មន្ទីរពេទ្យ ឬអរោគ្យសាលា ចំនួន ១០២ ត្រូវបានគេស្គាល់-ដឹងចាប់ពីឆ្នាំ ១៩០២ តាមរយៈផ្ទាំងសិលាចារឹកនៅស្រុកសាយហ្វុង ប្រទេសឡាវ/លាវ បច្ចុប្បន្ន។ សូមរំលឹកថា ដូចបានពោលខាងលើ អរោគ្យសាលា និងធម្មសាលានៅក្នុងប្រទេសឡាវ/លាវ និងថៃបច្ចុប្បន្ន គឺជាភ័ស្តុតាងនៃវត្តមានខ្មែរ ក្នុងតំបន់នេះ ដែលធ្លាប់ជាភាគមួយនៃដែនដីខ្មែរពីបុរាណ កាល ។ យោងលើស្លោក XLV នៃសិលាចារឹកនេះ យើងឃើញក្នុងអរោគ្យសាលានីមួយៗ មានគ្រូពេទ្យ ២នាក់ អមដោយស្ត្រីពីរនាក់ និង មនុស្សប្រុសម្នាក់ គ្រូថ្នាំពីរនាក់នៅឃ្លាំងសម្រាប់ចែកចាយថ្នាំសង្កូវ, អ្នកដាំស្លពីរនាក់គឺជាអ្នកសំអាត ផង។ អ្នកមើលជម្ងឺ (គិលានុបដ្ឋាក) ចំនួន ១៤ នាក់, ស្ត្រីចំនួន ៨នាក់ សម្រាប់ដាំទឹក, កាន់ថ្នាំ និងបុកស្រូវ។យ៉ាងណាមិញ មានមនុស្សចំនួន ៦៦នាក់ទៀត ដែលជាអ្នកធ្វើការក្នុងមន្ទីរពេទ្យដែលរស់នៅក្នុងទីក្រុង ដែលមិនបានទទួលការឧបត្ថម្ភ ចំណាយដោយខ្លួនឯង។ បន្ទាប់មកទៀត យើងឃើញមានអាចារ្យចំនួនពីរ ដើម្បីពិធីកម្ម ហើយហោរាសាស្ត្រម្នាក់ ដោយហេតុថា ប្រភេទជម្ងឺ, ការធ្វើវិភាគ ដើម្បីមើលការវិវត្តរបស់វា និងការថែទាំ ពឹងពាក់លើពេលវេលា ដែលរោគបានផុសចេញ។អ្នកដែលទទួលការព្យាបាលរៀងរាល់ថ្ងៃ ឬក៏ក្នុងឱកាសណាមួយក្នុងឆ្នាំ នូវឧបភោគបរិភោគធម្មតា ដូចជា ឡាវហាវ, វ៉ាន់ស៊ុយ, ក្រវាញ, ខ្ញី, បាយ, ប្រេង, ស្ក, ទឹកឃ្មុំ, ក្រមួន, ខ្ទឹម, អប់ទឹកខ្មេះ, ល្ង និងផ្លែពុទ្ទ្រា៘ និងឧបភោគ ដូចជាសម្លៀកបំពាក់, ថ្នាំ ដែលមានចំនួនត្រូវបានកំណត់ត្រឹមត្រូវ។ វត្ថុទាំងនោះ ត្រូវវាស់ប្រគល់អោយអ្នកជម្ងឺដោយទៀងទាត់ណាស់។
ម្យ៉ាងវិញទៀត យើងក៏ដឹងផងដែរថា ថ្នាំសម្រាប់ព្យាបាលជម្ងឺមាន ៣៦ប្រភេទទាំងអស់ ដែលគេប្រើប្រចាំថ្ងៃក្នុងមន្ទីរពេទ្យនីមួយក្នុងចក្រភពកម្ពុជទេស។ជាព័ត៌មានពិស្តា យើងសូមរំឮកឡើងវិញនូវលទ្ធផលនៃការស្រាវជ្រាវរបស់លោកហ្សក ស៊ឺដេស (Cf. អំពីមហាក្សត្រមួយអង្គក្នុងក្រុងកម្ពុជា ព្រះបាទជ័យវរ្ម័នទី ៧ ប្រែដោយជុំ ម៉ៅ ឆ្នាំ ១៩៣៥ ភ្នំពេញ) ’មនុស្សទាំង ៤ពួក អាចនឹងចូលមកឲ្យគេរក្សារោគក្នុងទីនេះបានគ្រប់គ្នា។ មានគ្រូពេទ ២នាក់ ក្នុងពេទ្យម្នាក់មានមនុស្សក្រោមបង្គាប់ជាច្រើន គឺប្រុសម្នាក់ ស្រីពីរនាក់ ដែលត្រូវបានតាំងទីលំនៅក្នុងទីនោះ មេឃ្លាំង ២នាក់ មានមុខក្រសួងត្រូវចែកថ្នាំ ចុងភៅ ២នាក់ ដែលមានំណាច ត្រូវបានអុស និងទឹក ហើយត្រូវធ្វើការបោសសំអាតមន្ទីរព្យាបាលផង អ្នកបម្រើប្រុស ២នាក់ រៀបចំដង្វាយព្រះ ដែលត្រូវបានថ្នាំសង្កូវ និងអុស អ្នកព្យាបាលរោគ ១៤នាក់ចែកថ្នាំ ស្រី នាក់ មានមុខក្រសួងត្រូវដាំទឹកក្តៅ និងបុកថ្នាំ ស្រី ២នាក់ សម្រាប់បុកស្រូវទាំងអស់ ត្រូវប្រើអ្នកបម្រើស្រី ៨នាក់ ដែលត្រូវបានតាំងលំនៅក្នុងមន្ទីរ គឺ២នាក់ ១បន្ទប់។ ចំនួនមនុស្សទាំងអស់ ដែលត្រូវមានលំនៅក្នុងរោងព្យាបាល ត្រូវ៣២នាក់។ ម្យ៉ាងវិញទៀត នៅមានមនុស្សបំរើ៦៦នាក់ទៀត ដែលនៅ ដោយចេញសោហ៊ុយខ្លួនឯង។ រួមទាំងអស់ត្រូវ ៩៨នាក់” ម្យ៉ាងវិញទៀត ប្រកាសនៃរោងព្យាបាល ដែលមានចំនួនទាំង ១០២ ទូទាំងចក្រភពខ្មែរ ក៏បានឲ្យដឹងថា ព្រះរាជហឫទ័យរបស់ព្រះបាទជ័យវរ្ម័នទី៧ ’ពេញដោយសេចក្តីមេត្តា ដើមសេចក្តីសុខចំរើនដល់លោកទាំងមូល។ ព្រះមហាក្សត្រទ្រង់ធ្វើសេចក្តីឧទ្ទិស ដូច្នេះថា សត្វទាំងអស់ដែលលិចលង់ក្នងសមុទ្រ គឺវដ្តសង្សារ សូមឲ្យខ្ញុំព្រះករុណាខ្ញុំ ស្រោចស្រង់បានដោយអំណាចអំពើដ៏ប្រសើរនេះ។ សូមឲ្យក្សត្រគ្រប់អង្គក្នុងកម្ពុជទេស ដែលជាប់ដោយសេចក្តីល្អ ហើយដែលជាអ្នកជួយថែរក្សាការកសាងរបស់ខ្ញុំព្រះករុណាខ្ញុំបានដល់ទីដែលផុតចាកទុក្ខ ដែលគ្មានជម្ងឺមួយអន្លើ ដោយព្រះរាជវង្សានុវង្ស ព្រះអគ្គមហេសី សេនាមាត្យ និងមិត្រសម្លាញ់ទាំងអស់គ្នា” (Cf. ហ្សក ស៊ឺដេស អំពីមហាក្សត្រមួយអង្គក្នុងក្រុងកម្ពុជា ព្រះបាទជ័យវរ្ម័នទី៧ ប្រែដោយជុំ ម៉ៅ ឆ្នាំ១៩៣៥ ភ្នំពេញ)។ ម្យ៉ាងវិញទៀត សិលាចារឹកប្រកាសទាំងនោះ ដែលមានសេចក្តីដូចៗគ្នាបានឲ្យដឹងទៀតថា អរោគ្យសាលាទាំងនោះ ស្ថិតនៅក្រោមសេចក្តីប្រសិទ្ធិនៃព្រះពោធិសត្វ ដែលមានព្រះនាមថា ភៃសជ្យគុរុ វៃទុរ្យប្រភា មានន័យថា ’គ្រូថ្នាំដែលមានពន្លឺដូចជាកែវដ៏ប្រសើរ”។ ថ្មីៗនេះ ការធ្វើកំណាយខាងបុរាណវិទ្យបានឲ្យដឹងថា ក៏បានរកឃើញផ្នូរកប់សពនៅជុំវិញនៃរោងព្យាបាលនាសម័យនោះផងដែរ៕ (ម.ត្រាណេ)
No comments:
Post a Comment