Sunday, September 4, 2016

តា​ខ្មៅ

ហេតុអ្វី​បានជា​គេ​សង់​រូបសំណាកលោកតា​ខ្មៅ បែរមុខ​ឯកទិស​? តើ​លោកតា​ខ្មៅជានរ​ណា​?
ថ្ងៃ ចន្ទ ទី ៣១ ខែ សីហា ឆ្នាំ ២០១៥ ម៉ោង ០៨:៥៩



ខេត្តកណ្តាល: តាំងពី​អាជ្ញាធរ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ បាន​សាងសង់​រូបសំណាក​លោកតា​ខ្មៅ នៅ​រង្វង់​មូល​កណ្តាល​ក្រុង​តាខ្មៅ ត្រង់ចំណុច​ផ្លូវបែក​ជា​៤ រហូតមកដល់​បច្ចុប្បន្ន​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ពិសេស​ថ្ងៃសីល គេ​តែង​ឃើញ​មនុស្សម្នារ​បាន​ទៅ​អុជ​ធូប​សំពះ​គោរពបូជា​បន់ ស្រន់ និង​សុំ​ទឹកមន្ត​ពី​លោកតា​ខ្មៅ សូម្បីតែ​នៅ​ថ្ងៃ​សែន​ក្បាលទឹក​ឆ្នាំនេះ ក៏​គេ​នៅ​បានឃើញ​មនុស្សជាច្រើន ទាំងចាស់​ក្មេង ប្រុស​ស្រី មក​បន់ស្រន់​សុំ​ឬ​ទ្ធិ​បារមី​ពី​លោកតា​ខ្មៅ​ផងដែរ​។

​ចំណែក​សំណង់​រូបសំណាកលោកតា​ខ្មៅ លោកអ្នក​បានឃើញ​ហើយ ហេតុអ្វី​បានជា​គេ​សង់​រូប​បែរមុខ​ទៅ​តែ​ម្ខាង (​បែរមុខ​ឯកទិស)?

​ការសង់​រូប​បែបនេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រុង​តាខ្មៅ​ព្រមទាំង​អ្នកដំណើរ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ តែងតែមាន​ចម្ងល់​ជាខ្លាំង​។ ការសង់​បែបនេះ គឺ​ហាក់ដូចជា​បាន​បង្ហាញ ថា លោកតា​ខ្មៅ មិន​ចូលចិត្ត និង​មិន​ទទួលភ្ញៀវ ដែល​បានធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ​២ ផ្លូវជាតិ​លេខ​២១B មកពី​ភូមិ​ស្រុក​ផ្សេងៗ ចូលមក​ដល់ទី​ក្រុង​តាខ្មៅ​ឡើយ​។​

​ទាក់ទិន​នឹង​ការសង់​រូបសំណាកលោកតា​ខ្មៅ​បែរមុខ​ឯកទិស អ្នកយកព័ត៌មាន មិនអាច​សុំ​សង្ឃ​ដិ​កា​ពន្យល់​ពី​សម្តេចព្រះ​ឧ​ត្ត​ម​បញ្ញា ដូង ផង់ ព្រះចៅអធិការ​វត្ត​ព្រែក​ប្រាំង ស្ថិតក្នុង​ស្រុក​ពញាឮ ដែល​ព្រះ​អង្គជា​អ្នក​ផ្តួចផ្តើម​សាងសង់​រូបសំណាក​លោកតា​ខ្មៅ​នេះ​បានទេ​។​

​ប៉ុន្តែ​លោកសុខ អឿន ប្រធាន​មន្ទីរ​វប្បធម៌និង​វិចិត្រសិល្បៈខេត្តកណ្តាលបាន​ប្រាប់​ឲ្យ​ដឹងថា ការសាងសង់​រូបសំណាក​លោកតា​ខ្មៅ​នេះ គឺ​សម្តេចព្រះ​ឧ​ត្ត​ម​បញ្ញា ដូង ផង់ ព្រះចៅអធិការ​វត្ត​ព្រែក​ប្រាំងព្រះ​អង្គជា​អ្នក​ផ្តួច​ផ្តើមកសាងដោយមាន​ការអនុញ្ញាត​ពីស​ម្តេច​អគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក​បាន​ប្រមើល​ឃើញថា រូប​សំណាក​លោកតា​ខ្មៅ គឺ​ត្រូវ​សាងសង់​បែរមុខ​ទៅ​ទិស​ខាង ជើងបែរមុខ​ទៅ​ភ្នំពេញ ដើម្បី​គោរព​ទួល​ព្រះអង្គ​ដង​កើរ នៅក្នុង​រាជធានី​ភ្នំពេញ ទល់មុខ​វាំង​ចំណុច​ទន្លេ​បួន​មុខ​។ ពីព្រោះ​លោកតា​ខ្មៅ មានបុណ្យ​សក្តិ​តូច​ជាង​ព្រះអង្គ​ដង​កើរ​។
លោកតា​ខ្មៅ មាន​សិទ្ធិ​ត្រឹមតែ​ជា​សេនា​ការពារជា​មេទ័ពសម្រាប់​ការពារ​ព្រះអង្គ​ដង​កើរ ដែល មាន​អំណាច​បុណ្យ​សក្តិ​ ធំជាងគេ​នៅក្នុង​ប្រទេស កម្ពុជា។ ការកសាង​រូបរាង​ខ្នង​កោងខ្នង កំពឹស គឺ​សុទ្ធតែ​ជាការ​ប្រមើល​របស់​សម្តេចព្រះ​ឧ​ត្ត​ម​បញ្ញា ដុង ផង់ ទាំងអស់ ព្រះអង្គ​បាន​គង់​សមាធិ​មើលឃើញ​អញ្ចឹង​។​

​លោក សុខ អឿន និយាយថា វា​ជា​រឿង​ផ្លូវ​ងងឹត លោក​មិន​ហ៊ាន​និយាយ​ទេ យើង​អត់​មាន​ឯកសារ​អ្វី​ទេ ព្រោះ​មិនដឹង​មាន​ប្រវត្តិ​ប៉ុន្មាន​រយ​ជំនាន់​មកហើយ​ទេ យើង​មិនដឹង​ទេ​។
លោក សុខ អឿន បានបញ្ជាក់​បន្ថែមថា ចំពោះ​ឈ្មោះ​លោកតា​ខ្មៅ ប្រជាពលរដ្ឋ​ខ្លះ បាន​ហៅថា លោកតា​ម៉ៅៗ គឺ​មិនត្រូវ​ទេ ឈ្មោះ​ពិត គឺ​លោកតា​ខ្មៅ​។ ពីព្រោះ​កន្លងមក រាល់​ថ្ងៃទី​១០ ខែមេសា គេ​តែង​នាំគ្នា​ធ្វើបុណ្យ​លោកតា​ខ្មៅ​នៅ​រង្វង់​មូល​តាខ្មៅ ហើយក៏​ធ្លាប់មាន​គេ​ចូល​រូបលោក​តាខ្មៅ​មក​ស​ន្ថិ​ត ដោយ​លោកតា​ខ្មៅ​និយាយថា "​អញ​មិនមែន​ឈ្មោះ តា​ម៉ៅ​ទេ គឺ​ឈ្មោះ​តាខ្មៅ​"​។​
​ពាក់ព័ន្ធ​នឹង​ការចូល​រូប ការជឿជាក់​ទៅលើ​ឫទ្ធី​បារមី​របស់លោក​តាខ្មៅ គេ​តែងតែមាន​ចម្ងល់ និង​ចង់ដឹង​ពី​ប្រ​វត្តិលោកតា​ខ្មៅ តើ​គាត់​ជាន​ណា​?

​ជាការ​ពិតណាស់ នៅក្នុង​រជ្ជកាល​អាណាចក្រ​នគរ​ភ្នំ មាន​ឯកសារ​ខ្លះ​ចារ​ទុកជា​ប្រវត្តិ​សា​ស្ត្រ ដូចជា​ប្រ​វត្ត​នាង​សក់​ក្រអូប ប្រ​វត្តិភ្នំ​បា​យ៉ង់​កោ នៅ​រជ្ជកាល​ព្រះបាទ​ពញាយ៉ាត ក្នុង​សតវត្ស​ទី​៦​។ ចំពោះ​ប្រ​វត្តិ​តា​ពញា​ខ្មៅ ហៅ​តាខ្មៅ ពុំមាន​ឯកសារ​ចារ​ទុកជា​ប្រ​វត្តិ​សាស្ត្រ​ទេ ក្នុង​រជ្ជ​ការ​នេះ​។ ដូច្នេះ​ការស្រាវជ្រាវ​នូ​វប្រ​វត្តិលោកតា​ខ្មៅ ត្រូវ​ជួប​នូវ​ការលំបាក​ដោយ​ខ្វះ​មូលដ្ឋាន​ឯកសារ គឺ​សម្អាង​លើ​ការនិយាយ​តៗ​គ្នា​តែប៉ុណ្ណោះ​។​

​បើ​យោងតាម​ឯកសារ​របស់​សាលាក្រុង​តាខ្មៅ ដែល​តម្កល់ទុក និង​យោងតាម​ពុទ្ធ​ដិ​ការ​របស់​សម្តេច​ឧ​ត្ត​ម​បញ្ញា ដួង ផង់ គង់នៅ​វត្ត​ព្រែកប្រា​ងក្នុងស្រុក​ពញាឮនិង​លោកតា​លោកយាយ ​ចាស់ៗ​ជាច្រើន​ទៀត​ បាន​ដំណាល​ពី​ប្រ​វត្តិលោកតា​ខ្មៅ​ ឲ្យ​ដឹងថា នៅក្នុង​សម័យកាល​នោះ មានគ្រួសារ​កសិករ​មួយប្តី​ឈ្មោះចោម ប្រពន្ធ​ឈ្មោះ​ចៅ ប្រសូត្រ​បានកូន​ភ្លោះ​២​នាក់គឺ​ប្រុស​មួយ ស្រី​មួយ ដោយមាន​សម្បុរ​ខ្មៅ​ដូចគ្នា ខុសប្លែក​ពី​ក្មេង​ដទៃ​ដែល​អ្នកស្រុក​ភូមិ​គេ​ហៅថា អា​ខ្មៅ មី​ខ្មៅ​។
តា​ចោមយាយ​ចៅក៏​ដាច់ចិត្ត​យក​កូន​ទាំងពីរ​នាក់​ទៅ​ថ្វាយ​ព្រះរាជា​។ពេលនោះ​ព្រះរាជា​សព្វ​ ព្រះ​ហឫទ័យ​នឹង​កុមារ​ទាំងពីរក៏​សុំ​ទុក​នៅក្នុង​វាំង​គ្រាន់​បាន​រៀនអក្ស​លេខ​នព​ន្ត​នឹង​គេហើយ​ ក៏បាន​ប្រទាន​នូវ​មាសប្រាក់​កែវកង​មួយចំនួន​ដល់​តា​ចោម យាយ​ចៅ​ផងដែរ​។

អ្នកស្រុក​អ្នកភូមិ ក៏​គោរព​ស្រឡាញ់​តា​ចោម យាយ​ចៅ​គ្រប់ៗ​គ្នា​។ លុះដល់​ពេល​អ្នក​ទាំងពី​រ ស្លាប់ទៅ គេ​ក៏​ដាក់ឈ្មោះ​ភូមិ​នេះ​ថា ភូមិ​ចោមចៅ រហូតដល់​សព្វថ្ងៃ​។​

​កុមារ​ទាំងពីរ​នាក់​ប​ង​ប្អូន មាន​វ័យ​ពេញ​រូបរាង​ក្នុង​វាំង ខិតខំ​រៀន​សូវ​នូវ​អក្ស លេខ នព​ន្ត ក្បួន​យុទ្ធសាស្ត្រ​បាន​ចេះ​យ៉ាង​ស្ទាត់ជំនាញ ពិសេស​ខាង​វិជ្ជា​សីល​សាស្ត្រ ដូចជា ត្រៃ​យុទ្ធ ត្រៃវេទ ត្រៃភូមិ ពុំមាន​នរណា​ប្រៀបផ្ទឹម​បានឡើយ​។ ក្រោយមក ព្រះរាជា​ក៏បាន​ប្រាប់​អ្នក​ទាំងពីរ​ថា ដល់ពេល​វេលា​អ្នកត្រូវការ​ពារ​ទឹកដី​ហើយ គឺ​អ្នក​ខ្មៅ ត្រូវមាន​ភារកិច្ច​ការ​ពារ​ដែន​គោក ឯ​នាង​ម៉ៅ​ត្រូវមាន​ភារកិច្ច​ការពារ​ដែនសមុទ្រ​។​

​ក្នុង​រជ្ជកាល​នោះ នគរ​ខ្មែរ​ភាគច្រើន គឺ​ផ្ទៃ​ទឹក​គ្របដណ្តប់​មួយ​ភាគ​ធំ ដីគោក​មួយ​ភាគ​តូច គឺជា​ភ្នំ និង​ជា​ទួល​ខ្ពស់ អំណោយផល​ដល់​មនុស្ស​ក្នុងការ​រស់នៅ​បាន​។ ក្នុង​រជ្ជកាល​នោះ អ្នក​ខ្មៅ ឬ​តាខ្មៅ គ្រាន់តែ​ជា​មេដឹកនាំ​ក្រុម​កុលសម្ព័ន្ធ ឬ​ជា​មេ​តំបន់​មួយ​ប៉ុណ្ណោះ​។​

​ក្រោយពី​ការពិនិត្យ​មើល​ភូមិសាស្ត្រ​នៅ​តំបន់​កណ្តាល ជា​តំបន់​មាន​អំណោយផល​ល្អ មាន​ប្រជាជន​រស់នៅ​ច្រើន ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​ទៅ​តំបន់ភ្នំ​តា​ម៉ៅ ភ្នំ​បា​យ៉ាង​កោ …​។ អ្នក​ខ្មៅ ក៏​សម្រេចចិត្ត​រៀបចំ​តំបន់​កណ្តាល​នេះ ជាទី​តាំង​ប្រមូលផ្តុំ​ក្រុម​កុលសម្ព័ន្ធ និង​ចងក្រង​ជា​ក្រុម​ពួក​ជា​ខ្សែចង្វាក់​ងាយស្រួល​ក្នុងការ​គ្រប់គ្រង និង​ទំនាក់ទំនង​កា​ងារ​។

​នៅក្នុង​រជ្ជកាល​នោះ អ្នក​ខ្មៅ (​តាខ្មៅ​) មានឈ្មោះ​បោះ​សំឡេង​ជា​វរៈជន​ដ៏​អង់អាច​ក្លាហាន បង្ក្រាប​ខ្មាំងសត្រូវ​គ្រប់ទិសទី ជាពិសេស​ពូកែ​ខាង​វេទមន្ត​សីល​វិជ្ជា ការ​កំចាត់​នូវ​ជំងឺ​ឧ​ប​ទ្រុប​ចង្រៃ​ដែល​មក​យាយី​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់ ដែល​គាត់​គ្រប់គ្រង និង​ជា​អ្នករក្សា​ព្រៃ​រក្សា​ភូមិសាស្ត្រ រក្សា​ការពារ​វប្បធម៌​ប្រពៃណី រក្សា​ការពារ​ប្រ​វត្តិសាស្ត្រ​បូរណភាព​ទឹកដី​។​

​ក្រោយមក ព្រះរាជា​បាន​ប្រទាន​ងារ​ជា​មហាឧបរាជ ជា​មេទ័ព​គ្រប់គ្រង​នៅ​តំបន់​កណ្តាល និង​ប្រទាន​ងារ​ជា ពញា​ខ្មៅ ហៅ តាខ្មៅ ដើម្បី​ឲ្យ​ស័​ក្ត​សម​នឹង​មហា​កិត្តិយស​របស់គាត់ ដែល​មួយជីវិត​របស់គាត់​ដាក់ថ្វាយ​ចំពោះ​ព្រះរាជា និង​ជាតិ​មាតុភូមិ ដោយ​មិន​យកប្រពន្ធ​ឡើយ​។
លោកតា​ខ្មៅ មាន​បរិវា​ជាច្រើន ដូចជា តា​ដែក តា​ខ្វែវ តា​ហិន និង​យាយ​កូ​។ ចំ​ណែ​ដៃគូ​រួម​ជំនាន់ មានដូចជា តា​ដំបង​ដែក តា​ដំបងក្រញូង តា​ឃ្លាំងមឿង និង​យាយ​ម៉ៅ​។
ចំពោះ​លក្ខណៈ និង​ ភិនភាគ​ តាខ្មៅ មាន​មាឌធំ ក្រអាញ រាង​សង្វា​មូល កាន់​ដំបូង​ក្រញូង ពាក់អាវ​កាក់​វេ​ទិ​មន្ត ស្លៀក​ខោចែវ​ខ្លី ក្រវ៉ាត់​ចង្កេះ​ក្រមា​យ័ន្ត ជួតក្បាល​ក្រមា​វេទមន្ត មាន​ភ័​ក្រ​ម៉ឺងម៉ាត់ ភ្នែក​ស័ក្តិ​រៈ និង​មាន​ពុកមាត់​ផង​។ ក្នុង​រជ្ជកាល​នោះ តាខ្មៅ បាន​កសាង​មហា​ចេ​តី​យ៍​មួយ​យ៉ាង​ធំ​នៅ​ទីនោះ សម្រាប់​តម្កល់​អដ្ឋិធាតុ​វីរៈបុរស​អ្នក​ស្នេហារ​ជាតិ សម្រាប់​ទុកជា​កេរ្តិ៍ដំណែល​តំណ តទៅ និង​មាន​ការកសាង​ជា​វត្ត​អា​រ៉ា​ម​នៅទីនេះ​។​

​នៅក្នុង​ព​.​ស ២៤២៦ នៃ​គ​.​ស ១៨៨៣ ក៏មាន​ការកសាង​វត្ត​មួយ ឈ្មោះថា “ វត្ត​ក​ន្ថា​រាជ​វ​រ៉ា​រាម ” ហៅ វត្ត​តាខ្មៅ រហូតមកដល់​សព្វថ្ងៃ​នេះ​។
ក្រោយពី​លោកតា​ខ្មៅ បាន​ស្លាប់ទៅ វិញ្ញាណ​ក្ខ័​ន្ត​របស់គាត់​មិន​ទៅណា​ឆ្ងាយ​ទេ គឺ​នៅ​ស​ន្ថិ​ត​នៅក្នុង​ទី​វត្ត​តាខ្មៅ​នេះ ដោយមាន​រូប​ស្នង ឈ្មោះ វ៉េង ចាប នៅខាងមុខ​វត្ត​តាខ្មៅ សព្វថ្ងៃ​។ ចំពោះ​ទីតាំង​តាខ្មៅ​គ្រប់គ្រង​នេះ ក្រោយមក ក៏មាន​ឈ្មោះថា ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល រហូតមកដល់​សព្វថ្ងៃ​៕
http://everyday.com.kh/article/45433.html
Copyright © 1999 - 2016 Everyday, All right reserved.

No comments:

Post a Comment