Wednesday, February 1, 2017

“សម្បូណ៍ព្រៃគុក”

សេចក្តីផ្តើម
ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅលើជ្រោយតំបន់អាស៊ីអាគ្នេយ៍ ហើយទទួលរបបខ្យល់មូសុង (ក្តៅ-សើម)។ កត្តាអាកាសធាតុបែបនេះ អនុគ្រោះយ៉ាងខ្លាំងដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិនានា ដែលជាសម្បត្តិ ធម្មជាតិសំរាប់ប្រទេសនេះ ។ បន្ថែមទៅលើមរតកធម្មជាតិនេះ ប្រទេសកម្ពុជាមានប្រាង្គប្រាសាទនិងរមណីយដ្ឋាន ដ៏ច្រើនទៀតនៅលើទូទាំងផ្ទៃប្រទេស ។ 
ក្នុងចំណោមស្ថាបត្យកម្មអំពី ឥដ្ឋ ថ្ម តូច ធំ ទោល ឬមានប្លង់ស្មុគ្រស្មាញ យើងអាចផ្តោតអារម្មណ៍ទៅលើ ក្រុមប្រាសាទនៅអង្គរ ដូចជាប្រាសាទភ្នំបាខែង ប្រាសាទមេបុណ្យ ប្រាសាទប្រែរូប ប្រាសាទបាពួន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ៘ ដែលជាកសិណក្នុងវិស័យការប្រើប្រាស់ប្រាជ្ញា និងការប៉ិនប្រសព្វនៃខ្មែរជំនាន់នោះ ។ 
យើងខ្ញុំមានអារម្មណ៍ដិតជាប់ទៅលើក្រុមប្រាសាទ “សម្បូណ៍ព្រៃគុក” ដែលតាមឯកសារប្រវត្តិសាស្ត្រ បានប្រាប់យើងថាជាសម័យនៃប្រទេសចេនឡាឡើងដល់ដំណាក់កាលយ៉ាងខ្ពស់នៃ “ធម្ម” ដែលប្រជាជនខ្មែរមាន របៀបរបបរស់នៅក្រោមការដឹកនាំនៃព្រះរាជាដ៏មានមហិទ្ធិរិទ្ធិ ។ ដោយយល់ថាវិស័យដទៃទៀត ក្នុងនោំមាន សិស្បៈផងដែរ ដែលអាចចាត់ទុកជាពុម្ព និង ខ្នាតនៃសិល្បៈខ្មែរសម័យខាងក្រោយ ទើបយើងបានស្នើដល់ក្រុម ប្រឹក្សា គរុកោសល្យនៃមហាវិទ្យាល័យបុរាណវិទ្យា ដើម្បីជ្រើសយកជាប្រធានបទសំរាប់សិក្សាស្វែងយល់បន្ថែម ទៅលើសម័យកាលនោះ ដែលអស់លោកអ្នកប្រាជ្ញាទាំងខ្មែរ ទាំងបរទេសបានសិក្សាយ៉ាងច្រើនរួចមកហើយ ពិសេសវិស័យសិលាចារឹក ។ 
ដោយយល់ថាក្រោយពីប្រទេសជាតិ បានវិលមករកសភាពដូចដើមវិញ ក្រោយពីសង្គ្រាមមនោគមវិជ្ជា ១៩៧៥ ព្រះរាជាណាចក្រកម្ពុជាឈានទៅរកដំណាក់កាលអភិវឌ្ឍន៍ថ្មី ។ ដូចនេះយើងខ្ញុំមានបំណងស្រាវជ្រាវ ចងក្រងអ្វីដែលមានមុនឆ្នាំ ១៩៧៥ និងត្រួតពិនិត្យបន្ថែមអ្វីដែលនៅសេសសល់ និង អ្វីខ្លះដែលត្រូវបន្ថែមដូចជា សំណល់នៃប្រាង្គប្រាសាទ បណ្តាញធារាសាស្ត្រ ហើយនឹងបរិស្ថានជុំវិញ ដោយគួបផ្សំជាមួយប្រវត្តិសាស្ត្រ និងរឿង ព្រេង ហើយនឹងការចងចាំរបស់ព្រឹទ្ធាចារ្យនៃតំបន់នោះផង នាចុងទសវត្សឆ្នាំ ១៩៩៥-១៩៩៦ នេះ ។ 
នៅក្នុងចំណោមប្រទេស ដែលមានទីតាំងនៅលើភូមិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រទេសភូមា បច្ចុប្បន្ន និងមានប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូណេស៊ី ប្រទេស កម្ពុជា មានប្រវត្តិសាស្ត្រពិតរបស់ខ្លួន ដែលធ្លាប់មានព្រំដែនលាតសន្ធឹងទៅឆ្ងាយនាភាគខាងជើង និងខាងត្បូង តាំងពីការកកើតរាជាណាចក្រ ព្យុ នៅលើទឹកដីមកដំណាលគ្នា និងការវាតទីនៃអំពូរ ព្យុ ថៃ ភូមា ម៉ុងគោល និង ខ្មែរ ។ តាមរយៈនៃការធ្វើអន្តោប្រវេសកម្ម នៃសាសន៍ខាងលើដែលធ្វើដំណើរអំពីតំបន់ខាងជើង ហើយមកតាំងទី នៅលើផែនដីដែលមានអំណោយផលសំរាប់ចិញ្ចឹមជីវិត ដូចជានៅក្នុងតំបន់ វាលរាបនៃទន្លេ អ៊ីរ៉ាវ៉ាឌីសាល់វិន ទន្លេមេណាម និងទន្លេមេគង្គ ។ ប្រជាជនពោលខាងលើបានបង្កើតជារាជាណាចក្ររៀងៗខ្លួន ហើយទទួលយកវប្ប ធម៌ពីគឺ ៖ ក្រុមប្រទេសទទួលវប្បធម៌ក្លឹង្គ និងក្រុមប្រទេសទទួលវប្បធម៌ចិន ។ 
ប្រទេសកម្ពុជា ដែលមានកំណើតចេញអំពីចេនឡា បានទទួលឥទ្ធិពលវប្បធម៌ក្លឹង្គដូចប្រទេសភូមា ឥណ្ឌូណេស៊ី ម៉ាឡេស៊ីដែរ ។ ក្លឹង្គបានយក “ធម្ម” (១) មកសាបព្រោះទៅលើប្រទេសដែលយើងហៅថា ៖
“ប្រទេសទទួលឥទ្ធិពលក្លឹង្គ”
តាមរយៈឯកសារសរសេរនៃប្រទេសចិន (២) យើងបានស្គាល់ឈ្មោះហ្វូណន (នគរភ្នំ) និងចេនឡា ដែលបានក្លាយជាប្រទេសកម្ពុជាបច្ចុប្បន្ន ។ ព្រះមហាក្សត្រចេនឡាបានកសាងអរិយធម៌របស់ខ្លួននៅលើទឹកដីនៃ អតីតទីក្រុងឦសានបុរៈ ។ ទីនោះមានប្រាសាទកសាងអំពីឥដ្ឋជាច្រើន ព្រមទាំងភស្តុតាងនៃការប្រើប្រាស់អក្សរ សំស្ក្រឹត ហើយនឹងក្បាច់លំអដែលរក្សាទម្រង់ដើមនៃក្បាច់លំអបែបក្លឹង្គ នាសម័យបាល្លាវា (Pallava) ។ បន្ថែម ពីលើទម្រង់សិល្បៈ យើងក៏បានយល់ដឹងបន្ថែមអំពីទស្សនៈសាសនា ដែលនៅលាយឡំជាមួយតថភាពនៃទម្រង់ ស្ថាបត្យកម្មនាសម័យឦសានបុរៈ ។ ក្រោយពេលដែលយើងបានមិនទាំងស្រុង អំពីវប្បធម៌ពោលខាងលើ យើង មានឆន្ទះមួយដ៏មោះមុត ដើម្បីស្វែងយល់បន្ថែមនូវវប្បធម៌ដែលកប់បាត់តាំងពីសតវត្សទី ៧ នៃគ្រឹស្តសករាជ ។ យើងខិតខំចងក្រងប្រមូលផ្តុំនូវភស្តុតាងដែលមានសេសសល់ ដែលបង្កើតជាឯកសារសរសេរ ឯកសារគំនូរ និង រូបថត ហើយនឹងបញ្ចូលនូវភស្តុតាងថ្មីៗ ដែលយើងបានប្រទះឃើញនាបច្ចុប្បន្ន តាមរយៈពត៌មានដែលផ្តល់ដោយ អ្នកស្រុកដែលនៅក្នុងតំបន់នោះ និងការចុះពិនិត្យផ្ទាល់ដល់ទីកន្លែង ដើម្បីសំរេចបាននូវនិក្ខេបបទនេះឡើង ។ 
ដោយសារប្រាសាទនៅតំបន់សម្បូណ៍ព្រៃគុកមានច្រើនក្រុម និងសង់មានលក្ខណៈស្អេកស្កះ ការសិក្សាត្រូវ ចំណាយពេលវេលាវែងឆ្ងាយតទៅទៀត ពោលគឺ យើងខ្ញុំមិនអាចធ្វើការសិក្សាលើកិច្ចការងារធំៗទាំងនេះអោយ អស់ក្នុងពេលវេលាជាមួយគ្នាតែម្តងបាន ។ ទោះបីជាយើងដឹងថាមានប្រាសាទជាច្រើនទៀតក៏ដោយ ព្រោះការ សិក្សាក្នុងនិក្ខេបបទនេះមានកំណត់ ។ 
យើងខ្ញុំសូមលើកយកតែប្រាសាទពីរក្រុម ៖
ប្រាសទក្រុមកណ្តាល និងប្រាសាទក្រុមខាងត្បូងមកចងក្រងជានិក្ខេបបទនេះឡើង ដើម្បីចូលរួមចំណែក ក្នុងការសិក្សាស្រាវជ្រាវទៅលើអតីតកាលរមណីយដ្ឋាននេះ ។ 

No comments:

Post a Comment