ខ្ញុំសូមជូនសាវតារនៃឈ្មោះខេត្តកំពង់ចាមនេះ តាមសេចក្តីសៀវភៅសាវតារទាក់ទងភូមិសាស្ត្រខ្មែររបស់ លោក ឌឹក.គាម ដែលបោះពុម្ពនៅឆ្នាំ១៩៦៨ មានដូចខាងក្រោមដោយអត់កែប្រដូចតទៅ៖
ខ្ញុំសូមជូនប្រវត្តិខេត្តកំពង់ចាមនេះ តាមសេចក្តីស្រាវជ្រាវរបស់ខ្ញុំ ខ្ញុំមិនមែនចង់សរសេរពន្យល់លោកអ្នកអានឲ្យសព្វគ្រប់ តាំងពីកិច្ចការទាក់ទងនឹងរាជការទេ ខ្ញុំសូមបញ្ជាក់ត្រង់តែពាក្យថាកំពង់ចាមតែប៉ុណ្ណោះ។
តាមពាក្យបរម្បរាថា កំពង់ចាមជាកំពង់របស់ចាម តែយើងមិនដឹងថាតើកំពង់របស់ចាមសម្រាប់ងូតទឹក ឬ កំពង់របស់ចាមសម្រាប់នេសាទ។ រឿងនេះគួរឲ្យយើងចង់ដឹងដែរ ដើម្បីឲ្យដឹងពិតនូវឈ្មោះខេត្តនៃប្រទេសកម្ពុជា ដូចយ៉ាងកំពង់ចាមជាដើមនេះ។ តើខេត្តកំពង់ចាម ជាកំពង់របស់ចាមមែនឬមិនមែន? ចំពោះរឿងនេះ ខ្ញុំសូមជូនយោបល់ដូចតទៅនេះ៖
១- តាមផែនទីដែល លោក ម៉ារសេល នេរ (Marsel Ner) និយាយពីចាមនៅក្នុងប្រទេសឥណ្ឌូចិនលោកបានបង្ហាញថានៅប្រទេសកម្ពុជា ចាមច្រើននៅក្នុងភូមិទ្រា ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាមនិងជ្រោយចង្វា។ កន្លែង២នេះហើយ ដែលមានមណ្ឌលសាសនាម៊ុលស៊ុយម៉ង់ (Mulsulman)ច្រើន ត្រង់ទីតាំងខេត្តកំពង់ចាមក៏មានចាមដែរ តែមិនសូវច្រើនទេសម័យនេះ (១៩៦៨)។ ដូច្នេះពាក្យបរម្បរានេះ ក៏អាចសន្និដ្ឋានបានព្រោះថាភូមិខ្លះហៅថា ភូមិចាមដែរ ព្រោះចាមនៅច្រើន ប៉ុន្តែថាពាក្យបរម្បរាដូចជារកលាយលក្ខណ៍អក្សរគ្មាន។ មុននឹងលោកអ្នកអាចសន្និដ្ឋានថាត្រឹមត្រូវ យើងសូមសង្កេតន័យខាងក្រោមនេះសិន។
២- តាមយោបល់ លោក បូដាំង (Baudoin) ក្នុងសៀវភៅ Monographie de Kampong-Cham ថាខេត្តកំពង់ចាមនេះ គឺកំពង់រង់ចាំ។
៣- លោក ម៉ាដ្រូល (Madrolle) បាននិយាយថា លោកបានធ្វើដំណើរមកប្រទេសកម្ពុជា ហើយគាត់បានសរសេរសៀវភៅមួយក្បាលថា ខេត្តកំពង់ចាមពីដើម កំពង់ចាំ។ បើឈ្មោះនេះ លោក ម៉ាដ្រូល ថាកំពង់ចាំ តើគេចាំអ្វី? ត្រង់នេះលោកថា គេចាំសាឡាងឆ្លងទន្លេបិទនិងកំពង់ចាម។ កន្លែងដែលគេចាំសាឡាងឆ្លងសាឡាង គឺនៅត្រង់ជ្រោយថ្ម។ រឿងនេះដូចជាសមព្រោះថា សព្វថ្ងៃនេះក្តី (១៩៦៨) ពីអតីតកាលក្តី មនុស្សជាច្រើនរង់ចាំឆ្លងសាឡាងរវាងក្រុងទន្លេបិទ និងកំពង់ចាម។*
៤- តាមឯកសាររបស់ លោក កែវ ហង្ស ចាងហ្វាងរឺត្រែតសង្កាត់សួង (ឆ្នាំ២០០៨ វាបានក្លាយក្រុងសួង) ស្រុកត្បូងឃ្មុំ ដែលមានតំកល់នៅក្រុមទំនៀមទម្លាប់ថា កំពង់ចាម ពីដើមគេហៅថាកំពង់ចាំ។ តាមសេចក្តីដំណាលនៃឯកសារនេះថា កំពង់នេះគេមកចាំដង្ហែរសេ្តចបក្សីចាំក្រុងឆ្លងទៅត្រើយខាងកើត។ **
បើយើងយកឯកសាររបស់ លោក កែវ ហង្ស មកប្រៀបធៀបគ្នានឹងលោក ម៉ាដ្រូល ឃើញថាស្របគ្នា មានប្លែកគ្នាបន្តិចបន្តួចតែត្រង់៖
- លោក កែវ ហង្ស ថាចាំដង្ហែរស្តេចបក្សីចាំក្រុងទៅត្រើយខាងកើត។
- សៀវភៅ Circonscription de Kampong Cham ថាកំពង់រង់ចាំ។
- លោក ម៉ាដ្រូល ថាចាំឆ្លងសាឡាងទៅវិញទៅមក ពាក្យថា ចាំឆ្លងនេះឃើញថាស្របគ្នា។ លោកទាំងបីនេះមិនបាននិយាយពីសាសន៍ចាមសោះ ឃើញតែនិយាយពី សាឡាង បក្សីចាំក្រុង និងចាំ។
៥- នេះជាយោបល់របស់ខ្ញុំ។ រឿងខេត្តកំពង់ចាមនេះ យើងបានពិនិត្យទៅតាមផែនទីភូមិសាស្រ្តរួចហើយ យើងបែរមកពិនិត្យតាមអក្ខរាវិរុទ្ធម្តង។ ខ្មែរយើងពីដើមសរសេរច្រើនតែខ្ជីខ្ជាបន្តិច ដូចយ៉ាងសិលាចារឹកនគរវត្ត ខ្ញុំសូមជួនពាក្យខ្លះ កុំបីមាន សរសេរ កុំម្បីមាណ។ ខ្ញុំ គេសរសេរថាខ្ញុំម ឃើញថា គេចូលចិត្តមាននិគ្គហិត ហើយនៅឆ្លៀតប្រកបនឹងព្យញ្ជនៈ ម ទៀត។ ពាក្យថាកំពង់ចាម នេះក៏មានព្យញ្ជនៈ ម ដែរ ហើយនៅសិលាចរិកនគរវត្តមានពាក្យមួយ ចាំ សរសេរ ចាំម្ម(ឧទាហរណ៍៖ ខ្ញុំមសូមកុំល្លាំង អនុភាព្យបែកខ្លាំងលើស សាសធុតចាំម្ម ដូចព្រះហនុមាន***) ដូច្នេះពាក្យនេះ ចាំ គេអាចសរសេរបានថា ចាំម្ម ចាំម ចាម់ (ឧទាហរណ៍៖ ចាម់ នេះដែលអាចអានបានថាចាំ បានដែរ ជាហេតុមួយនាំឲ្យច្រឡំនឹងពាក្យថា សាសន៍ចាម បើសិនណាជាគេសរសេរគ្មានបន្តក់។ តែពាក្យថា ចាំ គេសរសេរមិនឲ្យប្រកបនឹង ម ទេ (១៩៦៨) តែសម័យនោះគេសរសេរមានទៅវិញ ដូច្នេះបានជាពាក្យថា កំពង់ចាំ ទៅជា កំពង់ចាម ទៅវិញ។
ការត្រិះរិះខាងអក្ខរាវិរុទ្ធឃើញថា ម៉ាដ្រូលក្តី សៀវភៅ Circonscription de Kampong Chamក្តី និងឯកសាររបស់ លោក កែវ ហង្ស ក្តីឃើញមានន័យដូចគ្នា ដូច្នេះយើងអាចសន្និដ្ឋានបានថា កំពង់ចាំ។
មតិខ្ញុំមិនចង់កែប្រែឈ្មោះ កំពង់ចាម ទៅជា កំពង់ចាំ ទេ ហេតុដែលខ្ញុំយកឈ្មោះខេត្តនេះមកជូន ព្រោះខ្ញុំចង់ឲ្យលោកអ្នកអានជ្រាបនូវឈ្មោះខេត្តនេះឲ្យបានច្បាស់នូវសាវតារដើម។ បើលោកអ្នកអានឃើញសាវតារឈ្មោះខេត្តនេះច្បាស់ ហើយមានជាលាយលក្ខណ៍អក្សរផង សូមសរសេរជូនពត៌មានមក ក្រុមទំនៀមទម្លាប់ខ្មែរ នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត។
*****
* បច្ចុប្បន្ននេះលែងមានសាឡាងហើយ ដោយសារគេសង់ស្ពាន គីហ៊្សូណា ពីឆ្នាំ២០០១។
** អាចរកអានបន្ថែមនៅសៀវភៅ ប្រវត្តិសាស្ត្រខ្មែរតាមសិលាចារឹក និងរឿងព្រេង ដោយ បណ្ឌិត រស់ ចាន់ត្រាបុត្រ។
*** សិលាចារិកនគរវត្ត ទំព័រ ១០៩។
នគរ ៣ច្បាំងគ្នា នគរស្តេចកន ជនជាតិចាម តាំងទ័ពនៅកំពង់ចាម នគរសៀម តាំងទ័ពនៅកំពង់សៀម នគរខ្មែរតាំងទ័ពនៅកំពង់ធំ។ សង្រ្គាម ១២ឆ្នាំ។ ដូច្នេះ កំពង់ចាម គឺកំពង់ចាមហ្នឹង៕
ReplyDelete