននិមន្តទៅបកប្រែ គម្ពីរពុទ្ធសាសនាជាភាសាចិន (៩) ។
ប្រទេសទាំងឡាយនៅតំបន់អាស៊ីអាគ្នេយ៍ មានខ្មែរ ចាម ឥណ្ឌូនេស៊ី និង ម៉ាលេស៊ី សុទ្ធតែបានទទួលអរិយ ធម៌របស់ក្លីង្គ ។ ពួកក្លីង្គដែលមកកាន់ប្រទេសហ្វូណនគឺ អ្នកជំនួញ និង អ្នកភាសខ្លួន ។ បន្ទាប់មកគឺពួកអភិជន និង ពួកព្រាហ្មណ៍ ។ ប្រជាជនម្ចាស់ស្រុកបានស្រូបយកជំនឿ សាសនា បច្ចេកទេសកសិកម្ម និង ការចេះដឹងអំពីពួក បរទេសទាំងនោះ ។
តារាងបង្ហាញការទទួលវប្បធម៌អំពីក្លឹង្គ (១០)

ខ្មែរ
សតវត្សទី ៦
ក្លឹង្គ

- ភាសា
- ជំនឿក្នុងស្រុក
ខ្មែរកើតជាប្រទេស

- ភាសា
- សាសនា
- វិជ្ជា
- អក្សរសាស្ត្រ
- សិល្បៈ
- លទ្ធិស្តេច
សម័យក្រោយមក (ចេនឡា) ខ្មែរបានប្រែក្លាយទុនបរទេសអោយក្លាយជាទម្រង់បែបខ្មែរជាបន្តបន្ទាប់ ក្នុងទស្សនៈក៏ដូចជាក្នុងទម្រង់ស្ថាបត្យកម្ម និង សិល្បៈ ។ ទែប្រពៃណីតាំងពីសម័យហ្វូណននៅតែមានជីវិត ហើយ ចេនឡាបានស្រង់យកគំនិតនានា នាសម័យមុន ដើម្បីផលិតចេញនូវសិល្បៈមួយដែលប្រកបដោយសោភ័ណ ។            នៅអាណាចក្រភ្នំ ខ្មែរបានកសាងអរិយធម៌មួយដ៏ត្រចះត្រចង់ ហើយព្រមទាំងបានពង្រីកអំណាចរបស់ខ្លួន យ៉ាងរហ័សនៅលើអាង (ជលសីមា) នៃទន្លេមេគង្គភាគខាងក្រោម ហើយប្រហែលជាឡើងដល់កំពូលនៃអំណាច របស់ពួកគេ ក្រោមរជ្ជកាលស្តេច កៅណ្ឌិន្យជ័យវរ្ម័ន នៅដើមសតវត្សទី ៦ ។ កំណើនគ្រានេះត្រូវបានគេកត់ទុកក្នុង បញ្ញត្តិនៃអាណាចក្រភ្នំ ដែលជាការផ្លាស់ប្តូរឯកអគ្គរាជទូតគ្នាទៅវិញទៅមក បានប្រព្រឹត្តទៅរវាងស្តេចអង្គនេះ និង អធិរាជនៃប្រទេសចិន (១១) ។

ប្រាសាទ “សម្បូណ៍ព្រៃគុក”

សេចក្តីផ្តើម

ហ្វូណន

ចេនឡា


“សម្បូណ៍ព្រៃគុក”

សេចក្តីផ្តើម
ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅលើជ្រោយតំបន់អាស៊ីអាគ្នេយ៍ ហើយទទួលរបបខ្យល់មូសុង (ក្តៅ-សើម)។ កត្តាអាកាសធាតុបែបនេះ អនុគ្រោះយ៉ាងខ្លាំងដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិនានា ដែលជាសម្បត្តិ ធម្មជាតិសំរាប់ប្រទេសនេះ ។ បន្ថែមទៅលើមរតកធម្មជាតិនេះ ប្រទេសកម្ពុជាមានប្រាង្គប្រាសាទនិងរមណីយដ្ឋាន ដ៏ច្រើនទៀតនៅលើទូទាំងផ្ទៃប្រទេស ។ 
ក្នុងចំណោមស្ថាបត្យកម្មអំពី ឥដ្ឋ ថ្ម តូច ធំ ទោល ឬមានប្លង់ស្មុគ្រស្មាញ យើងអាចផ្តោតអារម្មណ៍ទៅលើ ក្រុមប្រាសាទនៅអង្គរ ដូចជាប្រាសាទភ្នំបាខែង ប្រាសាទមេបុណ្យ ប្រាសាទប្រែរូប ប្រាសាទបាពួន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ៘ ដែលជាកសិណក្នុងវិស័យការប្រើប្រាស់ប្រាជ្ញា និងការប៉ិនប្រសព្វនៃខ្មែរជំនាន់នោះ ។ 
យើងខ្ញុំមានអារម្មណ៍ដិតជាប់ទៅលើក្រុមប្រាសាទ “សម្បូណ៍ព្រៃគុក” ដែលតាមឯកសារប្រវត្តិសាស្ត្រ បានប្រាប់យើងថាជាសម័យនៃប្រទេសចេនឡាឡើងដល់ដំណាក់កាលយ៉ាងខ្ពស់នៃ “ធម្ម” ដែលប្រជាជនខ្មែរមាន របៀបរបបរស់នៅក្រោមការដឹកនាំនៃព្រះរាជាដ៏មានមហិទ្ធិរិទ្ធិ ។ ដោយយល់ថាវិស័យដទៃទៀត ក្នុងនោំមាន សិស្បៈផងដែរ ដែលអាចចាត់ទុកជាពុម្ព និង ខ្នាតនៃសិល្បៈខ្មែរសម័យខាងក្រោយ ទើបយើងបានស្នើដល់ក្រុម ប្រឹក្សា គរុកោសល្យនៃមហាវិទ្យាល័យបុរាណវិទ្យា ដើម្បីជ្រើសយកជាប្រធានបទសំរាប់សិក្សាស្វែងយល់បន្ថែម ទៅលើសម័យកាលនោះ ដែលអស់លោកអ្នកប្រាជ្ញាទាំងខ្មែរ ទាំងបរទេសបានសិក្សាយ៉ាងច្រើនរួចមកហើយ ពិសេសវិស័យសិលាចារឹក ។ 
ដោយយល់ថាក្រោយពីប្រទេសជាតិ បានវិលមករកសភាពដូចដើមវិញ ក្រោយពីសង្គ្រាមមនោគមវិជ្ជា ១៩៧៥ ព្រះរាជាណាចក្រកម្ពុជាឈានទៅរកដំណាក់កាលអភិវឌ្ឍន៍ថ្មី ។ ដូចនេះយើងខ្ញុំមានបំណងស្រាវជ្រាវ ចងក្រងអ្វីដែលមានមុនឆ្នាំ ១៩៧៥ និងត្រួតពិនិត្យបន្ថែមអ្វីដែលនៅសេសសល់ និង អ្វីខ្លះដែលត្រូវបន្ថែមដូចជា សំណល់នៃប្រាង្គប្រាសាទ បណ្តាញធារាសាស្ត្រ ហើយនឹងបរិស្ថានជុំវិញ ដោយគួបផ្សំជាមួយប្រវត្តិសាស្ត្រ និងរឿង ព្រេង ហើយនឹងការចងចាំរបស់ព្រឹទ្ធាចារ្យនៃតំបន់នោះផង នាចុងទសវត្សឆ្នាំ ១៩៩៥-១៩៩៦ នេះ ។ 
នៅក្នុងចំណោមប្រទេស ដែលមានទីតាំងនៅលើភូមិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រទេសភូមា បច្ចុប្បន្ន និងមានប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូណេស៊ី ប្រទេស កម្ពុជា មានប្រវត្តិសាស្ត្រពិតរបស់ខ្លួន ដែលធ្លាប់មានព្រំដែនលាតសន្ធឹងទៅឆ្ងាយនាភាគខាងជើង និងខាងត្បូង តាំងពីការកកើតរាជាណាចក្រ ព្យុ នៅលើទឹកដីមកដំណាលគ្នា និងការវាតទីនៃអំពូរ ព្យុ ថៃ ភូមា ម៉ុងគោល និង ខ្មែរ ។ តាមរយៈនៃការធ្វើអន្តោប្រវេសកម្ម នៃសាសន៍ខាងលើដែលធ្វើដំណើរអំពីតំបន់ខាងជើង ហើយមកតាំងទី នៅលើផែនដីដែលមានអំណោយផលសំរាប់ចិញ្ចឹមជីវិត ដូចជានៅក្នុងតំបន់ វាលរាបនៃទន្លេ អ៊ីរ៉ាវ៉ាឌីសាល់វិន ទន្លេមេណាម និងទន្លេមេគង្គ ។ ប្រជាជនពោលខាងលើបានបង្កើតជារាជាណាចក្ររៀងៗខ្លួន ហើយទទួលយកវប្ប ធម៌ពីគឺ ៖ ក្រុមប្រទេសទទួលវប្បធម៌ក្លឹង្គ និងក្រុមប្រទេសទទួលវប្បធម៌ចិន ។ 
ប្រទេសកម្ពុជា ដែលមានកំណើតចេញអំពីចេនឡា បានទទួលឥទ្ធិពលវប្បធម៌ក្លឹង្គដូចប្រទេសភូមា ឥណ្ឌូណេស៊ី ម៉ាឡេស៊ីដែរ ។ ក្លឹង្គបានយក “ធម្ម” (១) មកសាបព្រោះទៅលើប្រទេសដែលយើងហៅថា ៖
“ប្រទេសទទួលឥទ្ធិពលក្លឹង្គ”
តាមរយៈឯកសារសរសេរនៃប្រទេសចិន (២) យើងបានស្គាល់ឈ្មោះហ្វូណន (នគរភ្នំ) និងចេនឡា ដែលបានក្លាយជាប្រទេសកម្ពុជាបច្ចុប្បន្ន ។ ព្រះមហាក្សត្រចេនឡាបានកសាងអរិយធម៌របស់ខ្លួននៅលើទឹកដីនៃ អតីតទីក្រុងឦសានបុរៈ ។ ទីនោះមានប្រាសាទកសាងអំពីឥដ្ឋជាច្រើន ព្រមទាំងភស្តុតាងនៃការប្រើប្រាស់អក្សរ សំស្ក្រឹត ហើយនឹងក្បាច់លំអដែលរក្សាទម្រង់ដើមនៃក្បាច់លំអបែបក្លឹង្គ នាសម័យបាល្លាវា (Pallava) ។ បន្ថែម ពីលើទម្រង់សិល្បៈ យើងក៏បានយល់ដឹងបន្ថែមអំពីទស្សនៈសាសនា ដែលនៅលាយឡំជាមួយតថភាពនៃទម្រង់ ស្ថាបត្យកម្មនាសម័យឦសានបុរៈ ។ ក្រោយពេលដែលយើងបានមិនទាំងស្រុង អំពីវប្បធម៌ពោលខាងលើ យើង មានឆន្ទះមួយដ៏មោះមុត ដើម្បីស្វែងយល់បន្ថែមនូវវប្បធម៌ដែលកប់បាត់តាំងពីសតវត្សទី ៧ នៃគ្រឹស្តសករាជ ។ យើងខិតខំចងក្រងប្រមូលផ្តុំនូវភស្តុតាងដែលមានសេសសល់ ដែលបង្កើតជាឯកសារសរសេរ ឯកសារគំនូរ និង រូបថត ហើយនឹងបញ្ចូលនូវភស្តុតាងថ្មីៗ ដែលយើងបានប្រទះឃើញនាបច្ចុប្បន្ន តាមរយៈពត៌មានដែលផ្តល់ដោយ អ្នកស្រុកដែលនៅក្នុងតំបន់នោះ និងការចុះពិនិត្យផ្ទាល់ដល់ទីកន្លែង ដើម្បីសំរេចបាននូវនិក្ខេបបទនេះឡើង ។ 
ដោយសារប្រាសាទនៅតំបន់សម្បូណ៍ព្រៃគុកមានច្រើនក្រុម និងសង់មានលក្ខណៈស្អេកស្កះ ការសិក្សាត្រូវ ចំណាយពេលវេលាវែងឆ្ងាយតទៅទៀត ពោលគឺ យើងខ្ញុំមិនអាចធ្វើការសិក្សាលើកិច្ចការងារធំៗទាំងនេះអោយ អស់ក្នុងពេលវេលាជាមួយគ្នាតែម្តងបាន ។ ទោះបីជាយើងដឹងថាមានប្រាសាទជាច្រើនទៀតក៏ដោយ ព្រោះការ សិក្សាក្នុងនិក្ខេបបទនេះមានកំណត់ ។ 
យើងខ្ញុំសូមលើកយកតែប្រាសាទពីរក្រុម ៖
ប្រាសទក្រុមកណ្តាល និងប្រាសាទក្រុមខាងត្បូងមកចងក្រងជានិក្ខេបបទនេះឡើង ដើម្បីចូលរួមចំណែក ក្នុងការសិក្សាស្រាវជ្រាវទៅលើអតីតកាលរមណីយដ្ឋាននេះ ។