កសាងដោយ
ព្រះបាទសូរិយាវរ្ម័នទី១ ពីគ្រិស្តសករាជ ១០០២-១០៤៩,
ព្រះបាទធរណិន្ទ្រវរ្ម័ន ពីគ្រិស្តសករាជ ១១០៧-១១១៣,
ព្រះបាទសូរិយាវរ្ម័នទី២ ពីគ្រិស្តសករាជ ១១១៣-១១៤៥
កាលប្រវត្តិ
ប្រាសាទភ្នំជីសូរពីដើមមានឈ្មោះថា “សុរិយបរវាត់” (Soryaparavata) ជាភាសា សំស្ក្រឹតដែលមានន័យថា
ភ្នំរបស់ព្រះបាទសូរិយាវរ្ម័នទី១ ។ តាមឯកសារផ្សេងទៀត
ខ្នងភ្នំនេះមានឈ្មោះយោគេន្ទ្រាល័យ ឯទីតាំងភូមិស្រុកព័ទ្ធជុំវិញមានឈ្មោះថាយោគេន្ទ្រាបុរៈ ក្រោយមកបានក្លាយឈ្មោះ បារមីសូរ ។ លុះដល់ពេលប្រជាពលរដ្ឋ សម័យនោះគោរពកោតខ្លាចអំណាចព្រះឥសូរកាន់តែច្រើនឡើងៗ
ក៏ក្លាយទៅជា “ជីសូរៗ” រហូតមក ។
ព្រះមហាក្សត្រដែលកសាងប្រាសាទភ្នំជីសូរ
ប្រាសាទភ្នំជីសូរ កសាងឡើងដោយមហាក្សត្រ៣ព្រះអង្គ គឺសូរិយាវរ្ម័នទី១
ពីគ្រិស្តសករាជ ១០០២-១០៤៩, ព្រះបាទធរណិន្ទ្រវរ្ម័ន ពីគ្រិស្តសករាជ ១១០៧-១១១៣, ព្រះបាទសូរិយាវរ្ម័នទី២
ពីគ្រិស្តសករាជ ១១១៣-១១៤៥ ។ គេដឹងប្រវត្តិ
កសាងរបស់មហាក្សត្រទាំងនេះ
ដោយសារឃើញសិលាចារិក៤ផ្ទាំងក្នុងប្រាសាទ
ដែលសព្វថៃ្ងនៅសល់តែមួយផ្ទាំងជាប់ស៊ុមបណ្ណាល័យខាងជើង ។
សំណង់និងរចនាបថ
ប្រាសាទភ្នំជីសូរស្ថិតនៅចន្លោះរចនាបថឃ្លាំង
និងបាពួន ពាក់កណ្តាលទី២នៃសតវត្សរ៍ទី១១ ។ ប្រាសាទនេះ មានថែវព័ទ្ធជុំវិញ
សាងឡើងដោយថ្មបាយក្រៀមបន្តុបពីលើគ្នា ។
នៅក្នុងថែវគឺមានតួប៉មកណ្តាលមួយ, បណ្ណាល័យ២, តួប៉ម៤ដែលព័ទ្ធជុំវិញតួប៉មកណ្តាល ។
សព្វថៃ្ងតួប៉មទាំង៤ខូចខាតអស់មួយ ។ តួប៉មនីមួយៗសុទ្ធតែមានការតុបតែង
យ៉ាងល្អប្រណីតឆ្លាក់ជារឿងរ៉ាវផ្សេងៗនៅលើផ្តែ់រទ្វារ, លើសសរពេជ្រ, លើហោជាង, លើសសរផ្អោប ។
រឿងរ៉ាវទាំងអស់ច្រើនឆ្លាក់ទាក់ទងទៅនឹងព្រះឥសូរ និងព្រះវិស្ណុ ។
ក្រៅពីនោះនៅក្នុងតួប្រាសាទមានតម្កល់ លិង្គព្រះឥសូរនិងយោនីព្រះនាងឱមា, ក្បាល “មករ”, “ទ្វារបាល” ដែលសម្រាប់ការគោរពបូជារបស់មនុស្ស
នៅក្នុងសម័យមុន ។ តែសព្វថៃ្ងតួប៉មកណ្តាល
គេតម្កល់រូបពុទ្ធបដិមាសមណគោត្តម ។ប្រាសាទភ្នំជីសូរបែរមុខទៅទិសខាងកើត ។
ទិសខាងកើតមានជណ្តើរមួយចុះទៅក្រោមយ៉ាងចោតខ្ពស់ មាន ៣៩៦កាំ
កសាងពីថ្មបាយក្រៀម ដែលប្រៀបបានទៅជណ្តើរនៅប្រាសាទអង្គរវត្ត ។
ពេលចុះដល់ក្រោមមានកូនប្រាសាទតូចមួយឈ្មោះ គោបុរៈទី២ ឬប្រាសាទសែនធ្មល់ ដែលស្ថិតនៅចមាយ២០០ម៉ែត្រពីប្រាសាទធំ
។
គោបុរៈទី២មានន័យថា តម្កល់ព្រះគោ ។ គោនេះគឺជាគោនន្ឌិន ជាយានជំនិះរបស់ព្រះឥសូរនេះឯង ។
ប្រាសាទបន្ត គឺគោបុរៈទី១ គឺសែនភូវាំង ហើយបន្តទៀតគឺទន្លេអុំ
សម្រាប់មហាក្សត្រយាងទៅអុំទូកកម្សាន្ត និងប្រណាំងទូក ។
បច្ចុប្បន្នសម្រាប់យកទឹកធ្វើកសិកម្ម ។ នៅខាងត្បូងប្រាសាទមានវិហារមួយសង់លើខឿនប្រាសាទដែលមានសិលានិង
ពុទ្ធបដិមា១៣អង្គ ចេតីយប្រវត្តិសាស្ត្រ ព្រមទាំងមានវល្លិតាមមាត់ទ្វារ, គឺរឿងកូរសមុទ្រទឹកដោះ ។ ព្រះវិហារនេះទើបសាងសង់ក្រោយប្រាសាទទេ
គឺសាងឡើងប្រហែលក្នុងគ្រិស្តសករាជ១៩៦០ ។
គោបុរៈមើលពីលើកំពូលភ្នំ
ទាំងគោបុរៈ ទាំងប្រាសាទត្រូវបានខូចខាត ដោយសារធម្មជាតិ ជនខិលខូច
ពិសេសគឺដោយសារសង្គ្រាមជំនាន់ លន់ នល់ និង ប៉ុល ពត ។
នៅលើប្រាសាទភ្នំជីសូរ លោកអ្នកអាចក្រឡេកមើលទៅឃើញភ្នំតាម៉ៅ
ឬភ្នំថ្មដុះ ហើយបើក្រឡេកទៅខាងកើតគឺឃើញបុរីភ្នំដា (ស្រុកអង្គរបុរី)
ជាទឹកដីកំណរកំណើតពូជពង្សខ្មែរយើងពីបុរាណ ៕
No comments:
Post a Comment