ព្រះបាទសូរ្យវរ្ម័នទី១ ដែលទ្រង់បានដណ្ដើមរាជ្យពីព្រះបាទជ័យវិរៈវរ្ម័ន នេះបានអះអាងថា ព្រះអង្គទ្រង់ជាប់ព្រះញាតិខាងមាតាព្រះបាទឥន្ទ្រវរ្ម័នទី១ និងជាប់ញាតិទៅនឹងព្រះរាជបុត្រារបស់ព្រះអង្គ គឺយសោវរ្ម័នទី១ ហើយទំនងជាមានកំណើតកើតជានៅតម្រាលិង្គ (នគរស្រីធម្មរាជ) ដែលមានតំបន់ Ligor ជាមណ្ឌលកណ្ដាល គឺដែនដីនៅភាគខាងជើងជ្រោយម៉ាឡេស៊ី។ ដែនដីនេះជាសម្បត្តិរបស់អាណាចក្រនគរភ្នំ រួចបន្តមកចេនឡាទឹក ហើយស្ថិតនៅជារបស់ខ្មែររហូតដល់ឆ្នាំ១២២០ ទើបបាត់បង់។
នៅក្នុងការវាយដណ្ដើមរាជ្យពីព្រះបាទជ័យវិរៈវរ្ម័ន ព្រះអង្គរៀបចេញដំណើររៀបចំទ័ពពីខេត្តនគររាជ ហើយនាំទ័ពវាយទន្ទ្រានយកបានក្រុងអង្គរនៅឆ្នាំ១០០៦ ហើយថ្វីត្បិតតែរហូតដល់ឆ្នាំ១០១០ ទើបព្រះអង្គទ្រង់វាយឈ្នះជាស្ថាពរក៏ដោយ ក៏ព្រះបាទសូរ្យវរ្ម័នទី១ ទ្រង់ចាត់ទុកថា ព្រះអង្គបានឡើងសោយរាជ្យតាំងពីឆ្នាំ១០០២ គឺដំណាលគ្នានឹងព្រះបាទជ័យវិរៈវរ្ម័ន ម្ល៉េះ។ ក្រោយពីបានជ័យជម្នះហើយ ព្រះអង្គទ្រង់បានរៀបអភិសេកជាមួយនឹងអតីតអគ្គមហេសីរបស់ព្រះបាទជ័យវិរៈវរ្ម័ន ថែមទៀតផង។ នៅឆ្នាំ១០១១ ព្រះអង្គទ្រង់បានបញ្ជាអោយនាម៉ឺនសព្វមុខមន្ត្រី ធ្វើការស្បថសច្ចាថា ស្មោះត្រង់នឹងព្រះអង្គក្នុងគ្រប់កាលៈទេសៈ ពោលគឺទោះស្ថិតក្នុងពេលសង្គ្រាមក្តី ឬក៏ក្នុងពេលមានសុខសន្តិភាពក្តី។ អត្ថបទសច្ចាប្រណិធាននេះមានចារនៅខ្លោងទ្វារចូលទៅព្រះបរមរាជវាំង។
ព្រះបាទសូរ្យវរ្ម័នទី១ ទ្រង់ជាស្ដេចសឹកដ៏អង់អាចក្លាហានបំផុត។ ព្រះអង្គទ្រង់បានលើកទ័ពទៅវាយពួកមននៅហរិបុញ្ជ័យឡាំហ៊ន់ ហើយនិងយុទ្ធនាការដោយជោគជ័យជាច្រើនលើកទៀត ធ្វើអោយព្រះអង្គអាចត្រួតត្រាបានគ្របដណ្ដប់លើវាលទំនាបទន្លេមេណាម ទាំងមូល និងវាលទំនាបទន្លេមេគង្គរហូតដល់ហ្លួងព្រះបាង។ ក្នុងវិស័យសំណង់ ព្រះបាទសូរ្យវរ្ម័នទី១ ទំនងជាបានស្ថាបនាបង្ហើយប្រាសាទភិមានអាកាស ប្រាសាទតាកែវ និងគោបុរៈ នៃរាជវាំង។ ក្រៅពីនេះ ព្រះអង្គបានកសាងប្រាសាទភ្នំជីសូរ ផ្នែកខ្លះនៃប្រាសាទព្រះវិហារ និងព្រះខ័នកំពង់ស្វាយ។
គឺព្រះបាទសូរ្យវរ្ម័នទី១ នេះហើយដែលបានរៀបចំគម្រោងប្លង់ទីក្រុងអង្គរទី២ ដែលមានប្រាសាទបាពួន ជាស្នូល ហើយដែលត្រូវបានកសាងអោយសម្រេចដោយព្រះរាជបុត្រ ឬចៅក្មួយរបស់ព្រះអង្គ ដែលសោយរាជ្យបន្តពីព្រះអង្គ។
ក្នុងផ្នែកសាសនាវិញ ព្រះបាទសូរ្យវរ្ម័នទី១ គឺជាព្រះមហាក្សត្រខ្មែរសម័យអង្គរដំបូងគេបង្អស់ ដែលកាន់ព្រះពុទ្ធសាសនាមហាយាន។ ក្នុងរាជ្យព្រះអង្គក៏ដូចជារាជ្យមុនៗដែរ ថ្វីត្បិតតែព្រះអង្គកាន់ពុទ្ធសាសនា ព្រះអង្គបានយកព្រះទ័យទុកដាក់នឹងព្រហ្មញ្ញសាសនា និងសាសនាឯទៀតដូចគ្នា។
ជាក់ស្តែង ព្រះអង្គទ្រង់ចាត់ចែងអោយមន្ត្រីរបស់ព្រះអង្គជួសជុលបូជនីយដ្ឋាន និងបដិមាផ្សេងៗខាងព្រហ្មញ្ញសាសនា ក្នុងរាជធានីដែលខូចខាតដោយសង្គ្រាមស៊ីវិល ជាដើម។ ហើយក៏មានចំណារនៃសិលាចារឹកខ្លះបានអោយដឹងថា ក្នុងរជ្ជកាលរបស់ព្រះអង្គ ពួកកាន់សាសនាព្រាហ្មណ៍ និងកាន់សាសនាព្រះពុទ្ធនៃយានទាំងពីរ បានរួមរស់ដោយសុខសាន្តជាមួយគ្នាទៀតផង។ ព្រះបាទសូរ្យវរ្ម័នទី១ ទ្រង់សោយទិវង្គតនៅឆ្នាំ១០៥០ នៃគ្រិស្ដសករាជ ដោយមានព្រះមរណនាមថា និវាន៌បទ៕
No comments:
Post a Comment