Friday, September 9, 2016

ព្រះបាទជ័យវរ្ម័នទី៧ (ឆ្នាំ១១៨១- ១២១៨)


ព្រះបិតា               ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី២
ព្រះមាតា             ព្រះនាម ចូឌាមណី
ព្រះអគ្គមហេសី   ព្រះនាងជយរាជទេវី និង ព្រះនាងឥន្រ្ទទេវី
                          ព្រះបាទជយវរ្ម័នទី៧ មានព្រះអគ្គមហេសី ២ព្រះអង្គ គឺព្រះនាងជយរាជទេវី និង                           
  ព្រះនាងឥន្រ្ទទេវី ។ ព្រះមហេសីទាំងពីរអង្គជាបងប្អូនបង្កើត ព្រះនាងជ័យរាជាទេវី រៀបអភិសេកមុនពេលដែលព្រះបាទជយវរ្ម័នទី៧ បានឡើងសោយរាជ្យ។ នៅក្រោយពេលដែលព្រះនាងជ័យរាជាទេវី បានសោយទីវង្គតទៅ ទើបព្រះនាងឥន្រ្ទទេវី  (ដែលជាព្រះរៀម) បានរៀបអភិសេកបន្ទាប់ទៀត។
ព្រះរាជបុត្រ             ស្រីន្ទកុមារា (៥អង្គ)
រឹបយកនគរចំប៉ា       (ឆ្នាំ១២០៣ -១២២៦) =២៣ ឆ្នាំ
ការកសាង
មន្ទីរពេទ្យចំនួន១០២នៅក្នុងផ្ទៃប្រទេសទាំងមូលដែល​មនុស្សក្នុងវណ្ណៈទាំងបួនអាចចូលព្យាបាលរោគបានដូចគ្នាៗ  
សាលាសំណាក់ ឬធម្មសាលាចំនួន១២១ នៅតាមបណ្តោយផ្លូវធំៗនៃអាណាចក្រថែមទៀតផង។
កសាងផ្លូវជាតិធំៗ ចំនួន៥ខែ្ស សម្រាប់ការធ្វើដំណើរឆ្លងកាត់អាណាចក្រ

ព្រះអង្គទ្រង់ឡើងគ្រងរាជ្យក្នុងព្រះជន្មាយុ ៥៦ព្រះវស្សាក្នុងឆ្នាំ១១៨១ នៃគ្រិស្តសករាជ នៅយសោធបុរៈគឺរាជធានីអង្គរ។
ព្រះបាទ​ជ័យវរ្ម័នទី៧ ជា​ព្រះរាជ​បុត្រ​របស់​ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី២ និង​ព្រះ​មាតា​ព្រះនាម ចូឌាមណី។ ក្នុង​ពេល​ដែល​ព្រះ​បិតា​ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត ហើយ​ព្រះបាទ​យសោវរ្ម័នទី២ ដែល​ជា​ព្រះ​ញាតិ​របស់​ព្រះ​បិតា​ព្រះអង្គ ឡើង​សោយរាជ្យ​ស្នង​នោះ ព្រះអង្គ​ទ្រង់​ជាប់​រវល់​ច្បាំង​ជាមួយ​ពួក​ចាម ឯ​ប្រទេស​ចំប៉ា ឯណោះ។ លុះ​ទ្រង់​ជ្រាប​ថា មាន​មន្ត្រី​ក្បត់​បះបោរ​ដណ្ដើម​រាជ្យ​ព្រះបាទ​យសោវរ្ម័នទី២ ព្រះអង្គ​ក៏​យាង​ត្រឡប់​មក​ពី​ប្រទេស​ចំប៉ា វិញ​យ៉ាង​លឿន ដើម្បី​ជួយ​ការពារ​ព្រះបាទ​យសោវរ្ម័នទី២។ ប៉ុន្តែ​ជា​ការ​ឥត​ប្រយោជន៍ ព្រោះ​ព្រះអង្គ​យាង​មក​មិន​ទាន់ ហើយ​មន្ត្រី​ក្បត់​បាន​ធ្វើ​គត់​ព្រះបាទ​យសោវរ្ម័នទី២ បាន ហើយ​ប្រកាស​ខ្លួន​ឡើង​សោយរាជ្យ​រួច​ទៅ​ហើយ។
ព្រះអង្គ​ក៏​ទ្រង់​គង់​យ៉ាង​ស្ងាត់​ស្ងៀម​នៅ​ក្នុង​ប្រទេស​កម្ពុជា រហូត​ដល់​មាន​ព្រឹត្តិការណ៍​ចាម វាយ​លុក​យ៉ាង​ធំ​សម្បើម ហើយ​ធ្វើ​គត់​ស្ដេច​ដណ្ដើម​រាជ្យ​បាន ដុត​បំផ្លាញ​ក្រុង​អង្គរ​ក្នុង​ឆ្នាំ​១១៧៧ នោះ ទើប​ព្រះអង្គ​ទ្រង់​សច្ចា​ថា នឹង​សងសឹក​វិញ​អោយ​ទាល់​តែ​បាន។ ព្រះអង្គ​ទ្រង់​បាន​ច្បាំង​តតាំង​នឹង​ចាម យ៉ាង​ស្វិតស្វាញ​ជា​ទី​បំផុត ដើម្បី​រំដោះ​ប្រទេស​ជាតិ​អោយ​រួច​ផុត​ពី​ការ​ជិះជាន់​របស់​បរទេស​នេះ។ ទី​បំផុត ព្រះអង្គ​ទទួល​បាន​ជោគជ័យ​ជា​ស្ថាពរ​ក្នុង​ចំបាំង​ជើង​ទឹក ដូច​មាន​រូប​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន និង​ប្រាសាទ​បន្ទាយឆ្មារ ជា​សក្ខីភាព​ស្រាប់។
ព្រះអង្គ​ទ្រង់​ឡើង​គ្រងរាជ្យ​ក្នុង​ព្រះ​ជន្មាយុ ៥៦​ព្រះ​វស្សា ក្នុង​ឆ្នាំ​១១៨១ នៃ​គ្រិស្តសករាជ នៅ​យសោធបុរៈ គឺ​រាជធានី​អង្គរ។
ព្រះបាទ​ជ័យវរ្ម័នទី៧ ជា​ព្រះមហាក្សត្រ​ដ៏​មាន​មហិទ្ធិឫទ្ធិ​បំផុត​ក្នុង​ព្រះរាជ​ពង្សាវតារ​នៃ​ប្រទេស​កម្ពុជា។ ក្នុង​វិស័យ​សឹក​សង្គ្រាម​ក្នុង​រាជ្យ​ព្រះអង្គ មាន​ការ​បះបោរ​ផ្ទៃ​ក្នុង​មួយ​នៅ​មល្យង​ខាង​ត្បូង ខេត្ត​បាត់ដំបង។ ព្រះអង្គ​បាន​បញ្ជា​អោយ​យុវ​ក្សត្រ​ចាម មួយ​អង្គ​ព្រះនាម​វិទ្យានន្ទ ដែល​បាន​មក​រស់នៅ​ប្រទេស​ខ្មែរ​តាំង​ពី​ក្មេង វាយ​កម្ចាត់​បាន​ដោយ​ជោគជ័យ។ ឯ​នគរ​ចំប៉ា វិញ ស្ដេច​ចាម ជ័យឥន្ទ្រវរ្ម័នទី៤ បាន​លើក​ទ័ព​មក​ឈ្លាន​ពាន​ប្រទេស​កម្ពុជា សាជាថ្មី។ ព្រះអង្គ​ក៏​បាន​បញ្ជូន​កងទ័ព​វាយ​បង្ក្រាប​រហូត​ដល់​ទី​បំផុត រឹប​យក​នគរ​ចំប៉ា ដាក់​ជា​អាណា​ខេត្ត​របស់​ប្រទេស​ខ្មែរ​បាន តាំង​ពី​ឆ្នាំ​១២០៣ រហូត​ដល់​ឆ្នាំ​១២២៦ នៃ​គ្រិស្ដសករាជ។ ឆ្នាំ​១២០៧ ព្រះបាទ​ជ័យវរ្ម័នទី៧ បាន​បញ្ជា​អោយ​ក្សត្រ​ចាម មួយ​អង្គ​ព្រះនាម​អង្សរាជ អោយ​លើក​ទ័ព​ចម្រុះ​ខ្មែរ ភូមា សៀម ទៅ​វាយ​ប្រទេស​យួន​ដៃ​វៀត។
ដើម​សតវត្សរ៍​ទី​១៣ នៅ​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័នទី៧ ប្រទេស​ខ្មែរ​មាន​វិសាលភាព​ធំ​ទូលាយ​ណាស់ គឺ​ខ្មែរ​អាច​គ្រប់គ្រង​លើ​ទឹក​ដី​ប្រទេស​ខ្មែរ​សព្វថ្ងៃ រាប់​ទាំង​ដែនដី​កម្ពុជា​ក្រោម​ផង ប្រទេស​ចំប៉ា ទាំង​មូល​ផង ទឹកដី​ប្រទេស​ឡាវ និង​ប្រទេស​ថៃ សព្វថ្ងៃ​ផង រួម​ទាំង​មួយ​ភាគ​នៃ​ជ្រោយ​ម៉ាឡាស៊ី រហូត​ដល់​ជ្រោយ​កោះក្រា ហើយ​និង​ប្រទេស​ភូមា រហូត​ដល់​ទន្លេ​សាលវិន។
ក្នុង​វិស័យ​សំណង់​វិញ ព្រះបាទ​ជ័យវរ្ម័នទី៧ ជា​ព្រះមហាក្សត្រ​ដែល​បាន​សាង​សមិទ្ធិ​ច្រើន​ជាង​គេ​បង្អស់។ ស្នា​ព្រះហស្ដ​ចម្បង​របស់​ព្រះបាទ​ជ័យវរ្ម័នទី៧ គឺ​ការ​រៀបចំ​កសាង​រាជធានី​អង្គរ ដែល​ចាម បាន​វាយ​បំផ្លាញ​ពី​ឆ្នាំ​១១៧៧ នោះ​អោយ​បាន​រៀប​រយ​ល្អ​ឡើង​វិញ ដោយ​មាន​កំពែង​ថ្មបាយក្រៀម និង​មាន​គូ​ទឹក​ព័ទ្ធ​ជុំវិញ​មាន​ប្រវែង ៣​គីឡូម៉ែត្រ​ក្នុង​មួយ​ជ្រុងៗ មាន​គោបុរៈ គឺ​ទ្វារ​ធំ​ចំនួន​៥ និង​មាន​ប្រាសាទ​បាយ័ន ដែល​មាន​កំពូល​សុទ្ធតែ​មាន​មុខ​៤ ដែល​គេ​ជឿ​ថា ជា​ព្រះ​ភ័ក្ត្រ​របស់​ព្រះ​ពោធិសត្វ​អវលោគិតិស្វរៈ ជា​ស្នូល​កណ្ដាល ដែល​យើង​និយម​ហៅ​ថា​ក្រុង​អង្គរទី៣។
នៅ​ជុំវិញ​ក្រុង​មាន​ប្រាសាទ​បន្ទាយក្ដី តាព្រហ្ម ព្រះខាន់ នាគព័ន្ធ តាសោម ក្រោលគោ និង​នៅ​តាម​ខេត្ត​មាន​ប្រាសាទ​បន្ទាយឆ្មារ (នៅ​ខេត្ត​បាត់ដំបង) វត្ត​នគរ (នៅ​ខេត្ត​កំពង់ចាម) តាព្រហ្មបាទី (នៅ​ខេត្ត​តាកែវ) និង​ប្រាសាទ​ជាច្រើន​ទៀត​ក្នុង​ទឹកដី​ថៃ សព្វថ្ងៃ ដូចជា ប្រាសាទ​វត្ត​មហាធាតុ (នៅ​ខេត្ត​លុបបុរី) ប្រាសាទ​ភិម័យ (នៅ​ខេត្ត​នគររាជ​សីមា) ប្រាសាទ​តាមាន់តូច (នៅ​ខេត្ត​សុរិន្ទ) ប្រាសាទ​កំផែង​លែង (នៅ​ខេត្ត​ពេជ្របុរី) ប្រាសាទ​កំពែងតូច (នៅ​ខេត្ត​ស៊ីសាកេត) ជាដើម។
ខាង​វិស័យ​សាសនា​វិញ ដូចជា ព្រះ​បិតា និង​ព្រះ​មាតា​ព្រះអង្គ​ដែរ ព្រះបាទ​ជ័យវរ្ម័នទី៧ និង​ព្រះរាជ​អគ្គមហេសី​ជ័យរាជទេវី ដែល​សោយ​ទិវង្គត​ទៅ ព្រម​ទាំង​ព្រះរាជ​អគ្គមហេសី​ឥន្ទ្រទេវី ដែល​ជា​ព្រះរៀម​របស់​ព្រះ​នាង​ជ័យទេវី ដែល​ព្រះអង្គ​បាន​រៀប​អភិសេក​ខាង​ក្រោយ ហើយ​ជា​ព្រះ​ក្សត្រី​ប្រកប​ដោយ​ចំណេះ​វិជ្ជា​យ៉ាង​ជ្រៅជ្រះ សុទ្ធតែ​ជា​ពុទ្ធសាសនិកជន​យ៉ាង​ប្ដូរ​ផ្តាច់។ ព្រះអង្គ​គោរព​ពុទ្ធសាសនា​មហាយាន ពិសេស​គឺ​គោរព​បូជា​ព្រះ​ពោធិសត្វ អវលោគិតិស្វរៈ ឬ​លោកេស្វរៈ។
ពិត​មែន​តែ​ព្រះអង្គ​កាន់​ពុទ្ធសាសនា ប៉ុន្តែ​ព្រះអង្គ​ក៏​បាន​ជួយ​ផ្គត់ផ្គង់​ថែ​រក្សា​ការពារ​ព្រហ្មញ្ញ​សាសនា អោយ​បាន​រីក​ចម្រើន​ផង​ដែរ។ ប្រាសាទ​ភ្នំ​ទាំង​ឡាយ​ដែល​ក្នុង​រាជ្យ​មុនៗ តម្កល់​លិង្គ​ទេវរាជ ហើយ​មក​ដល់​អង្គរវត្ត​នៃ​ព្រះបាទ​សូរ្យវរ្ម័នទី២ តម្កល់​ព្រះ​បដិមា​ព្រះវិស្ណុ ប្រាសាទ​បាយ័ន ដែល​ជា​ស្នូល​នៃ​អង្គរ​ទី​៣ ត្រូវ​បាន​ព្រះបាទ​ជ័យវរ្ម័នទី៧ តម្កល់​ព្រះ​បដិមា​ពុទ្ធរាជ​មួយ​អង្គ​យ៉ាង​ធំ​សម្បើម មាន​កម្ពស់​ជិត ៤​ម៉ែត្រ ឯកសារ​ខ្លះ​ថា​ដល់​ទៅ ៩​ម៉ែត្រ។ ព្រះបាទ​ជ័យវរ្ម័នទី៧ ទ្រង់​ជា​ព្រះមហាក្សត្រ​ប្រកប​ដោយ​ធម៌​ទសពិធ និង​មាន​ព្រហ្ម​វិហារ​ធម៌​សន្តោស​ប្រោស​ប្រណី​ដល់​អស់​សព្វ​សត្វ ដូច​សិលា​ចារឹក មន្ទីរពេទ្យ​របស់​ព្រះអង្គ​បាន​ចែង​ថា៖ «ជំងឺ​របស់​ប្រជារាស្ត្រ ធ្វើ​អោយ​ព្រះអង្គ​ឈឺ​ចាប់​ជាង​ជំងឺ​ផ្ទាល់​របស់​ព្រះអង្គ​ទៅ​ទៀត ព្រោះ​ថា គឺ​សេចក្តី​ឈឺ​ចាប់​សាធារណៈ​នេះ​ហើយ ជា​សេចក្តី​ឈឺ​ចាប់​របស់​ព្រះរាជា ពុំ​មែន​សេចក្តី​ឈឺ​ចាប់​ផ្ទាល់​ទេ ដែល​ធ្វើ​អោយ​ព្រះអង្គ​ឈឺ​ចាប់​នោះ»
ដោយសារ​ព្រះ​គតិបណ្ឌិត​ខាង​លើ​នេះ ព្រះអង្គ​បាន​សាង​មន្ទីរពេទ្យ​ចំនួន​១០២ នៅ​ក្នុង​ផ្ទៃ​ប្រទេស​ទាំង​មូល ដែល​មនុស្ស​ក្នុង​វណ្ណៈ​ទាំង​បួន​អាច​ចូល​ព្យាបាល​រោគ​បាន​ដូច​គ្នា ព្រម​ទាំង​សាលា​សំណាក់ ឬ​ធម្មសាលា​ចំនួន​១២១ នៅ​តាម​បណ្តោយ​ផ្លូវ​ធំៗ​នៃ​អាណាចក្រ​ថែម​ទៀត​ផង។
ព្រះបាទ​ជ័យវរ្ម័នទី៧ ទ្រង់​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​១១៨១។ គេ​មិន​បាន​ដឹង​ច្បាស់​ថា ព្រះអង្គ​ចូល​ទិវង្គត​នៅ​ឆ្នាំ​ណា​ពិត​ប្រាកដ​ទេ គេ​គ្រាន់​តែ​សង្ស័យ​ថា ព្រះអង្គ​ទំនង​ជា​បាន​សោយរាជ្យ​ដល់​ឆ្នាំ​១២១៨ នៃ​គ្រិស្ដសករាជ ហើយ​ពេល​ដែល​ព្រះអង្គ​សុគត​ទៅ ទ្រង់​បាន​ទទួល​ព្រះ​មរណនាម​ថា មហា​បរម​សៅគត។
ជីវប្រត្តិពី
 «ព្រះបាទជ័យវរ្ម័នទី៧»

ព្រះបាទជយវរ្ម័នទី៧ មានព្រះអគ្គមហេសី ២ព្រះអង្គ គឺព្រះនាងជយរាជទេវី និង ព្រះនាងឥន្រ្ទទេវី ។ ព្រះមហេសីទាំងពីរអង្គជាបងប្អូនបង្កើត ព្រះនាងជ័យរាជាទេវី រៀបអភិសេកមុនពេលដែលព្រះបាទជយវរ្ម័នទី៧ បានឡើងសោយរាជ្យ។ នៅក្រោយពេលដែលព្រះនាងជ័យរាជាទេវី បានសោយទីវង្គតទៅ ទើបព្រះនាងឥន្រ្ទទេវី  (ដែលជាព្រះរៀម) បានរៀបអភិសេកបន្ទាប់ទៀត។

ព្រះរាជជីវប្រវត្តិតាមសិលាចារឹក
ផ្ទាំងសិលាចារឹកដ៏ធំមួយនៃប្រាសាទព្រះខ័នស្ថិតនៅក្នុងខេត្តសៀមរាប អតីតទីក្រុងខែ្មរមហាអស្ចារ្យរុងរឿង ដែលលោក គែ្លហ្សិ៍ បានប្រទះឃើញ គឺលោក ហ្ស៊ក សេដែស ជាជនជាតិបារាំងសែស ដែលបានបោះពុម្ពផ្សាយ កាលពីឆ្នាំ ១៩៤១។ ការផ្សព្វផ្សាយនូវទិន្នន័យដ៏សំខាន់បំផុត ពាក់ព័ន្ធទៅនឹងព្រះរាជជីវប្រវតិ្តរបស់ព្រះបាទជយវរ័្មនទី៧ ព្រះមហាវីរក្សត្រនៅសម័យមហានគរ។ មតិមហាជនខែ្មរមួយចំនួន មិនទាន់បានជ្រាបអំពីព័ត៌‌មានចម្បងទាំងនេះឲ្យបានច្បាស់លាស់នៅឡើយទេ។ ប៉ុនែ្តអ្នកឯកទេសខាងប្រវត្តិសាស្រ្តកម្ពុជា បានលើកយកមកបកប្រែក្រៅផ្លូវការ ជូនជនរួមជាតិខែ្មរ ទុកជាការចេះដឹងទូទៅខាងប្រវត្តិសាស្រ្តមួយកម្រិតទៀត ។ គួររំលឹកផងដែរថា សិលាចារឹកនេះ (k-៩០៨) មានចារជាអក្សរទាំងអស់ចំនួន ១១១ គាថា។ បណ្ឌិតបុរាណវិទូខែ្មរ លោក មីសែល ត្រាណេ បានលើកឡើងថា "១៨គាថាដើមនៃសិលាចារឹកនេះ" មានលក្ខណៈដូចគ្នាបេះបិទទៅនឹងខ្លឹមសារនៃសិលាចារឹកប្រាសាទតាព្រហ្ម។ លោកបណ្ឌិតបានធ្វើការបកប្រែនូវគាថាមួយចំនួន ជាពិសេស គាថាជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័ន ទី ៧ ដូចតទៅនេះ៖

« ជាព្រះរាជាមួយព្រះអង្គ ដែលត្រូវបានព្រះរាជាទាំងពួង នៃដែនដីដែលនៅដៃមានកាន់យ៉ាងណែន មនុស្សគោរពសក្ការៈ។ ព្រះអង្គជាគតិបណ្ឌិតដ៏ឆ្នើមក្នុងចំណោមគតិបណ្ឌិតផងទាំងឡាយ ជាព្រះរាជបុត្រារបស់ព្រះរាជា ព្រះបាទស្រុតវរ័្មន និងព្រះបាទស្រីស្រេស្ថវរ្ម័ន ជាមនុស្សល្អប្រពៃ តាមរយៈព្រះសម្មិទ្ធិដ៏រុងរឿងថ្កើងថ្កាន ជាប្រភពនៃវង្សក្សត្រដ៏បរិសុទ្ធ » (គាថាទី ៦) ។

« ព្រះអង្គជាព្រះអាទិត្យនៅលើមេឃា ដែលជាវង្សត្រកូលកម្ពុជា ដែលបានប្រសូតឡើងនៅលើភ្នំខាងកើតនៃជយាទិត្យបុរៈ។ ព្រះអង្គបានដាស់បេះដូងផ្កាឈូកនៃ សព្វសត្វលោក ជាឃ្លាំងនៃភាពត្រចេះត្រចង់ ជាអធិរាជនៃស្រេស្ថបុរៈ » (គាថាទី ៧)។

« ប្រសូតឡើងក្នុងមហានគរនៃគ្រួសារខាងព្រះមាតា ដែលព្រះចន្ទចែងចាំងនូវកាំរស្មីព្រះកិត្តនាមល្អប្រពៃឥតខ្ចោះ ភ្លឺថ្លាដូចព្រះនាងលក្ស្មី ព្រះនាងបាននាំមុខកំពូលស្រ្តីទាំងឡាយ (គឺព្រះរាជិនី) កម្ពុជរាជលក្ស្មី » (គាថាទី ៨)”។

« ស្វាមីនៃដែនដីឯភវបុរៈ ព្រះបាទភវរ្ម័នទេវៈ ប្រកបដោយសម្រស់ដ៏ភ្លឺថ្លា ដែលនាំមកនូវមន្តសេ្នហ៍ចំពោះព្រះរាជនគររបស់ទ្រង់ ។ ពោរពេញទៅដោយទេពកោសល្យ ជាប្រភពកំណើតនៃ រាជវង្សានុវង្ស ដូចអ្នកដែលបានប្រកបដោយកាំរស្មីអមតៈ។ ព្រះអង្គបានសម្រាលនូវភាពឈឺចុកចាប់របស់ប្រជានុរាស្រ្តរបស់ទ្រង់ » (គាថាទៅ ៩)។

« អ្នកដែលមានអាកប្បកិរិយាល្អ ភាពល្បីល្បាញ វីរភាព ដែលគេមិនអាចស្តីបន្ទោសអ្វីៗ ទាំងអស់បានឡើយ ហើយទ្រង់បានប្រសូតក្នុងត្រកូលរបស់អ្នកនោះ ព្រមទាំងបានបង្កើតនូវកិច្ចការសម្រាប់មនុស្សគ្រប់មជ្ឈដ្ឋាន ព្រះបាទស្រីហស៌‌វរ្ម័ន ជាអ្នកបំផ្លាញសេចក្តីរីករាយរបស់សត្រូវក្នុងចម្បាំង ហើយមានព្រះរាជសកម្មភាពដ៏ថៃ្លថ្លា ដែលបានផ្សព្វផ្សាយចេញពីវាចាគ្រប់ទិសទី » (គាថាទី ១០)។

« តាមរយៈព្រះមហាក្សត្រ និងព្រះរាជមហេសីនេះ ព្រះនាងស្រីជយរាជចូឌាមនី បានមានកំណើតឡើង » … « ប្រៀបទៅនឹងធាត្រីដែលបង្កើតឡើងដោយភាពរឹងប៉ឹង ដូចកមលា ដោយសោភ័ណភាព ដូចអរុណោទ័យ ដោយអាកប្បកិរិយាដែលមិនអាចស្តីបន្ទោសបានឡើយ ដូចបៃត្រីដែលបានចាប់កំណើតដោយសប្បុរសធម៌‌ » (គាថាទី ១១-១២)។

« បានសោយរាជសម្បត្តិ នៅឯស្រីមន្តយសោធរបុរៈ ព្រះមហាក្សត្រជយវរ្ម័នទេវៈ ក្រោយពីផ្ទាញ់រលកនៃពួកសត្រូវ ព្រះអង្គបានបោះបង្គោលរហូតដល់សមុទ្រ បង្គោលនៃ ជ័យជំនះគ្រប់ទិសទី ព្រះអង្គ និងបុព្វការីជនប្រថាប់នៅឯមហិធរបុរៈ » (គាថាទី ១៣) ។

« ព្រះរាជបុត្រីរបស់ព្រះបាទស្រីហស៌‌វរ្ម័ន បានឲ្យកំណើតទៅមហាបុរសមួយរូប គឺ ព្រះបាទជយវរ្ម័ន ទី ៧ ប្រកបដោយថាមពលចែងចាំងដូចភ្លើងក្រហមឆ្អៅ បៀ្របដូចទៅនឹងព្រះនាងអទិតិ ដែលបានធ្វើឲ្យព្រាហ៌្មសីក្លាយទៅជាសេ្តចនៃពពួកទេវតា ដែលដោយសារការប្រណិប័តន៍ដ៏ល្អប្រពៃដើម្បីការការពារដែនដី បានសម្លាប់ពួកមេទ័ពបច្ចាមិត្ត » (គាថាទី ១៨)។

រួមសេចក្តីមក គ្មានអ្វីសង្ស័យឡើយ ព្រះបាទជ័យវរ្ម័នទី៧ ពិតជាវង្សមហាក្សត្រាខែ្មរយ៉ាងពិតប្រាកដ ដែលបានតពូជពង្សពីព្រះមហាវីរក្សត្រនាសម័យនគរភ្នំ និងចេនឡា ដ៏មាន មហិទ្ធិប្ញទិ្ធគួរឲ្យស្ញប់សែ្ញង ហើយព្រះអង្គក៏ជាមហាបុរសរដ្ឋ ដែលបានការពារដែនដីខែ្មរយើង ដោយមានការលះបង់ខ្ពស់ រកអ្វីបៀ្របពុំបានឡើយ។

ស្នាមព្រះហស្តក្នុងការកសាងផ្លូវជាតិធំៗ ចំនួន៥ ខែ្សក្នុងរជ្ជកាលព្រះអង្គ
មិនត្រឹមតែកសាងនូវ មន្ទីរពេទ្យនិងធម្មសាលា ប្រាសាទច្រើនរាប់មិនអស់ទេ ក្នុងរជ្ជកាលព្រះអង្គ ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានកសាងផ្លូវជាតិធំៗ ចំនួន៥ខែ្ស សម្រាប់ការធ្វើដំណើរឆ្លងកាត់អាណាចក្រ ។ លោក វង់ សុធារ៉ា សាស្រ្តាចារ្យសិលាចារឹកសាស្រ្ត និងប្រវត្តិសាស្រ្តខែ្មរ និងជាអនុប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ក្នុងរជ្ជកាលព្រះអង្គ ព្រះមហាវីរក្សត្រអង្គនេះបានទ្រង់កសាងផ្លូវគមនាគមន៍សំខាន់ៗចំនួន៥ខែ្ស ។ ខែ្សទី១ ផ្លូវខាងលិច ចាប់ពីយសោធបុរៈកាត់ភ្នំស្រុក តម្រង់ ទៅស្តុកកក់ធំ និងបន្ទាយឆ្មារ។  ខែ្សទី២ ផ្លូវនៅប៉ែកពាយ័ព្យប្រទេស ពីយសោធបុរៈទៅប្រសាទពិមាយ។  ខែ្សទី៣ ផែ្នកខាងជើង (មិនដឹងច្បាស់) គេរៀបរាប់បែបជាផ្លូវវង់មួយ គឺចេញពីរាជធានីទៅកាន់ទីក្រុងជ័យវតី ជ័យសិង្ហវតី ជ័យវីរតី ជយរាជគិរី ស្រីសុវីរបុរី មកដល់យសោធបុរៈវិញ។ ចំណែកខែ្សទី ៤ ផ្លូវឦសាន ពីរាជធានីយសោធបុរៈទៅកាន់រាជធានីរបស់ចាម និង ទី៥ ផ្លូវខាងកើត ពីយសោធបុរៈ ទំនងជាតម្រង់ទៅសម្បូរព្រៃគុក ដែលគេអាចឃើញដាននៃសំណង់ស្ពានបុរាណជាច្រើន តាមដងផ្លូវជាតិលេខ៦ ចាប់ពីស្ពានបុរាណនៅកំពង់ក្តីរហូតដល់ដំដែក ។ លោកសាស្រ្តាចារ្យ វង់ សុធារ៉ា បានបន្តឲ្យដឹងថា ការកសាងផ្លូវគមនាគមន៍ចំនួន៥ខែ្សនេះ នៅតាមផ្លូវព្រះអង្គ បានកសាងធម្មសាលា និងភ្លើងបំភ្លឺចំនួន ១២១កនែ្លង សម្រាប់ជាជម្រកសាធារណៈ ដល់អ្នកធ្វើដំណើរទូទៅ។ លោកបន្តថា ក្នុងសិលាចារឹកប្រាសាទព្រះខ័ន បានបន្តឲ្យដឹងថា តាមផ្លូវពាយ័ព្យ មានធម្មសាលាចំនួន ១៧ ផ្លូវខាងជើង មានធម្មសាលាចំនួន ១៤ និង មានភ្លើងផ្លូវឦសាន មានធម្មសាលាចំនួន ៥៧ រួមទាំងភ្លើងនិង1នៅសូរ្យបវិត គីភ្នំជីសូរ1 នៅវិជយាទិត្យនិង ១ នៅកល្យានសិទ្ធកៈ ទំនងជាត្រូវនឹងស្រុករំដួល ខេត្តស្វាយរៀង ។ បនែ្ថមពីនោះ ធម្មសាលាសល់ចំនួន៣០ ដោយសារមិនមានអត្ថបទសិលាចារឹក ធម្មសាលាដែលនៅសល់ ទំនងជាសង់តាមផ្លូវខាងលិច និងខាងកើត តាមកឆរបញ្ជាក់របស់លោកសាស្រ្តាចារ្យ វង់ សុធារ៉ា ។ លោកបានបន្តថា ក្រៅពីនេះ ព្រះអង្គបានកសាងមន្ទីរពេទ្យ ដែលភាសាជំនាន់នោះហៅថា អារោគ្យសាលា មានចំនួន ១០២កនែ្លង ប្រកបដោយគ្រឿងតង្វាយដ៏ច្រើនអនេក សម្រាប់ផ្គត់ផ្គង់ជីវភាព និងសកម្មភាពនៅតាមមន្ទីរព្យាបាលនីមួយៗ ពេទ្យជំនាញ ពេទ្យជំនួយ អ្នកបុកថ្នាំ អ្នកដាំទឹក អ្នកបម្រើការផេ្សងៗ ដែលសរុបមានប្រមាណ ៩០នាក់ សម្រាប់មន្ទីរពេទ្យនីមួយៗ ។ លោកសាស្រ្តាចារ្យ វង់ សុវធារ៉ា បានបន្តដោយគូសបញ្ជាក់ថា « អ្នកជំងឺគ្រប់ឋានៈសង្គម អាចទទួលការព្យាបាល ដោយគ្មានការរើសអើង » (សិលាចារឹកសាយហ្វុង លេខ K ៣៦៨)។ លោកបនែ្ថមថា ដោយសារព្រះអង្គយកចិត្តទុកដាក់លើសុខុមាលភាពនេះ ហើយដែលរហូតធ្វើឲ្យអ្នកស្រាវជ្រាវខ្លះសង្ស័យថា ព្រះអង្គកើតឃ្លង់ ដោយអ្នកស្រាវជ្រាវទាំងនោះ គ្រាន់តែពឹងផែ្អកលើការបកស្រាយរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងរឿងព្រេងនិទានសេ្តចគម្លង់ ដែលគេប្រឌិតឡើង នៅពេលក្រោយប៉ុណ្ណោះ ។

អំពីព្រះបាទជយវរ្ម័នទី៧ (ព្រះរាជាដ៏មានមហិទ្ធិឫទ្ធិ និងព្រះរាជវង្ស)
ព្រះបាទជយវរ្ម័នទី៧ ជាព្រះរាជាដ៏មានមហិទ្ធិឫទ្ធិខ្លាំងពូកែចុងក្រោយនៃរាជាណាចក្រអង្គរ ។ អ្នកប្រវត្តិសាស្រ្តអំពីប្រទេសកម្ពុជា លោក អៃម៉ូនីញ៉េរ៍ (Aymonier) បានសិក្សាពីព្រះបាទជយវរ្ម័នទី៧ និងសន្និដ្ឋានថា ជាក្សត្របង្កើតសម័យដ៏រុងរឿងនៃប្រទេស។ ការបង្រួបបង្រួមជាតិរបស់ព្រះបាទជយវរ្ម័នទី៧ បានចាប់ផ្តើមចុះផ្សាយនៅក្នុងព្រឹត្តិបត្រសាលាបារាំងចុងបូព៌ា‌ ដោយសារលោក ល្វីស៍ ហ្វ៊ីណូត៍ (Louis Finot) នូវអត្ថបទសិលាចារឹកសំស្រ្កឹតមួយ ដែលប្រទះឃើញដោយលោក ហ្ស៊ក ម៉ាស្ប៉ឺរ៉ូ (Georges Maspero) នៅត្រង់សាយហ្វុង (Say Fong) ជិតក្រុងវៀងចន្ទន៍ ដែលផ្តល់ព័ត៌‌មានពីការកសាងមន្ទីរពេទ្យនៅ គ.ស. ១១៨៦។ លោក ល្វីស៍ ហ្វ៊ីណូត៍ (Louis Finot) បានកត់សម្គាល់ថា សិលាចារឹកនេះមានន័យដូចសិលាចារឹក នៅសសរស្តម្ភ ដែលគេបានរកឃើញនៅឈូងសមុទ្រសៀម ជិតព្រំដែនកូសាំងស៊ីន (កម្ពុជាក្រោម) ហើយព្រះនាម ព្រះបាទជយវរ្ម័នទី៧ ត្រូវបានរំលឹកជាញឹកញាប់ នៅក្នុងសិលាចារឹកចាមថា ជាអ្នកចម្បាំងមួយយ៉ាងធំ ។ លោកបានសន្និដ្ឋានថា « សិលាចារឹកដែលមានចាប់ពីប្រទេសលាវខាងក្រោម ទៅឆេ្នរសមុទ្រអណ្ណាម និងទៅទឹកដីកូសាំងស៊ីនខាងក្រោមខ្លះ បានរៀបរាប់ពីជោគជ័យរបស់ព្រះអង្គ ខ្លះទៀតអំពីអំពើល្អរបស់ព្រះអង្គ។ ទាំងនេះបានបំភ្លឺពីរូបភាពនៃព្រះមហាក្សត្រអង្គនេះពីក្នុងភាព ងងឹតនៃអតីតកាលរបស់ប្រទេសកម្ពុជា » ។

ភាពងងឹតក៏បានរសាយដោយ សារការអត់ធ្មត់ក្នុងការស្រាវជ្រាវរយៈពេល ៤០ឆ្នាំ របស់លោក ល្វីស៍ ហ្វ៊ីណូត៍ ។ ព្រះនាមរបស់សេ្តចអង្គនេះ គេទើបនឹងបានស្គាល់នៅ គ.ស. ១៩០០ ពេលគេបង្កើត សាលាបារាំងចុងបូព៌ា ។ ឥឡូវនេះគេចាត់ទុកព្រះអង្គជាព្រះមហាក្សត្រដ៏ខ្លាំងពូកែមួយអង្គក្នុងចំណោមព្រះមហាក្សត្រដ៏ខ្លាំងពូកែផេ្សងទៀតនៃប្រទេសកម្ពុជា។  ព្រះអង្គបានពង្រីកទឹកដីយ៉ាងធំបំផុត គិតទាំងប្រទេសចម្ប៉ាផង និងកសាងប្រាសាទជាច្រើនពាសពេញប្រទេស។ សិលាចារឹកជាច្រើន ដែលព្រះអង្គបានបន្សល់ទុកមានសិលាចារឹកបី គឺសិលាចារឹកតាព្រហ្ម ព្រះខ័ន និងបន្ទាយឆ្មារ ដែលព្រឹត្តិបត្រនៃសាលាបារាំងចុងបូព៌‌ា (Bulletin de L’École française d’Extrême-Orient) បានបោះពុម្ពផ្សាយ។ បទបញ្ញត្តិនៃមន្ទីរពេទ្យ ក្នុងសិលាចារឹកនៅផែ្នកខាងក្រោមមកពីប្រាសាទភិមានអាកាស ដែលគេបានប្រទះឃើញ នៅ គ.ស. ១៩១៦ ក្នុងព្រះបរមរាជវាំងអង្គរធំ និងសិលាចារឹកចាមមួយនៅមីសឺន (Mỹ-Sơn) គឺលោក ល្វី ហ្វ៊ីណូត៍ បានបោះពុម្ពនៅក្នុងព្រឹត្តិបត្រនៃសាលាបារាំង។ ព្រះបាទជ័យវរ្ម័នទី៧ ខ្លាំងពូកែដូចព្រះមហាក្សត្របារាំងសែសព្រះនាម ល្វីសទី ៧ (Louis VII) និង ហ្វ៊ីលីព្ព អូហ្គុស្ត (Philippe Auguste) ដែលរជ្ជកាលរបស់ព្រះអង្គស្ថិតនៅក្នុងសម័យជាមួយគ្នា។

ព្រះរាជពង្សាវតាររបស់ព្រះអង្គ ត្រូវបានគេស្គាល់យ៉ាងច្បាស់លាស់។ ព្រះវររាជបិតារបស់ព្រះអង្គ សោយរាជ្យរយៈពេលយ៉ាងខ្លីក្នុងរវាង គ.ស. ១១៥៥។ ព្រះអង្គម្ចាស់ជ័យវរ្ម័នទី៧ ត្រូវជាបងប្អូនជីទួតមួយនឹង ព្រះបាទសូរ្យវរ្ម័នទី២ ដែលទ្រង់បានធ្វើសង្រ្គាមរហូតដល់តុងកឹង និងកសាងប្រាសាទអង្គរវត្ត ជាប្រាសាទចេតិយរបស់ព្រះអង្គ។ ព្រះវររាជមាតារបស់ព្រះអង្គជាប់សាលោហិតទៅនឹងព្រះសន្តតិវង្សពីបរទេស ដែលគ្រប់គ្រងប្រទេសជិតពេញ (ស.វ.ទី១១) និងព្រះរាជិនីកម្ពុជាសម័យបុរេអង្គរ។ ព្រះអង្គម្ចាស់ជ័យវរ្ម័នទី៧ ប្រសូតនៅរវាង (គ.ស. ១១២០) ឬយ៉ាងយូរណាស់ (គ.ស. ១១២៥) ក្នុងរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី២ ហើយព្រះអង្គបានរៀបអភិសេក ពីកេ្មងបន្តិច ជាមួយក្សត្រីជ័យរាជទេវី ដែលព្រះនាងមានឥទ្ធិពលខ្លាំងទៅលើព្រះអង្គក្នុងការគ្រប់គ្រងប្រទេស។

ក្រោយមក ព្រះអង្គត្រូវបញ្ជាឲ្យលើកទ័ព ទៅវាយប្រទេសចាម្ប៉ានៅតំបន់វិជ័យ (បច្ចុប្បន្នខេត្តប៊ិញឌិញ ប្រទេសវៀតណាម)។ អវត្តមាននៃព្រះស្វាមីបានធ្វើឲ្យ ព្រះនាងជ័យរាជទេវីធ្លាក់ព្រះកាយទៅក្នុងអន្លង់ទុក្ខ ដែលសិលាចារឹកនៃ ព្រះបរមរាជវាំង សរសេរដោយព្រះនាងឥន្រ្ទទេវី ត្រូវជាបងបង្កើតរបស់ព្រះនាង។ សិលាចារឹកបានរៀបរាប់ថា ព្រះនាងស្ថិតនៅអន្លង់ជ្រោះទឹកភែ្នក ទួញសោកដូចនាងសិតាព្រាត់ប្រាសពីព្រះស្វាមី ព្រះនាងសុំបន់ស្រន់សូមឲ្យព្រះស្វាមីវិលវិញ មធ្យោបាយបំភេ្លចទុក្ខសោកដ៏មហិមានេះ ព្រះនាងបានបួសជាបស្វីក្នុងព្រាហ្មណ៍សាសនា និង ក្រោយមកបួសក្នុងព្រះពុទ្ធសាសនា ។

សិលាចារឹកបានសរសេរថា « ទទួលការសិក្សាអប់រំពីបងស្រីបង្កើត ព្រះនាងគិតថា ព្រះពុទ្ធសាសនាជាទីស្រឡាញ់ពេញចិត្ត ព្រះនាងប្រកាន់យកមាគ៌‌ារបស់ព្រះពុទ្ធសាសនា ដែលជាមាគ៌‌ាដ៏ស្ងប់ ដើម្បីឆ្លងកាត់ភ្លើងទុក្ខ និងសមុទ្រនៃសេចក្តីឈឺចាប់ »។ នៅពេលដែលព្រះបាទជយវរ្ម័នទី៧ គង់នៅប្រទេសចាម្ប៉ា ព្រះបិតារបស់ព្រះអង្គ គឺព្រះបាទធរណីន្រ្ទវរ្ម័នទី២ ទ្រង់ចូលទិវង្គត ហើយព្រះមហាក្សត្រដែលស្នងរាជ្យបន្តព្រះនាមយសោវរ្ម័នទី២ ដែលគេមិនស្គាល់ពីជីវប្រវត្តិ ។ ក្នុងរជ្ជកាលរបស់ព្រះមហាក្សត្រអង្គនេះ មានព្រឹតិការណ៍សោកសៅមួយ ដែលមានចារនៅក្នុងសិលាចារឹក និងរូបចម្លាក់នៅប្រាសាទបន្ទាយឆ្មារ។ សិលាចារឹក និងរូបចម្លាក់ប្រាសាទនេះ បានឲ្យដឹងថា ព្រះបាទយសោវរ្ម័នទី២ ត្រូវរាហុវាយលុកដូចពេលមុន សូរ្យគ្រាស ឬចន្រ្ទគ្រាស តែបានយុវក្សត្រមួយអង្គជួយសង្រ្គោះ ទំនងជាព្រះរាជបុត្រណាមួយរបស់អនាគតព្រះបាទជយវរ្ម័នទី៧ ។

សិលាចារឹកសរសេរថា « នៅពេលដែលភរតរាហុបះបោរប្រឆាំងនឹងព្រះបាទយសោវរ្ម័ន ដើម្បីវាយលុក ដណើ្តមព្រះរាជវាំង កងទ័ពការពារទីក្រុង បានបាក់ទ័ពរត់អស់… ព្រះអង្គម្ចាស់ចូលប្រយុទ្ធ។ ទាហានពីរនាក់ បានចូលរួមប្រយុទ្ធជាមួយព្រះអង្គ ហើយបានទទួលជ័យជម្នះលើភរតរាហុ » ។ ប៉ុនែ្តព្រះបាទយសោវរ្ម័នទី២ បានត្រូវមន្រ្តីជាន់ខ្ពស់ម្នាក់ដណ្តើមរាជ្យ ដោយយកនាមថា (ត្រីភូវនាទិត្យ នៅ គ.ស. ១១៦៥)។ ព្រះអង្គម្ចាស់ជ័យវរ្ម័នទី៧ ក៏ប្រញាប់ប្រញាល់យាងត្រឡប់មកពីចាម្ប៉ាវិញ ដើម្បីជួយសង្គ្រោះព្រះបាទយសោវរ្ម័នទី២។ សិលាចារឹកបានបន្តទៀតថា « ប៉ុនែ្តព្រះបាទយសោវរ្ម័នទី២ ត្រូវអ្នកជ្រែករាជ្យធ្វើគុត ហើយព្រះអង្គម្ចាស់ជ័យវរ្ម័នទី៧ ក៏គង់នៅប្រទេសកម្ពុជា ដើម្បីរង់ចាំពេលវេលាល្អនឹងស្រោចស្រង់ស្ថានការណ៍ ដែលពោរពេញទៅដោយអំពើឧក្រិដ្ឋ ។ ព្រះអង្គម្ចាស់ក្សត្រី ដែលកៀ្រមក្រំដោយទុក្ខ ពីព្រោះព្រះស្វាមីអវត្តមាន ក៏រលាយពីសេចក្តីទុក្ខព្រួយវិញ ដោយព្រះនាងចង់ឃើញព្រះអង្គរំដោះប្រទេសពីមហាសមុទ្រទុក្ខដែលបានលិចលង់នេះ » ។ ព្រះអង្គម្ចាស់ជ័យវរ្ម័ន ដែលបានយាងត្រឡប់មកដល់ប្រទេសយឺតពេល និងបានឃើញអ្នកជ្រែករាជ្យនៅលើរាជបល្ល័ង្ក ព្រះអង្គក៏មិនទ្រង់យាងត្រឡប់ទៅចាម្ប៉ាវិញឡើយ និងដោយសារមានការជួយទស្សនៈពីមហេសីផង ព្រះអង្គក៏គង់នៅកម្ពុជា « រង់ចាំពេលវេលាល្អសមស្របមកដល់ » ។ ព្រះអង្គត្រូវរង់ចាំអស់រយៈពេល ១៥ឆ្នាំ ។ ក្នុងពេលជាមួយគ្នា ដែលនៅកម្ពុជាមានការជ្រែករាជ្យ នៅប្រទេសចាម្ប៉ាក៏មានការជ្រែករាជ្យដែរ នៅ គ.ស. ១១៦៦-១១៦៧ ព្រះនាម ជ័យឥន្រ្ទវរ្ម័ន។ សេ្តចអង្គនេះបានលើកសួយសារអាករទៅ ថ្វាយសេ្តចអាណ្ណាម ព្រះនាម លី អាញ់តុន នៅ គ.ស. ១១៧០ ដើម្បីឲ្យប្រទេសនេះស្ថិតនៅអព្យាក្រឹត។

ក្នុងពេលនេះ ព្រំដែនខាងជើងនៃប្រទេសចម្ប៉ា ស្ថិតនៅក្នុងភាពស្ងប់ស្ងៀម ហើយសេ្តចជ្រែករាជ្យចាម ក៏លើកទ័ពវាយលុកប្រទេសកម្ពុជា។ សិលាចារឹកភិមានអាកាសសរសេរទៀតថា « ព្រះបាទជ័យឥន្រ្ទវរ្ម័ន (សេ្តចចាម) ឥតកោតខ្លាចដូចក្រុងរាពណ៍ នៅលើរថ កាន់អាវុធវាយប្រយុទ្ធប្រទេសកម្ពុជា »។ ប៉ុនែ្ត ការវាយលុកនេះពុំបានទទួលជោគជ័យទេ។ សេ្តចចាមនាមជ័យឥន្រ្ទវរ្ម័ន បានដូរយុទ្ធវិធីពីវាយតាមជើងគោក ទៅវាយតាមជើងទឹកវិញ។ នៅ (គ.ស. ១១៧៧) សេ្តចចាមអង្គនេះបានលើកទ័ពជើងទឹកចូលវាយខែ្មរ ដោយមានចិនលិចសំពៅម្នាក់ជួយនាំផ្លូវ។ ទ័ពនោះបានចូលតាមទនេ្លមេគង្គ ហើយឡើងរហូតដល់បឹងទនេ្លសាប។ ក្រុងអង្គរត្រូវធ្លាក់ក្នុងកណ្តាប់ដៃចាម ហើយសេ្តចជ្រែករាជ្យត្រីភូវនាទិត្យវរ្ម័ន ក៏ត្រូវធ្វើគត់ក្នុងសមរភូមិ។ កងទ័ពចាមក៏ចូលកាន់កាប់ទីក្រុង ហើយបំផ្លិចបំផ្លាញ និងប្រមូលទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់អស់ពីទីក្រុង។ ព្រះរាជបល្ល័ង្កត្រូវនៅទំនេរ គ្មានព្រះមហាក្សត្រសោយរាជ្យ។ ព្រះព្រះបាទជ័យវរ្ម័នទី៧ ឈេ្វងយល់ថាពេលវេលាល្អបានមកដល់ហើយ។ ប៉ុនែ្តមុននឹងប្រកាសជាសេ្តចសោយរាជ្យ ព្រះអង្គត្រូវរំដោះប្រទេសចេញពីការគ្រប់គ្រងរបស់បរទេស។ ព្រះអង្គក៏បានលើកទ័ពដេញកម្ចាត់ពួកចាមតាមជើងទឹក ដូចដែលមានរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ ហើយបានរំដោះប្រទេសទាំងមូល។ បួនឆ្នាំក្រោយការឈ្លានពានរបស់ចាមនៅ (គ.ស. ១១៧៧) ទៅ (គ.ស. ១១៨១) ប្រទេសកម្ពុជាបានសុខសន្តិភាព ហើយព្រះបាទជយវរ្ម័ន ក៏ប្រកាសឡើងគ្រងរាជ្យជាថ្មី។ នៅក្នុងពេលជាមួយនោះ ព្រះអង្គបានកសាងរាជធានីឡើងវិញ។ « ទីក្រុងយសោធបុរៈ ដូចជាស្រីក្រមុំម្នាក់ក្នុងត្រកូលខ្ពង់ខ្ពស់ បានផ្សំផ្គុំជាមួយគូដណ្តឹងរបស់ខ្លួនក្នុងតណ្ហា ដែលពុះកញ្ជ្រោលលម្អទៅដោយរាជវាំងអំពីត្បូងមានតម្លៃ និងគ្របដណ្តប់ទៅដោយកំផែង។ គូស្វាមីភរិយានេះ បានធ្វើពិធីអាពាហ៍ពិពាហ៍ដោយព្រះរាជា ដើម្បីបង្កើតសុភមង្គលនៃសត្វលោក ក្រោមជ័យជម្នះដ៏ធំធេង ដែលព្រះអង្គដណ្តើមយកបាន » ។ សិលាចារឹកមួយនៅជ្រុងកំពែងអង្គរធំ បានសរសេរថា រាជបុរីដែលព្រះរាជារៀបពិធីអភិសេកនោះ គ្មានអ្វីក្រៅពីទីក្រុងអង្គរធំទេ ពុំមែនប្រាសាទបាខែងនៅចុង )ស.វ. ទី៩) ឡើយ តែជាទីក្រុងបច្ចុប្បន្ន ដែលមជ្ឈមណ្ឌលជាប្រាសាទបាយ័ន។

ក្នុងពេលដែលចាមចូលលុកលុយប្រទេសនា (គ.ស. ១១៧៧) តាមអ្នកប្រវត្តិសាស្រចិន ឈ្មោះ ម៉ា ទួនលិន ថា ព្រះអង្គម្ចាស់ជយវរ្ម័ន « បានសច្ចាថា នឹងសងសឹកសត្រូវរបស់ព្រះអង្គ ហើយកិច្ចការនេះ អត់ទ្រាំដោយស្ងាត់កំបាំងរយៈពេល ១៥ឆ្នាំ » ។ ប៉ុនែ្តមុននឹងសម្រេចសេចក្តីសច្ចារបស់ព្រះអង្គ ដើម្បីធ្វើសង្រ្គាមនឹងចាមនៅក្នុងប្រទេស ព្រះអង្គត្រូវបង្រ្កាប ការបះបោរនៅផែ្នកខាងត្បូងនៃទឹកដីបាត់ដំបង។ ដើម្បីបង្រ្កាបការបះបោរនេះ ព្រះអង្គបានបញ្ជាក្សត្រចាមមួយអង្គ នាមវិទ្យានន្ទន៍ ឲ្យលើកទ័ពទៅបង្រ្កាបបានរាបទាបឡើងវិញ។ គួរបញ្ជាក់ថា ក្សត្រចាមនេះបានមករស់នៅក្នុងអង្គរតាំងពីកេ្មងម៉េ្លះ សិលាចារឹកចាមនៅមីសឺន បានសរសេរថា « កាលពីកុមារភាពរបស់ព្រះអង្គ នៅ (គ.ស. ១១៨២) ព្រះអង្គម្ចាស់វិទ្យានន្ទន៍ បានយាងមកគង់នៅប្រទេសកម្ពុជា។ ព្រះមហាក្សត្រប្រទេសកម្ពុជា គឺព្រះបាទជយវរ្ម័នទី៧ បានឡើងសោយរាជ្យឆ្នាំមុន។ បានទតឃើញលក្ខណៈ ៣៣យ៉ាងរបស់ព្រះអង្គម្ចាស់ ក៏មានព្រះទ័យស្រឡាញ់ផង ហើយព្រះអង្គបង្រៀនវិទ្យាសាស្រ្ត និងក្បួនយុទ្ធសាស្រ្តសឹកដល់ព្រះអង្គម្ចាស់ វិទ្យានន្ទន៍ នៅពេលដែលព្រះអង្គម្ចាស់គង់នៅប្រទេសកម្ពុជា រាជាណាចក្រនេះមានតំបន់មួយឈ្មោះ មល្យង ដែលមានមនុស្សអាក្រក់រស់នៅ ហើយបានងើបបះបោរឡើង ប្រឆាំងនឹងព្រះមហាក្សត្រខ្មែរ។ ព្រះរាជាបានទតឃើញព្រះអង្គម្ចាស់នេះពូកែខាងសឹកសង្រ្គាម ក៏បញ្ជាឲ្យដឹកនាំកងទ័ពខ្មែរ ដើម្បីទៅបង្រ្កាបការបះបោរ នៅមល្យងនេះបានទទួលជោគជ័យ។ ដោយសារគុណបំណាច់ ព្រះមហាក្សត្រខែ្មរ ព្រះបាទជ័យវ្ម័នទី៧ ទ្រង់បានព្រះរាជទានកិត្តិយស និងទ្រព្យសម្បត្តិ ដែលមានតម្លៃខ្ពស់ៗ ដល់ទ្រង់វិទ្យានន្ទន៍ » ។

នៅ (គ.ស. ១១៩០) ព្រះបាទជយវរ្ម័នទី៧ បានធ្វើឲ្យប្រទេសដាយវៀត (នៃមហារាជា លី កៅទន់) នៅអព្យាក្រឹត ដើម្បីឲ្យងាយស្រួលក្នុងការវាយចាម ក្នុងឆ្នាំដដែល ឱកាសល្អហុចឲ្យដោយសេ្តចចាម ជ័យឥន្រ្ទវរ្ម័នទី៤ លើកកងទ័ពមកវាយខែ្មរម្តងទៀត។ តើព្រះបាទជយវរ្ម័នទី៧ ទ្រង់លើកទ័ពប្រឆាំងនឹងការវាយលុករបស់ចាមឬយ៉ាងណា? សិលាចារឹកនៅប៉ោនគរ (ឯញ៉ាត្រាង) បានសរសេរទុកថា « ព្រះអង្គវាយយកបានរាជធានីនៃប្រទេសចាម្ប៉ា និងប្រមូលយកលិង្គទាំងអស់ »។ ជោគជ័យនេះបាន ដោយសារព្រះអង្គបញ្ជាទ្រង់វិទ្យានន្ទន៍លើកទ័ពទៅទប់ទល់។ ទ្រង់វិទ្យានន្ទន៍វាយយកបានក្រុងវិជ័យ (ប៊ិញឌិញ) ហើយចាប់សេ្តចចាមជ័យឥន្រ្ទវរ្ម័នទី៤ ជាឈ្លើយ មកថ្វាយព្រះបាទជយវរ្ម័នទី៧។ ព្រះអង្គបានលើកព្រះអនុជថៃ្លរបស់ព្រះបាទជយវរ្ម័នទី៧ ឈ្មោះ អិន (អនុជព្រះនាងជយរាជទេវី) ឲ្យឡើងសោយរាជ្យនៅវិជ័យ ដោយមានព្រះបរមនាមថា សូរ្យជយវម៌‌ទេវៈ រួចព្រះអង្គលើកទ័ពបង្ហួសទៅវាយយកបាណ្ឌុរង្គ (ផានរ៉ាង) ហើយឡើងសោយរាជ្យនៅទីនោះ ដោយមានព្រះរាជបរមនាមថា សូរ្យវម៌‌ទេវៈ ។ ប្រទេសចាម្ប៉ាបានចែកជាពីរផែ្នក មួយផែ្នកគ្រប់គ្រងដោយព្រះរាជាខែ្មរ និងមួយផែ្នកទៀតដោយក្សត្រចាម វិទ្យានន្ទន៍។ តែមិនយូរប៉ុន្មាន ពួកចាមនៅវិជ័យបះបោរឡើង ដោយបណេ្តញព្រះអង្គម្ចាស់អិន រត់ចូលមកស្រុកខែ្មរវិញ ហើយលើកសេ្តចចាម ព្រះនាម រសុបតិ ឲ្យឡើងសោយរាជ្យជាជំនួសវិញ។ ឆ្លៀតឱកាសនេះ ព្រះរាជាវិទ្យានន្ទន៍បានបង្រួបបង្រួមប្រទេសចាមឲ្យមានឯកភាពឡើងវិញ ក្រោយពីបានធ្វើគុតព្រះជ័យឥន្រ្ទវរ្ម័នទី៥ (រសុបតិ) ហើយឡើងសោយរាជ្យប្រទេសចាម្ប៉ាទាំងមូល ពី (គ.ស. ១១៩២ ដល់ ១២០៣)។ នៅ (គ.ស. ១១៩៣) និង (១១៩៤) ព្រះបាទជយវរ្ម័នទី៧ ទ្រង់បានសាកល្បងឲ្យព្រះវិទ្យានន្ទន៍ទទួលស្គាល់អំណាចព្រះអង្គវិញ តែឥតប្រយោជន៍ រហូតដល់ (គ.ស. ១២០៣) ព្រះអង្គបានបញ្ជាសេ្តចចាមមួយអង្គទៀត ព្រះនាម អុងធនបតិក្រាម ដែលត្រូវជាឪពុកមារបស់ទ្រង់វិទ្យានន្ទន៍ ឲ្យលើកទ័ពទៅវាយកម្ចាត់ក្មួយព្រះអង្គទាល់តែបាន។ ចាប់ពី (គ.ស. ១២០៣) ដល់ (១២២០) ប្រទេសចាម្ប៉ាក៏ក្លាយទៅជាអាណាខេត្តរបស់ខែ្មរ។ ការលូកដៃច្របូកច្របល់នៅក្នុងប្រទេសខាងកើត ដែលជាប្រទេសជិតខាង ពុំបានទប់ស្កាត់មិនឲ្យព្រះអង្គ ពង្រីកទឹកដីទៅខាងជើង និងខាងលិចនៃប្រទេសកម្ពុជាឡើយ គឺនៅក្នុងរជ្ជកាលនេះហើយ ដែលសិលាចារឹកសាយហ្វុង (ជិតក្រុងវៀងចន្ទន៍) បានបញ្ជាក់ពីកាលបរិចេ្ឆទ ហើយអ្នកប្រវត្តិសាស្រ្តចិន បាននិយាយពីអំណាចរបស់ព្រះបាទជយវរ្ម័នទី៧ បានភ្ជាប់ទឹកដីមួយផែ្នកនៃឧបទ្វីបមឡាយូ និងវាតអំណាចរហូតដល់ប្រទេសភូមា។ ម្យ៉ាងទៀតសិលាចារឹកមួយនៃប្រាសាទព្រះខ័ន បានឲ្យដឹងថា ទឹកមន្តត្រូវបានផ្តល់ ដោយព្រាហ្មណ៍សូរ្យភក្ត និងព្រហ្មណ៍ឯទៀតទាំងអស់ក្នុងព្រះបរមរាជវាំង ព្រះរាជានៃយវនៈ និងព្រះរាជាពីរអង្គនៃប្រទេសចម្ប៉ា។ ព្រាហ្មណ៍សូរ្យភក្ត ប្រហែលជាមេនៃព្រាហ្មណ៍ទាំងអស់ក្នុង ព្រះបរមរាជវាំង។ ព្រះរាជានៃយវនៈ គឺជាអធិរាជ លី អាញ់តុង (Lý Anh Tông) ដែលសោយរាជ្យនៅ (គ.ស. ១១៧៥) មានព្រះបរមនាមសម្រាប់រាជ្យថា លីកាវតុង (Lý Cao Tông) និងសោយរាជ្យរហូតដល់ (គ.ស. ១២១០)។ ព្រះរាជាពីរអង្គនៃប្រទេសចម្ប៉ា គឺព្រះរាជាសោយរាជ្យនៅក្រុងវិជ័យ (ប៊ិញឌិញ) ដែលត្រូវជាព្រះអនុជថៃ្លនៃព្រះបាទជយវរ្ម័នទី៧ និងព្រះរាជាដែលសោយរាជ្យនៅបាណ្ឌុរង្គ (ផានរ៉ាង) គឺទ្រង់វិទ្យានន្ទន៍ ដែលការពារដោយព្រះជយវរ្ម័នទី៧។

គេបានឲ្យដឹងថា ការថ្វាយទឹកមន្តមានន័យថា ទទួលស្គាល់ការស្ថិតនៅក្នុងចំណុះនៃប្រទេសដែលគេថ្វាយនោះ។ ទំនៀមនេះ នៅមានរហូតដល់សព្វថៃ្ងនេះ។ នៅក្នុងរាជវាំងក្រុងភ្នំពេញ ឬបាងកក នៅពេលពិធីអភិសេកសេ្តចឡើងសោយរាជ្យ ទឹកមន្តសម្រាប់ធ្វើពិធី គឺជាទឹកដែលទទួលបានពីទនេ្លសំខាន់ៗនៃប្រទេស និងពីខេត្តផេ្សងៗ នៃព្រះរាជាណាចក្រ ។ ការស្ថិតនៅក្រោមចំណុះប្រទេសកម្ពុជា នៃប្រទេសចាម្ប៉ាទាំងពីរ មិនយូរអងែ្វងដូចនៅក្រោមអំណាចរបស់ជ្វា អំណាចរបស់មហារាជអណ្ណាមឡើយ ។ ក្រោយពីព្រះនាងជយរាជទេវីសោយព្រះពិរាល័យទៅ ព្រះបាទជយវរ្ម័នទី៧ បានរៀបរាជាភិសេកជាមួយព្រះនាងឥន្រ្ទទេវី ដែលជាព្រះរៀមបង្កើតរបស់ព្រះនាងជយទេវី។ ក្សត្រីអង្គនេះជាស្រ្តីសម្បូរទៅដោយចំណេះវិជ្ជា។ ព្រះនាងបានទទួលតំណែងជាសាស្រ្តាចារ្យក្នុងវត្តព្រះពុទ្ធសាសនាមួយ ហើយបានកសាងសិលាចារឹកភិមានអាកាស ដែលជាប្រភពយ៉ាងសំខាន់ទាក់ទងនឹងព្រះជីវប្រវត្តិនៃព្រះបាទជ័យវរ្ម័នទី៧។ គេមិនដឹងច្បាស់ថា ព្រះបាទជយវរ្ម័នទី៧ សោយទិវង្គតទៅនៅឆ្នាំណាទេ។ ព្រះអង្គទំនងជាសោយរាជ្យរហូតដល់ (គ.ស. ១២១៨)។ ព្រះអង្គមានព្រះមរមនាមថា មហាបរមសៅគត។ ព្រះនាមនេះសឲ្យឃើញថា ព្រះអង្គជាពុទ្ធសាសនិកជនមួយរូប តែទោះបីយ៉ាងហ្នឹងក៏ដោយ ក៏ព្រះអង្គមានព្រាហ្មណ៍បុរោហិតមួយរូប ឈ្មោះ ឫសីកេស (ឫឞិកេឝ) ដែលជាសក្ខីភាពប្រាប់ថា សាសនាព្រាហ្មណ៍នៅពេលនោះ នៅមានឥទ្ធិពលខ្លាំងគួរសមដែរ។ តាមរូបបដិមាព្រះបាទជ័យវរ្ម័នទី៧ មានសាច់មាំ ព្រះកេសមានផ្នួងសក់តូច។ លក្ខណៈនេះមានច្បាស់នៅ លើក្បាច់ចម្លាក់ជាច្រើន គេបានឃើញរូបបដិមាពីរ គឺមួយនៅអង្គរធំ និងមួយទៀតនៅប្រាសាទពិមាយជិតគោរាជ (โคราช ខូរ៉ាត) (នគររាជ) ដែលថែរក្សានៅសារមន្ទីរក្រុងបាងកក។ រូបបដិមាទាំងពីរនេះ គឺជាព្រះរូប របស់ព្រះបាទជ័យវរ្ម័នទី៧។

អំពីកាលបរិចេ្ឆទនៃការសោយទិវង្គត គេពុំបានដឹងពិតប្រាកដទេ។ គេចោទជាសំណួរថា តើព្រះអង្គ មានព្រះរោគអ្វី ដែលនាំឲ្យព្រះអង្គសោយទិវង្គត ? មានរូបចម្លាក់ពីរនាសម័យនោះ គឺរូបចម្លាក់ នៅហោជាងប្រាសាទតូច ដែលគេហៅថា មន្ទីរពេទ្យ ស្ថិតនៅខាងកើតប្រាសាទតាកែវ។ លោក វិកទរ ហ្គោលូបេវ (V. Goloubew) បានសិក្សាយ៉ាងល្អិតល្អន់លើក្បាច់ចម្លាក់ ដើម្បីសែ្វងយល់អំពីរឿង « សេ្តច គម្លង់ » ប៉ុនែ្ត ពុំមានរូបបដិមាណា ដែលត្រូវនឹងរឿងនេះឡើយ។ ហើយលោកបានផ្តល់អត្ថបទរបស់លោកវេជ្ជបណ្ឌិត ម៉េស៍ណារដ៍ (Mesnard) ជានាយកវិទ្យាស្ថានប៉ាស្ទ័រ នៅក្រុងព្រៃនគរ បានប្រគល់ឲ្យគាត់ នៅ (គ.ស. ១៩៣៤) អំពីអត្ថាធិប្បាយលើក្បាច់ចម្លាក់នៃប្រាសាទបាយ័នដូចតទៅ ៖

« កំភួនដៃ និងដៃនៃអ្នកជំងឺ ជាវត្ថុបំណងនៃការព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីស្រ្តីដែលនៅព័ទ្ធជុំវិញ។ កាយវិការនៃស្រ្តីម្នាក់ មានលក្ខណៈដូចជាចាប់កាន់ត្រចៀកខាងស្តាំ បើកឲ្យធំ ដើម្បីឲ្យគេចាប់អារម្មណ៍ទៅលើចំណុចដែលសំខាន់បំផុត »។
« អវយវៈក្រោម ទ្រដោយវត្ថុមួយនៅក្រោមជង្គង់ »។
« ស្រ្តីម្នាក់លើកជើងស្តាំរបស់មនុស្សនោះ ដោយដៃឆេ្វង និងដៃស្តាំដូចជារឹតច្របាច់គក់ជើងឆេ្វង »។

« កាយវិការនៃស្រ្តីទាំងនេះ ដូចជាចង្អុលបង្ហាញថា មនុស្សនោះមានជំងឺនៅចុងអវយវៈ គឺជំងឺឃ្លង់?» ការកត់ចំណាំសំខាន់មួយទៀតនៅជិតខ្លួន នៃមនុស្សនោះ មានថូមួយ ដែលដាក់ផែ្លឈើរាងមូលពេញ។ ផែ្លឈើនេះប្រហែលជាផែ្លក្របៅ (Chaulmoogra) ។ ដើមក្របៅ (Hydnocarpus anthelmintica) ជាដើមឈើ ដែលដុះពាសពេញព្រៃ។
អត្ថបទស្រាវជ្រាវ៖ មនោ វិជ្ជា
​មកទល់នឹង​ពេល​បច្ចុប្បន្ននេះ យើង​មិនទាន់បាន​ប្រទះឃើញ​សិលា​ចារិក​ណាមួយ​នៅ​អង្គរ​និយាយ​ដល់​ការចូល​ទិ​វ​ង្គ​ត់របស់​ទ្រង់​ដូច​ការរៀបរាប់​អំពី​ទ្រង់​កាល​ព្រះអង្គ​នៅមាន​ព្រះជន្ម​នៅឡើយ​ទេ ហើយ​អ្នកប្រវត្តិសាស្ត្រ​នៅតែ​ដាក់​សំនួរ​អំពី​ការបាត់​ព្រះកាយ ឫ​ជួនកាល​គ្រាន់តែ​សន្ម​ត់​ថា ព្រះអង្គ​បាន​សុគត​ក្នុង​មូលហេតុ​មិន​ច្បាស់លាស់​។ បំ​ណ​ក​បកស្រាយ​ពី​ការ​សុគត​របស់​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៧​បាន​ផ្តើមឡើង​ដោយ​ប្រវត្តិវិទូ វី​កទ័រ ហ្គូ​លូ​ប៊េ​វ (Victor Goloubew) នៅ​ឆ្នាំ​១៩៣៤​។ លោក​បាន​ស្វែង​រកឃើញ​ចម្លាក់​លាន​នៅ​បរិវេណ​ប្រាសាទភ្នំបាខែង អំពី​ការព្យាបាល​រោគ​ហាក់ដូចជា​ជំងឺឃ្លង់ តែ​លោក​មិនអាច​កំណត់​អត្តសញ្ញាណ​ថា​ជា​ព្រះមហាក្សត្រ​ដូច​ទៅតាម​ការអះអាង​របស់​អ្នកស្រុក​ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បានកើត​ឃ្លង់​នោះទេ​។
​ការអះអាង​របស់​អ្នកស្រុក​គឺ​ផ្អែក​ទៅតាម​រូបសំណាក់​ព្រះ​យមរាជ​មាន​សំបុរ​ដូច​មនុស្ស​កើត​ឃ្លង់​តម្កល់​លើ​លាន​ឋាននរក​ខាងឆ្វេង​បំផុត​នៃ​ព្រះបរមរាជវាំង​អង្គរធំ បើតាម​ភាសា​អ្នកស្រុក ពួកគាត់​បាន​ហៅ​ព្រះ​យមរាជ​ថា​ជា «​ព្រះ​គំលង់​» ដែល​តំណាង​ឲ្យ​ព្រះបាទ ជ័យ​វរ្ម័នទី​៧ បន្ទាប់ពី​ទ្រង់​កើត​ឃ្លង់​នោះឯង​។ ប៉ុន្តែ​លោកស្រី​ផល្លី​កា​អ្នកនិពន្ធ​សៀវភៅ «​ត្រី​ក្សត្រ ឬ ក្សត្រ​បី​អង្គ​, ព្រះបាទ​ជ័យវរ្ម័ន​ទី​២ និង​មហេសី​ទាំងពីរ​» បាន​បដិសេធ​ពី​រឿងនេះ​ថា​៖ «​យើង​អង្កេត​ឃើញថា មានការ​ភ័នច្រឡំ​ច្រើន​អំពី​រូប​សំំ​ណាក់​នានា​។ ឧទាហរណ៍​រូប​ព្រះ​យមរាជ ដែល​ដាក់​នៅលើ​សំណង់​ឋាន នរក ឫ​លានជល់ដំរី បែរជា​ត្រូវបាន​អ្នកស្រុក​ហៅថា «​ព្រះ​គំលង់​» ទៅវិញ​។ ដូចគ្នានេះដែរ​នៅ​ខាងក្រោយ​ឈៀង​ខាងឆ្វេង​នៃ​ទីសក្ការៈ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​ក៏មាន​ការតាំង​រូប​ព្រះ​យមរាជ​ដូចគ្នានេះដែរ​។ ប៉ុន្តែ​ត្រូវបាន​អ្នកស្រុក​ហៅថា​ជា «​យាយ​ទេព​» ទៅវិញ ។ សម្រាប់​អ្នកប្រវត្តិសាស្ត្រ វា​គឺជា​ចម្ងល់​របស់​យើង​ថា​ហេតុអ្វី​បានជា​រូប​ព្រះ​យមរាជ ត្រូវបាន​អ្នកស្រុក​ភ្ជាប់​ទៅនឹង ព្រះបាទ​ជ័យវរ្ម័ន​ទី​៧? ទន្ទឹមនឹង​ការស្រាវជ្រាវ​របស់​យើង យើង​បាន​រកឃើញ​ចម្លើយ​ដ៏​ភ្ញាក់ផ្អើល​មិនដែល​មានការ​លើកឡើង​ពីមុន ហើយ​នោះ​គឺជា​ទំនាក់ទំនង​សេចក្តីស្រលាញ់ និង​ស្អប់​មួយ​។​»
​រឿងនិទាន​ដែល​អ្នកស្រុក​បានដឹង​ហាក់ជា​ចេតនា​បញ្ចប់​ប្រវត្តិ​របស់​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៧​ត្រឹម​រូបភាព​ដ៏​អាម៉ាស ប៉ុន្តែ​នៅ​បន្សល់ទុក​ចន្លោះប្រហោង​ដែល​មិនបាន​និយាយ​ដល់​នោះ​គឺ ព្រះ​អគ្គមហេសី​ដ៏​សំខាន់​របស់​ទ្រង់ ព្រ​នាង ឥន្ទ្រ​ទេវី ។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ជា​បងប្អូន​ជីទួតមួយ​របស់​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ ហើយ​ព្រះអង្គ​នេះហើយ​ជា​មហាក្សត្រ​ដំបូង​គេ ដែល​បាន​យក​ព្រះពុទ្ធសាសនា​មហាយាន​ជា​សាសនា​របស់​រដ្ឋ​។ ក្នុង​រាជ្យ​របស់​ទ្រង់​ក្រៅពី​ការបន្ត​ការសាងសង់​ប្រាសាទធំៗ​ដើម្បី​បង្ហាញ​អំពី​អំនាច​ស្មើរ​នឹង​អ​ទិ​ទេព​ជា​ប្រពៃណី​រាប់រយឆ្នាំ​មកហើយ​នោះ លើសពីនេះ​ព្រះអង្គ​ក៏បាន​បំពេញ​អាណាចក្រ​របស់​ទ្រង់​ដោយ​សេវាសាធារណៈ​ដូចជា មន្ទី​ពេទ្យ សាលាសំណាក់ សាលារៀន ហេ​ដ្ឋា​រចនាសម្ព័ន​នានា ដើម្បី​ត​ភ្ជាប់​ទីក្រុង​សំខាន់​ទាំងឡាយ និង​ធ្វើឱ្យ​ចលនា​សេដ្ឋ កិច្ច​រីកចម្រើន​ដល់​ចំនុចកំពូល​។​
​ប្រាសាទបាយ័ន​គឺជា​សំណង់​ប្រាសាទ​បែប​ពុទ្ធ​និយម​ដ៏​ធំ​បំផុត​របស់​ព្រះអង្គ សង់​ចំ​អង្កត់ផ្ចិត​នៃ​រាជធានី​យ​សោធ​បុ​រៈ​មាន​លក្ខណៈ​បើកទូលាយ​ខុសពី​ប្រាសាទអង្គរវត្ត​បែប​ព្រាហ្មណ៍​សាសនា ដ៏​ល្បីល្បាញ​ដែល​ហុំ​ព័ន្ធ​ជិត​ដោយ​របង​ថ្ម​។ ព្រះរាជា​ខ្លាំងពូកែ​អង្គ​នេះ ត្រូវបាន​លោក ល័ស ហ្វី​ន័ត អ្នកស្រាវជ្រាវ​បារាំង​ប្រដូច​ព្រះអង្គ​ទៅនឹង​ស្តេច​ល្វី​៧ (Louis VII) របស់​បារាំង​ក្នុងពេល​តំណាលគ្នា​នោះដែរ​។ ព្រះអង្គ​មិនបាន​តុបតែង​ប្រាសាទបាយ័ន​របស់​ទ្រង់​ដោយ​ចម្លាក់​ពិ​ព័​ណ​នាពី​ទេវ​កថា​នោះទេ តែ​ពី​ជីវភាព​រស់ នៅ​ប្រចាំថ្ងៃ​ដ៏​រស់​រវើក​របស់​រាជ​វង្សានុវង្ស និង​ប្រជារាស្ត្រ​របស់​ទ្រង់​។ លក្ខណៈ​សំណង់​ទៀតសោត​ហាក់​បើក​ទូ លាយ​ដល់​សា​ធាណៈ​ជន ប្រើប្រាស់​ប្រាសាទ​នេះ​ដើម្បី​បូជា​ដល់​ព្រះ​ពោធិសាត់​ក្នុង​ព្រះពុទ្ធសាសនា​មហាយាន​។​
​ពាក្យ​មួយ​ឃ្លា​ដែល​មានន័យ​រាប់ពាន់​ឆ្នាំ​បង្កប់​ដោយ​ក្តី​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​គឺ «​ទុក្ខ​របស់​ប្រជារាស្ត្រ គឺជា​ទុក្ខ​របស់​ទ្រង់​ផ្ទាល់​» បាន​ស្តែងចេញ​ទស្សនៈវិស័យ​របស់​ព្រះអង្គ​ក្នុងការ​ភ្ជាប់​ព្រះកាយ​ទ្រង់​ផ្ទាល់​កៀក​ទៅនឹង​ប្រជានុរាស្ត្រ​ក​ម្វុ​ជ​ទេស លើសពី​ការបន្ត​មរតក​ពី​បណ្តា​អតីតព្រះមហាក្សត្រ​នៃ​លទ្ធិព្រាហ្មណ៍ ដែល​ស្និត​នឹង​ពួក​ព្រា​ហ្ម​បុរោហិត​ជាង​។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​ចំណាយពេល​ភាគច្រើន​របស់​ទ្រង់​ក្រៅ​ព្រះបរមរាជវាំង​ដ៏​ស្តុក​ស្ត​ម ដើម្បី​តស៊ូ​ក្នុង​សមរភូមិ និង​បាន​រំដោះ​ក​ម្វុ​ជ​ទេស​ពី​នឹម​ត្រួតត្រា​របស់ ចាម​។ ទ្រង់មាន​មហេសី​ដ៏​ឈ្លាស់វៃ​ពីរ​ព្រះអង្គ​ដែលជា​ពុទ្ធសាសនិកជន​ដ៏​ខ្ជាប់ខ្ជួន​។​
​ព្រះ​នាង​ជ័យ​រាជទេវី ក្នុងនាម​ជា​អគ្គមហេសី ទ្រង់​គឺជា​គម្រូ​នៃ​វិ​រៈ​ភាព​នៃ​ភាព​ស្វាមី ភ័ក្តិ​បំផុត​ចំពោះ​ស្វាមី​របស់​ទ្រង់​បាន​ពលី​ជីវិត​របស់ខ្លួន​បំពេញ​ការ​បួងសួង​នៅពេលដែល​ព្រះរាជា​កំពុង​ឋិត​ក្នុង​សមរភូមិ ចំណែក​ព្រះ​នាង​ឥន្ទ្រ​ទេវី គឺជា​ស្ត្រី​ដែល​ទទួលបាន​ការអប់រំ​ខ្ពស់ និង​ពោ​ពេញ​ទៅដោយ​សមត្ថភាព​ក្នុងការ​ចាត់ចែង​កិច្ចការ​អប់រំ ដែល​កាន់តែ​បើកទូលាយ​ទៅដល់​ស្ត្រី និង​សាធារណៈជន​ដែល​កំពុង​តែមាន​ភាព​ម​ន្ទិ​ល​ចំពោះ​ការគ្រប់គ្រង​របស់​ស្តេច​អ​ទិ​ទេព​នៃ​សាសនាព្រាហ្មណ៍ បន្ទាប់ពី​ទីក្រុង​អ​ទិ​ទេព​របស់ខ្លួន​ត្រូវបាន​សត្រូវ​ឈ្លានពាន​បាន​។ ប្រហែលជា​ឋិត​ក្នុង​កាលទេស​បែបនេះហើយ ដែល​ទ្រង់​បាន​សម្លឹង​ទៅដល់​ការកែទម្រង់​ប្រព័ន្ធ​នយោបាយ​ពី​ព្រាហ្មណ៍​និយម មក​ពុទ្ធ​និយម​វិញ​ដែល​បាន​កែរ​ខៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​នៃ​ឥសី​កម្ពុ ពី​អតីតកាល មកជា​ប្រទេស​ដ៏​រុងរឿង​ប្រកបដោយ​ពុទ្ធិ​បំផុត​មួយ​របស់​ពិភពលោក​នា​សម័យ​កាលនោះ​។ ម​ហិ​ច្ច​តា​នេះ​គឺមាន​ភាពចម្រូងចម្រាស់ និង​ប៉ះពាល់​ខ្លាំង​ទៅនឹង​ការបែងចែក​លាភសក្ការៈ​របស់​ពួក​ព្រា​ហ្ម​បុរោហិត​ដែលមាន​អំនាច​ខ្លាំង​ក្នុង​ជួរ​រាជការ ជា​ប្រពៃណី​ត​មក​រាប់រយឆ្នាំ​មកហើយ​។ កំនែរ​ទម្រង់​របស់​ទ្រង់ គឺជា​សញ្ញាណ​នៃ​ការចាប់ផ្តើម​ប្រឆាំងនឹង​របប​គ្រង់​គ្រង​ហួស​សម័យ​ដែល​ធ្លាប់បាន​ការពារ​ផលប្រយោជន៍​របស់​ពួក​ព្រា​ហ្ម​បុរោហិត ដើម្បី​រក្សា​អំណាច​ឲ្យ​រ៉ឹង​ម៉ាំ​សម្រាប់​បណ្តា​អតីតព្រះមហាក្សត្រ​។
​ជំនឿ​បែប​ថ្មី​នៃ​សាសនាព្រះពុទ្ធ​នាំ​ឲ្យ​យោងទៅដល់​ការលើកស្ទួយ​ដល់​ផលប្រយោជន៍​ប្រជានុរាស្ត្រ​ជាធំ ដែល​បន្ត​បង្អាក់ និង​គំរាមកំហែង​ដល់​សារៈសំខាន់​នៃ​របៀប​គ្រប់​គ្រង់​អំណាច​របស់​លទ្ធិព្រាហ្មណ៍ ប៉ុន្តែ​នយោបាយ​ថ្មី​នេះ​ប្រហែលជា​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ព្រះ​នាង​ឥន្ទ្រៈ​ទេវី​ដែលជា​អគ្គមហេសី​របស់​ទ្រង់​។ «​យើង​ចង់បង្ហាញ​ឱ្យ​អ្នក​ជំនាន់​ថ្មី​បានដឹងថា​ព្រះ​អគ្គមហេសី​ទាំងពីរ​ព្រះអង្គ​គឺមាន​ឥទ្ធិពល​ណាស់​ក្នុង​វិធី​អនុវត្តន៍​រាជកិច្ច​ដឹកនាំ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ដូច​មាន​ភស្តុតាង​បានបង្ហាញ​ស្រាប់​។ ផ្អែក​តាម​សិលា​ចារិក​ព្រះខ័ន​បានបង្ហាញ​ថា​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៧ មាន​មហេសី​ពីរ​ព្រះអង្គ​ដែលជា​បងប្អូន​ស្រី​បង្កើត​នឹង​គ្នា​។​
ព្រះ​មហេសី​ទាំងពីរ គឺជា​ពុទ្ធសាសនិក​ដ៏​ខ្ជាប់ខ្ជួន និង​ជា​សាស្ត្រាចារ្យ​ដ៏​ឆ្លាត​វៃ​។ បើទោះបីជា​សិលាចារឹក​នេះ​បាន​បង្ហាញថា​ព្រះ​នាង​ឥន្ទ្រ​ទេវី គឺជា​បងស្រី​បង្កើត​របស់ ព្រះ​នាង​ជ័យ​រាជទេវី ដែល​បាន​រៀប​អភិសេក​បន្ទាប់ពី​ការយាង​ចូល​ទិ​វ​ង្គ​ត់របស់​ព្រះ​នាង​ជ័យ​រាជទេវី​ក្តី​ប៉ុន្តែ​ចម្លាក់​មួយ​នៅ​ប្រាសាទបាយ័ន​បានបង្ហាញ​ពី​វត្តមាន​របស់​ព្រះ​នាង​ឥន្ទ្រ​ទេវី​មាន​បុត្រ​មួយ​ព្រះអង្គ​គង់នៅ​ពីក្រោយ​ព្រះបាទ ជ័យ​វ​រ័​ន្ម​ទី​៧ ដែល​គង់​ទល់​ព្រះ​ភ័​ក្រ​នឹង​ព្រះ​នាង​ជ័យ​រាជទេវី​ដែលមាន​បុត្រ​យ៉ាងហោចណាស់​៥​ព្រះអង្គ ដែល​ប្រហាក់ប្រហែល​នឹង​ការដឹង​តាម​សិលា​ចារិក​។ ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៧ បាន​ឡើង​សោយរាជ្យ​សម្បត្តិ​បន្ទាប់ពី​ទ្រង់​បាន​យកឈ្នះ​ពី​ការ​លុកលុយ​របស់​ចាម​ដែលជា​អ្នក​ប្រកាន់យក​សាសនាព្រាហ្មណ៍​។ បន្ទាប់ពី​ការរង​ចាំ​យ៉ាង​ស្ងប់ស្ងៀម​អស់​រយៈពេល​១៥​ឆ្នាំ ព្រះអង្គ​បាន​ផ្លាស់ប្តូរ​សាសនា​របស់​រដ្ឋ​ពី​ព្រាហ្មណ៍​សាសនា មកកាន់​ព្រះពុទ្ធសាសនា​មហាយាន​ស្រប​ពេលដែល​សាសនា​នេះ កំពុង​ចុះ​ឥទ្ធិពល​លើ​ផ្នែក​នយោបាយ​ក្នុងចំនោម​ប្រជា រាស្ត្រ​ដែល​កំពុង​ងាក​ទៅរក​ព្រះពុទ្ធសាសនា​វិញ​។
​នេះ​ប្រហែលជា​ធ្វើឱ្យមាន​ជម្លោះ​ដល់​ពួក​ព្រា​ហ្ម​បុរោហិត​។ ក្នុង​រាជ្យ​ព្រះអង្គ​គេ​ឃើញ​មាន​សំណង់​ប្រាសាទ​ជាច្រើន​បាន​សង់​ឡើង​ដើម្បី​ឧ​ទិ្ទ​ស​ដល់​ក្រុមគ្រួសារ​ព្រះអង្គ និង​ព្រះ​ពោធិ៍សាត់​ហើយ​ពេលខ្លះ អ​ទិ​ទេព​របស់​ពួក​ព្រា​ហ្ម​ក៏ត្រូវ​បាន​ឆ្លាក់​គោរព​ទៅដល់​ព្រះពុទ្ធ​ផងដែរ​។ ប៉ុន្តែ​ចម្លាក់​ដែល​តែង​បង្ហាញ​ពី​ការគោរព​ដ៏​ស្មោះស្ម័គ្រ​របស់​ត្រី​ក្សត្រ​ជំ​ពោះ​ព្រះ​ពោធិ៍សាត់ មិនបាន​ប្រទះឃើញ​ទៀត​ទេ​ក្រោយ ពី​ទ្រង់​បាន​បាត់​ព្រះកាយ​ទៅ តែ​បាន​ជំនួស​មកវិញ​នូវ​ចម្លាក់​របស់​ទ្រង់ និង​ព្រះ​មហេសី​ទាំងពីរ​ព្រះអង្គ​គោរព​ចំពោះ​ព្រះ​ឥសូរ អ​ទិ​ទេព​សាសនា​របស់​ពួក​ព្រា​ហ្ម​បុរោហិត​ទៅវិញ ដែល​ត្រូវបាន​គេ​ឆ្លា​ក់នៅ​រាជ្យ​ក្រោយមកទៀត ជា​សង្ស័យ​បច្ច័យ​ដែល​គួរ​ឲ្យ​យើង​កត់សំគាល់ថា​រូបភាព​បែបនេះ​គឺមាន​លក្ខណៈ​ផ្ទុយ​ទាំងស្រុង​ទៅនឹង​ចម្លាក់​របស់​ទ្រង់​នៅ​ប្រាសាទបន្ទាយឆ្មា​ដែល​សង់​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ស្រី​ន្ទ​កុមារា ព្រះរាជា​ទាយាទ​របស់​ទ្រង់​ដែល​បាន​សុគត​នៅក្នុង​សមរភូមិ​ជាមួយ​ចាម​ដែល​កាន់សាសនា​ព្រាហ្មណ៍​។​
​ចម្លាក់​នៅ​ទីនោះ​ហាក់ បាន​បង្កប់​នូវ​ការទាស់ទែង​គ្នា​ក្នុង​សាសនា និង​ការខឹង​សំបារ​របស់​ទ្រង់​យ៉ាងខ្លាំង​ចំពោះ​សាសនា​ព្រហ្ម​ណ៍ ដែល​កាលនោះ​ជា​សាសនា​របស់​សត្រូវ​ដែល​បានសម្លាប់​រាជបុត្រ​រប​ស់​ទ្រង់​។ រូបចម្លាក់​ដែល​លោកស្រី ផល្លី​កា​បាន​កំនត់ថា​ជា​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ត្រូវបាន​សិល្បៈករ​ឆ្លាក់​ដោយមាន​កាយវិការ​ប្រហារជីវិត​ទៅលើ​ពួក​ព្រា​ហ្ម ដោយ​ព្រះអង្គ​ឈរលើ​ខ្នង​ដំរី​យ៉ាង​អង់អាច​លើក​ធ្នូ​បាញ់​ព្រះ​ឥសូរ​ទំលាក់​ចុះក្រោម​ជាដើម​។​
​នេះ​ប្រហែលជា​សារ​របស់​ព្រះអង្គ​ចំពោះ​ពួក​ព្រា​ហ្ម​ដែល​ប្រហែលជា​បានរៀបចំ​ផែនការ​ដើម្បី​ទាមទារ​អំនាច​មកឱ្យ​ពួក​ព្រាហ្មណ៍​និយម ឫ​ប្រហែលជា​បាន​ចូល​ដៃ​ជាមួយ​សត្រូវ​។ នៅក្នុង​សៀវភៅ​ត្រី​ក្សត្រ​បានចង្អុលបង្ហាញ​ទៀតថា​មាន​ជម្លោះសាសនា​ដ៏​ធំ​មួយ ហើយ​ព្រះអង្គ​ប្រហែលជា​ត្រូវបាន​ពួក​ព្រាហ្មណ៍ ឫ​យ៉ាងហោចណាស់​មានការ​គាំទ្រ​ពី​ពួក​ព្រា​ហ្ម​មិន​ពេញចិត្ត​នឹង​របប​គ្រប់គ្រង​របស់​ទ្រង់​ដែល​យក​មហេសី​ជាទី​ប្រឹក្សា​ដោយ​ការ ធ្វើ​គត់​ដើម្បី​ប្លន់​អំនាច​ពី​ព្រះអង្គ និង​ព្រះ​នាង​ឥន្ទ្រ​ទេវី​មក វិញ​។ ព្រះ​នាង​ឥន្ទ្រ​ទេវី​ប្រហែល​ជាមាន​តួនាទី​សំខាន់​ខ្លាំងណាស់​ក្នុង​វិស័យ​ការពារជាតិ​។
​ចម្លាក់​នៅ​ប្រាសាទបាយ័ន​មួយ​ផ្ទាំង​បានបង្ហាញ​ពីស​កម្ម​ភាពជា​ចំហរ​របស់​ទ្រង់​កំពុង​បូជា​ដល់​ទង់​សម្រាប់ ទ័ព​ដោយមាន​ព្រះបាទ​ជ័យវរ្ម័ន​គង់​ថ្វាយ​ផ្កាឈូក​ពីក្រោយ​។ ដូចគ្នានេះដែរ​ចម្លាក់​នៅតាម​ប្រាសាទ​សំខាន់ៗ​ដែល​បាន​សាងសង់ឡើង​ក្នុង​រាជ្យ​ព្រះអង្គ​ដូចជា ប្រាសាទព្រះខ័ន បន្ទាយក្តី បន្ទាយឆ្មា ជាដើម​សុទ្ធតែ​បង្ហាញ​ពី​ព្រះ​រាជ្យ​តួនាទី​សំខាន់ៗ​របស់​ស្ត្រី​លើសសម័យ​កាលណា​ណា​ទាំងអស់​ដូច​មានការ​លើកឡើង​ក្នុង​សិលាចារឹក​មន្ទី​ពេទ្យ​មួយ​ថា​៖ "Filled with a deep sympathy for the good of the world,the King swore this oath,all the being who are plunged in the ocean of existence,may I draw them out by virtue of this good work,and may the King of Cambodia who come after me,attached to goodness..attain with their wives,dignitaries and friends the place of deliverance where there is nomore illness.” «​ពោរពេញ​ទៅហើយ​ក្តីមេត្តា​សម្រាប់​អំពើ​ល្អ​នៃ​ពិភពលោក ព្រះមហាក្សត្រ សូម​បាន​សច្ចា ឲ្យ​អស់​សព្វ​សត្វ​ដែល​បាន​ធ្លាក់​ក្នុង​សាគរ​នេះ សូម​ឲ្យ​ខ្ញុំ​អាច​ដក​ពួកគេ​ចេញ​អំពី​ទុក្ខ​ដោយ​អំពើ​ល្អ​នេះ ហើយ​សូម​ឲ្យ​បណ្តា​ព្រះមហាក្សត្រ​របស់​កម្ពុជា​ដែល​ស្នងរាជ្យ​ក្រោយៗ​មកទៀត​ជាប់ជំពាក់​នឹង​សេចក្តី​ល្អ រួមជាមួយ​នឹង​ព្រះ​មហេសី ព្រមទាំង​មន្ត្រីរាជការ មិត្ត​ទាំងឡាយ​រំដោះ​ចាក​ផុតពី​ទី​នៃ​រោគ​ទាំងពួង​»​។
«​យើង​រកឃើញ​មានការ​កោស​លុប​រូប​នៅ​ថែវ​ទ្វារ​ខាងត្បូង​នៅ​ប្រាសាទបាយ័ន ដែល​យើង​បាន​សន្ម​ត់​ថា​ជា​រូប​ព្រះ​នាង​ជ័យ​រាជទេវី និង​ឥន្ទ្រ​ទេវី​។ យើង​ដឹងថា​ក្រោយពី​ព្រះអង្គ​ទាំងពីរ​សុគត​ទៅ មានការ​ជ្រែករាជ្យ​​និង​អំពើ​ហឹ​ង្សា​ទៅលើ​ព្រះពុទ្ធសាសនា​ដូច​មានការ​កោស​រូប​ព្រះ​ពុទ្ធរូប​នៅតាម​ប្រាសាទ​នានា ដូច​យ៉ាង​ប្រាសាទបាយ័ន និង​ប្រាសាទតាព្រហ្ម​ជាដើម តែ​យើង​ឆ្ងល់​ថា​ហេតុអ្វី​បានជា​ព្រះ​ឆាយា​ល័​ក្ខ​ព្រះ​នាង​ត្រូវបាន​គេ​កោស​លុប​ដែរ​? ជាពិសេស​គឺ​នៅ​ថែវ​ខាងត្បូង​ដែលជា​ទិស​សំខាន់​ក្នុង​សាសនា​ព្រា​ហ្ម យើង​សង្ស័យថា​ពួក​ព្រា​ហ្ម​បុរោហិត​មិន​សប្បាយ​ចិត្តនឹង​វត្តមាន នៃ​ព្រះរាជ​តួរ​នាទី​របស់​មហេសី​ដ៏​មាន​ឥទ្ធិពល​ទាំងពីរ​អង្គ​នេះ​ទេ ព្រោះ​ពួកគេ (​ព្រា​ហ្ម​) ប្រហែលជា​បាន​បាត់​ផលប្រយោជន៍​នៅពេលដែល​ព្រះអង្គ​ទាំងបី ឫ​ត្រី​ក្សត្រ​រួមគ្នា​ធ្វើ​កំណែរ​ទម្រង់​ប្រព័ន្ធ​ន​យោ បាយ ហេតុនេះហើយ​យើង​អា​ចរាប់ថា​ជាការ​សងសឹក​»​។​
​នេះ​មិនមែនជា​ការបញ្ជាក់​ពី​ការសន្និដ្ឋាន​របស់លោក​ស្រី​ទាំងស្រុង​នោះទេ​។ ថ្វី​ត្បិត​រូបចម្លាក់​របស់​ត្រី​ក្សត្រ​ត្រូវបាន​គេ​រកឃើញ​គ្រប់​ទីកន្លែង​តាម​ពុទ្ធ​និយម​ក្តី តែ​គេ​ក៏​រកឃើញ​ផងដែរ​រូបចម្លាក់​របស់​ព្រះអង្គ និមិត្ត​ជា​ទេព​ក្នុង​សាសនាព្រាហ្មណ៍​ផ្សេងៗ​ដែល​សង់​ឡើង​ក្នុង​រាជ្យ​របស់​ទ្រង់ ប៉ុន្តែ​អ្វីដែល​គួរ​ឲ​ភ្ញាក់ផ្អើល​នោះ នាពេល​ក្រោយ មកទៀត ត្រី​ក្សត្រ​ក៏​ប្រទះឃើញ​ឆ្លាក់​នៅ​បា​តនៃ​លាន​ព្រះ​គំលង់ ឫ​ជា​ឋាននរក​ដែល​គេ​សង់​បន្ថែម​នៅ​ខាងឆ្វេង​លានជល់ដំរី ឫ​វាល​ព្រះមេរុ ដែល​តាម​ប្រពៃណី​របស់​ក្សត្រ​ក្នុង​ព្រះពុទ្ធសាសនា​គួរតែ​ជាទី​តាំង​សម្រាប់​សង់​ព្រះ​ចុ​ល្លា​មុន្នី​ចេ​តេ​យ្យ​ដែល​តម្កល់​នៅ​ឋាន​ត្រៃ​ត្រឹង​នេះ​បើតាម​ការចង្អុលបង្ហាញ​របស់លោក​ស្រី​។ «​វា​មិនមែន​ផ្អែក​តែ​លើ​ឯកសារ​ប្រវត្តិសាស្ត្រ​ដែល​គេ​ធ្វើឡើង​ពឹង​ផ្អែកលើ​សិលាចារឹក និង​ការចងចាំ​នានា​ហើយ​យើង​អាច​សន្ម​ត់​ចំពោះ​រឿងរ៉ាវ​ដែល​បានកើត​ឡើង​នៅពេលនោះ​បានទេ ខណៈពេលដែល​រូប​ពិត​របស់​ព្រះអង្គ​នៅតែមាន​ភាពស្រពិចស្រពិល​នៅឡើយ​កាលពី​អតីតកាល​។ យើង​ដឹងថា​ឯកសារ​ទាំងនោះ​ត្រូវបាន​សរសេរ​ឡើង​ដោយ​អ្នកស្រាវជ្រាវ​ជំនាន់​មុន ដោយ​ផ្អែកលើ​ភ័ស្តុតាង​ដែល​ពួកគេ​អាច​រកបាន​នៅ​ជំនាន់​នោះ​។ ប៉ុន្តែ​ជាការ​ពិត ការស្រាវជ្រាវ​ទាំងនោះ​អាច​នឹងមាន​ការខ្វះចន្លោះ​»​។

​នេះ​គឺជា​ឆ្លើយតប​នឹង​សំនួរ​មួយ​ដែល​លើកឡើង​ដោយ​ខេមរជន​និយាយ​ភាសារ​បារាំង​ម្នាក់​ដែល​ចូលរួម​ស្តាប់​នឹង​លើក​យោបល់​អំពី​ការខ្វែងគ្នា​នឹង​ព្រឹត្តិការណ៍​ដែល​បាន​កត់​ចូលក្នុង​ប្រវត្តិ​ពង្ស​សាវតា​ខ្មែរ​។ លោកស្រី ង៉ី​ន ផល្លី​ការ អ្នកស្រាវជ្រាវ និង​សរសេរ​សៀវភៅ «​ត្រី​ក្សត្រ​» បាន​ចំណាយពេល​មួយរយៈ​ចុងក្រោយ​នេះ​រស់នៅ​ខេត្តសៀមរាប ដើម្បី​អង្កេត​លំអិត​ទៅលើ​ចម្លាក់​នៅតាម​ប្រាសាទ​នានា​ដែល​បាន​កសាងឡើង​ក្រោម​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​។ ដូចគ្នានេះដែរ​បទ​បង្ហាញ​របស់លោក​ស្រី​ស្តីពី​បំណកស្រាយ​អាថ៌កំបាំង​ដ៏​អស្ចារ្យ​របស់​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៧ ព្រះ​នាង​ជ័យ​រាជទេវី និង​ព្រះ​នាង​ឥន្ទ្រ​ទេវី នៅ​ឯម​ជ្ឈ​ប​ណ្ឌ​ល​ធនធាន​សោត​ទស្ស​បុប្ផា​ណា កាលពីពេល​កន្លងទៅនេះ បានធ្វើ​ឲ​ខ្ញុំ​ផ្តោត​យកចិត្តទុកដាក់​ជាខ្លាំង បើទោះជា​ការពិត​នៅ​ពីក្រោយ​ប្រវត្តិសាស្ត្រ​ដែល​បាន​លុង​លោ​ច​ទៅ​អស់​រាប់រយឆ្នាំ​មកហើយ​យ៉ាងណាក្តី ប៉ុន្តែ​វា​ហាក់​ញ៉ាំង​ជា​បច្ច័យ​ឲ​យើង​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ដោយ​ខ្មែរ​ខ្លួនឯង ដើម្បី​ស្វែងយល់​ពី​ព្រឹត្តិការណ៍​នយោបាយ​ពី​អតីតកាល​របស់ខ្លួន​ដែល​បាន​ជះឥទ្ធិពល​មកដល់​បច្ចុប្បន្ន ដើម្បី​អនុ​ញ្ញា​ត្តិ​ឲ​យើង​ចាប់ផ្តើម​ធ្វើ​កិច្ចការ​ថ្មី​ដែល​ប្រសើរ​ជាង​ពេលមុន​៕​

No comments:

Post a Comment