ក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ យើងឃើញមានការបង្រួបបង្រួម និង ស្ថាបនាជាតិខ្មែរឡើងវិញ ហើយការអភិវឌ្ឍន៍ជាតិនេះមានកាន់តែខ្លាំងក្លាឡើងៗ នៅចុងសម័យវប្បធម៌បាយ័ន ។ ភស្តុតាងនៃសម្មិទ្ធ ផលសង្គមដំបូងបង្អស់ គឺការកសាងព្រះរាជធានី អង្គរធំ ដែលមានប្រាសាទ បាយ័ន ជាប្រាសាទរាជ បន្ទាប់ មកគឺប្រាសាទ តាព្រហ្ម ព្រះខ័ន និង បន្ទាយឆ្មារ ដើម្បីឧទ្ទិសបុណ្យកុសល ចំពោះអតីតព្រះរាជវង្សានុវង្សព្រម ទាំងមេទ័ព ដែលបានពលីជីវិត ក្នុងសង្គ្រាមរំដោះទឹកដីខ្មែរ ។ ដើម្បីពង្រីកអំណាច ព្រះមហាវីរក្សត្រអង្គ នេះបានកសាងនូវសាលាសំណាក់ (ធម្មសាលា) និងមន្ទីរពេទ្យ (អរោគ្យសាលា) ជាច្រើន ព្រមទាំងបានជួស ជុលឡើងវិញនូវមូលនិធិសាសនានាសម័យមុនៗទូទាំងដែនដីនៃកម្ពុជារដ្ឋ ។
ស្នាព្រះហត្ថដ៏ធំធេងទាំងនោះ ត្រូវបានអ្នកស្រាវជ្រាវខាងប្រវត្តិសាស្ត្របង្ហាញបញ្ជាក់តាមរយៈសៀវភៅ និងអត្ថបទមួយចំនួនរួចទៅហើយ ។ យ៉ាងណាមិញប្រជាជនខ្មែរយើង ក៏បានចារព្រឹត្តិការណ៍ទាំងនោះក្នុងក្រាំងមាសនៃពង្សាវ តារប្រចាំជាតិរបស់ខ្លួនផងដែរ ។
ហើយដូចយើងជម្រាបរួចមកហើយ ក្នុងសម័យបាយ័នសិល្បៈវប្បធម៌បច្ចេកទេស និងវិទ្យាសាស្ត្រខ្មែរបានឈានដល់ដំណាក់កាលកំពូល លើសសម័យមុនៗ ដោយសារព្រះមហាក្សត្រអង្គនេះ ឬ ក៏អ្នកប្រាជ្ញ ដែលរួមព្រះបរមកគ្រូ និង វិស្វករចំណានរបស់ទ្រង់បានបង្កើតនូវរចនាសម្ព័ន្ធថ្មីមួយ ដែលមានលក្ខណៈសំយោគរវាងលទ្ធិ ព្រះពុទ្ធសាសនាទាំងពីរនិកាយ និង ព្រហ្មញ្ញសាសនា ដែលជាត្រីវិស័យនៃការអភិវឌ្ឍន៍ប្រទេសជាតិ ។
ក្នុងអត្ថបទនេះ នឹងផ្តោត ការយកចិត្តទុកដាក់លើការឆ្លាក់ចារឹកខ្លីៗ មួយចំនួន នៅលើជញ្ជាំងប្រាសាទ អង្គរវត្ត ដែលរហូតដល់សព្វថ្ងៃពុំទាន់មាននរណាមួយចាប់អារម្មណ៍នៅឡើយ ។ ព្រោះគេបានចាត់ទុកថា ជាអក្សរដែលសរសេរក្នុងរាជរបស់ព្រះបាទសុរិយាវរ្ម័នទី២ ស្តេចស្ថាបនិកប្រាសាទអង្គរវត្ត ។
សូមរំលឹកថា តួអក្សរចារឹកទាំងនោះ ផ្ទាំងរូបនីមួយៗពាក់ព័ន្ធនឹងមេទ័ព ហើយមានសារៈសំខាន់ណាស់សម្រាប់ឈ្វេងយល់ពីហេតុការណ៍ប្រវត្តិសាស្ត្រ ដែលបានកើតឡើងក្នុងសម័យកាលនោះ ដូចជាវត្តមានរបស់កងទ័ពសៀមជាដើម ដែលបានចូលរួមក្បួនព្យុហ៍យាត្រា ។ គឺចំណុចនេះហើយដែលយើងសូមលើកមកពិនិត្យនៅទីនេះ ។
ជាបឋមយើងសូមលើកយកតួអក្សរចារលើប្រាសាទអង្គរវត្ត ដែលគេបានសន្មតដោយភាន់ច្រឡំថា ជាតួអក្សរចារក្នុងរាជរបស់ព្រះបាទសុរិយាវរ្ម័នទី២ ទៅធៀបទៅនឹងតួអក្សរដែលចារក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺតួអក្សរទាំងឡាយ លើប្រាសាទ អង្គរវត្ត មានលក្ខណៈដូចគ្នា បេះបិទទៅនឹង អក្សររបស់ព្រះបាទជ័យវរ្ម័នទី៧។ ម្យ៉ាងវិញទៀត ដោយសារ តែតួរអក្សរទាំងនោះ មានទម្រង់ខុសគ្នានឹង តួសិលាចារឹក ដែលចារឹករបស់ព្រះបាទសុរិយាវរ្ម័នទី២ យើងពុំអាចចាត់ទុកថាអក្សរទាំងនេះស្ថិតក្នុងសម័យកាលតែមួយបានឡើយ ។
ខាងលើនេះ ធ្វើឲ្យយើងសន្និដ្ឋានបានថា អក្សរចារឹក នៅលើប្រាសាទ អង្គរវត្ត ត្រូវបានចារឡើង ក្នុងរាជរបស់ព្រះបាទជ័យវរ័ន្មទី៧ យ៉ាងប្រាកដ ។ ដោយផ្អែកលើលក្ខណៈនៃតួអក្សរបើទោះបីគ្មានការចុះកាលបរិច្ឆេទក៏ដោយ ។ នេះជាការរកឃើញរបស់យើង ។
យើងបានធ្វើការកត់សម្គាល់ថា ព្រះមហាក្សត្រជ័យវរ្ម័នទី៧ បានកាន់កាប់ទឹកដីដូនតារបស់ទ្រង់ឡើងវិញ ដោយទ្រង់បានកសាងឬជួសជុលមូលនិធិសាសនាឡើងវិញ ទូទាំងប្រទេស ជាពិសេសក្រោយពីទ្រង់ឡើងសោយរាជ្យសម្បត្តិ។ ព្រះអង្គមិនបានកសាងប្រាសាទអង្គរវត្តទេ ក៏ប៉ុន្តែព្រះអង្គយ៉ាងហោចណាស់ក៏បានឆ្លាក់ដោយប្រើតួអក្សរក្នុងសម័យរបស់ទ្រង់ ដើម្បីបង្ហាញប្រវត្តិរបស់ចម្លាក់នីមួយៗ ទុកជាប្រវត្តិសាស្ត្រដែរ ។ ហើយ ទង្វើបែបនេះ ក៏ត្រូវបានបន្តរហូតដល់សតវត្ស ទី១៥ ដែរ ជាពិសេសក្នុងរាជរបស់ ព្រះបាទអង្គច័ន្ទ ដែលបានបញ្ចប់ផ្ទាំងចម្លាក់ រួចរាល់ដែរ ពោលគឺបានបន្ដពី ព្រះបាទសុរិយាវរ្ម័នទី២ ដែលមិនបានបញ្ចប់នៅសតវត្សទី១២ ។
សូមរំលឹកថា ព្រះបាទសុរិយាវរ្ម័នទី២ ស្ថាបនិកប្រាសាទអង្គរវត្ត គឺជាស្តេចខ្មែរមួយអង្គរ ដ៏មានមហិទ្ធិឫទ្ធិដ៏អស្ចារ្យដែលបានឡើងសោយរាជ្យនៅ គ.ស ១១១៣ ដោយមានព្រះមរបនាមថាព្រះបរមវិស្ណុលោក។ រីឯព្រះបាទជ័យវរ្ម័ន ទី២ ព្រះអង្គសោយរាជ្យ នៅឆ្នាំ១១៦២ ចន្លោះ សតវត្សទី១២ និង ដើមសតវត្សទី១៣ ។ ដូច្នេះ តាមរយៈការឆ្លាក់ប្រវត្តិនៃរូបនីមួយៗ នៅលើជញ្ជាំងប្រាសាទ ដែលយើងអាចចាត់ទុកថា ជាការអភិរក្ស ឬ ការជួសជុល ឬ ក៏ជាការ សាងសង់បន្ថែម យើងឃើញព្រះទ័យ យកចិត្តទុកដាក់ របស់ព្រះបាទជ័យវរ្ម័នទី ៧ ទៅលើ ប្រាសាទសិលាដ៏ធំ សម្បើម និង សំខាន់ខាងលើនេះ ដែលជាកេរ្តិ៑៍ដំណែល របស់ដូនតាយ៉ាងប្រាកដ ៕ (ម.ត្រាណេ)
No comments:
Post a Comment