ប្រាសាទនាងខ្មៅ
Posted on 26 ខែកញ្ញា 2012 by តា ម៉ាប់
ប្រាសាទនាងខ្មៅ គឺជាប្រាសាទចំនួន ៣ ដែលសាងសង់ពីថ្មភក់ និងឥដ្ឋ (ឥឡូវសល់តែ ២ ប្រាង្គ គឺប្រាង្គកណ្ដាល និងប្រាង្គខាងស្ដាំ) ដែលស្ថិតនៅក្នុង ឃុំរវៀង ស្រុកសំរោង ខែត្រតាកែវ ក្នុងរយៈចម្ងាយប្រហែល ៥៥ គ.ម ពីទីក្រុងភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ២ ។ ប្រាសាទនេះស្ថិតនៅក្នុងទីតាំងវត្តនាងខ្មៅដែលស្ថិតនៅជាប់និងផ្លូវជាតិតែម្ដង (ខាងឆ្វេងដៃពេលធ្វើដំណើរមកពីភ្នំពេញ) ។
ខាងក្រោមនេះ ជារូបភាពបង្ហាញពីស្ថានភាពប្រាសាទបច្ចុប្បន្ន និងប្រវត្តិនៃប្រាសាទតាមសិលាចារឹក និងរឿងព្រេង ៖
ប្រាង្គខាងស្ដាំមើលពីក្រោយ
តាមសិលាចារឹកបានបញ្ជាក់ថា ប្រាសាទនេះត្រូវបានសាងសង់ក្នុងរាជ ព្រះបាទជ័យវម៌្មទី៤ (925 – 941) ហើយស្ថិតនៅក្នុងរចនាបថកោះកេរ្តិ៍សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា ។
បើតាមរឿងព្រេង ប្រាសាទនេះមានទំនាក់ទំនងជាមួយនិង ប្រាសាទភ្នំជីសូរ្យ យ៉ាងជិតដិតផងដែរ ។ ដំណាលថា មានព្រះមហាក្សត្រមួយអង្គព្រះនាម សុរិយាទេវង្ស មានរិទ្ធិអំណាចយ៉ាងខ្លាំងក្លាសោយរាជ្យនៅលើភ្នំជីសូរ មានរាជបុត្រីមួយអង្គព្រះនាម នាងខ្មៅ ជាស្រីមានរូបសម្ផស្សស្រស់ត្រកាលអស់ស្រីមួយនគរប្រៀបពុំបាន ។
លុះមានព្រះជន្ម ១៦ វស្សាក៏សុំបិតាទៅក្រសាលនៅ ទន្លេប្រទុន ក៏មានបុរសម្នាក់នាម បណ្ឌិតស្រី លបលួចឃើញក៏មានចិត្តស្រលាញ់តែមិនហ៊ានដោយវណ្ណៈខ្លួនទាប ក៏ទាញស្លឹកយកមកផ្លុំ ។ សំឡេងស្លឹកចុចចំបេះដូងព្រះនាងៗ ក៏តាមរកម្ចាស់សំឡេងហើយ ក៏ចាប់ចិត្តស្រលាញ់គ្នាទៅវិញទៅមក ។
ក្រោយមកស្ដេចជាបិតាបានដឹង ទ្រង់ក៏បំបរបង់ព្រះនាងឲ្យទៅគង់នៅឆ្ងាយដោយសាងប្រាសាទចំនួនបីថ្វាយ (ប្រាសាទនាងខ្មៅបច្ចុប្បន្ន) ។ ព្រះនាងក្រោយបែកពីសង្សារក៏បាត់ដំណឹងឈឹង ឯក្រោយមកក៏ទៅចាប់ចិត្តនិងភិក្ខុមួយអង្គនាម កែវ (ដើមនាមខែត្រតាកែវបច្ចុប្បន្ន) ដែលមានចំណេះដឹងល្បីល្បាញពេញភូមិស្រុក ។ ព្រះនាងក៏យាងតាមដំរីទៅទូលឲ្យ ភិក្ខុកែវ សឹក ឯ ភិក្ខុកែវ ក្រោយមកក៏សឹកជាឃរាវាសមករួមរស់និងព្រះនាងខ្មៅតរៀងទៅ ។
No comments:
Post a Comment