Friday, September 9, 2016

​ព្រះ​មហាក្ស​មុន​សម័យ​អង្គរ

នៅ​មុន​សម័យ​អង្គរ គឺ​ពី​ពាក់​កណ្ដាល​សតវត្ស​ទី​៦ រហូត​ដល់​ដើម​សតវត្ស​ទី​៩ ប្រទេស​កម្ពុជា មាន​ការ​ផ្លាស់​ប្ដូរ​សំខាន់ៗ​មួយ​ចំនួន ដែល​គួរ​អោយ​កត់​សម្គាល់​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ។ ឈ្មោះ​ប្រទេស​ក៏​ត្រូវ​បាន​ប្ដូរ​ពី​នគរ​ភ្នំ មក​កម្ពុជា ក្នុង​សម័យ​នោះ។ នា​ដំណាក់​កាល​នោះ​ដែរ កម្ពុជា បាន​ឆ្លង​កាត់​ការ​បង្រួប​បង្រួម​ផង និង​ការ​បែក​បាក់​ផង។
ការ​បែក​បាក់​ជា​ចុង​ក្រោយ គឺ​នៅ​ក្នុង​រាជ​របស់​ព្រះ​មហាក្សត្រិយ៍​ជ័យទេវី។ ប្រទេស​កម្ពុជា ដែល​ចិន ហៅ​ថា​ចេនឡា ត្រូវ​បែក​ជា​ពីរ គឺ​ចេនឡា​ទឹក និង​ចេនឡា​គោក។
ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​នូវ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា តាម​ការ​គ្រប់គ្រង​របស់​ព្រះរាជា​មួយ​ចំនួន​នៅ​មុន​សម័យ​អង្គរ។

ក.ព្រះបាទ​ភវវរ្ម័ន​ទី​១ (៥៥០-៦០០)

ក្នុង​សម័យ​នគរភ្នំ ព្រះរាជា​ទាំង​ឡាយ​បាន​វាត​អំណាច​គ្រប់គ្រង​របស់​ខ្លួន លាត​សន្ធឹង​លើ​សាមន្ត​រដ្ឋ ឬ​រដ្ឋ​ចំណុះ​ជាច្រើន ក្នុង​នោះ​មាន​ទាំង​ចេនឡា​ដែន​ដី​របស់​កម្ពុជៈ ដែល​ហៅ​តាម​ភាសា​ចិន ថា​ចេនឡា ផង។ ប្រការ​ដែល​ចិន ហៅ​ថា​រដ្ឋ​ចេនឡា ប្រហែល​ជា​ចិន ចង់​មាន​ន័យ​ថា ជា​នគរ​ក្រមួន​សុទ្ធ ឬ​នគរ​សម្បូរ​ឃ្មុំ។ ទឹក​ដី​អាណាចក្រ​នគរភ្នំ លាត​សន្ធឹង​លើ​តំបន់​ទន្លេ​មេគង្គ ត្រង់​ចន្លោះ​ប៉ាក់សេ នៅ​ខាង​ជើង ក្រចេះ​នៅ​ខាង​ត្បូង ដែន​ដី​ភាគ​ធំ​នៃ​ទន្លេ​សេមូន ក្នុង​ប្រទេស​ថៃ សព្វថ្ងៃ។ ឯ​ចំណុច​កណ្ដាល​នៃ​អាណាចក្រ​នគរភ្នំ គឺ​វត្ត​ភូ ឬ​តំបន់​ចំប៉ាសាក់ នៃ​ប្រទេស​ឡាវ សព្វថ្ងៃ​នេះ។ រដ្ឋ​ចេនឡា គ្រប់គ្រង​ដោយ​សន្តតិវង្ស​មួយ​ដែល​បាន​អះអាង​ថា មាន​ជាប់​ខ្សែ​រយៈ​ពី​ការ​ចង​សម្ព័ន្ធ​រវាង​ឥសី​កម្ពុស្វយម្ភូវៈ និង​អប្សរា​មេរា ខ្សែ​ខាង​សូរ្យ​វង្ស។
នៅ​ចុង​សម័យ​នគរភ្នំ ដោយសារ​ព្រះបាទ​រុទ្ទ្រវរ្ម័ន បាន​ធ្វើ​គត់​គុណវរ្ម័ន ជា​ប្អូន ដើម្បី​ដណ្ដើម​រាជ្យ​សោយ​នោះ ការ​បះ​បោរ​ចលាចល​ក៏​កើត​មាន​ឡើង ហើយ​ចលនា​បះ​បោរ​នេះ ក៏​កាន់​តែ​រីក​ធំ​ឡើងៗ ហើយ​នៅ​ចុង​រាជ្យ​ព្រះអង្គ ព្រះបាទ​រុទ្ទ្រវរ្ម័ន ជា​អ្នក​ដណ្ដើម​រាជ្យ ប្រហែល​បាន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ឯង ឬ​ក៏​ដាក់​រាជ្យ។ មិន​មាន​ឯកសារ​ណា​មួយ​បញ្ជាក់​ច្បាស់​ចំណុច​នេះ​ទេ ក៏ប៉ុន្តែ​ពេល​នោះ​រាជបល្ល័ង្ក​នគរភ្នំ ត្រូវ​នៅ​ទំនេរ។ កម្លាំង​បះ​បោរ​របស់​គុណវរ្ម័ន បាន​វាយ​ដណ្ដើម​យក​បាន​រាជធានី​វ្យាធៈបុរៈ។
នៅ​ឯ​សាមន្តរដ្ឋ​ចេនឡា ឯណោះ​វិញ ក្រោយ​ពី​ព្រះបាទ​វិរៈវរ្ម័ន ជា​បិតា​សុគត​ទៅ ព្រះអង្គ​ម្ចាស់​មួយ​អង្គ ព្រះនាម ភវវរ្ម័ន ដែល​ត្រូវ​ជា​ចៅ​របស់​ព្រះបាទ​រុទ្ទ្រវរ្ម័ន ដែល​ជា​ស្ដេច​ចុង​ក្រោយ​នៃ​អាណាចក្រ​ភ្នំ ក៏​ក្រោក​ឈរ​ប្រឆាំង​នឹង​ចលនា​បះ​បោរ​ឡើង។ ដោយ​មាន​ជំនួយ​ពី​ចិត្រាសេនា ជា​ប្អូន​ជីដូន​មួយ​យ៉ាង​ក្លៀវក្លា​ផង ព្រះបាទ​ភវវរ្ម័ន បាន​វាយ​ដណ្ដើម​យក​អាណាចក្រ​នគរភ្នំ ដែល​ជា​មរតក​ជីតា​ខ្លួន គឺ​ព្រះបាទ​រុទ្ទ្រវរ្ម័ន មក​វិញ​បាន ដោយ​ព្រះអង្គ​បាន​វាយ​រុញ​ច្រាន​បក្ខពួក​របស់​គុណវរ្ម័ន អោយ​ដក​ថយ​ពី​រាជធានី​វ្យាធៈបុរៈ ទៅ​តាំង​នៅ​ភាគ​ខាង​ត្បូង គឺ​អង្គរបុរី ស្រុក​ព្រៃកប្បាស ក្នុង​ខេត្ត​តាកែវ សព្វថ្ងៃ។ ព្រះអង្គ​គ្រប់គ្រង​បាន​ដែន​ដី​ពី​ចន្លោះ​ទន្លេ​មូន​ខាង​ជើង ទន្លេសាប​ខាង​ត្បូង ជួរ​ភ្នំ​អណ្ណាម​ខាង​កើត ទៅ​ទិស​ខាង​លិច​ដល់​ស្ទឹង​ព្រាជី និង​មង្គលបុរី ដែល​គេ​បាន​រក​ឃើញ​សិលា​ចារិក​របស់​ព្រះអង្គ។
ក្រោយ​ពី​ទទួល​ជ័យ​ជម្នះ​ហើយ ព្រះបាទ​ភវវរ្ម័ន ដែល​ទ្រង់​ជា​ព្រះរាជា​នៃ​សន្តតិវង្ស សូរ្យ​វង្ស ខាង​ចេនឡា ទ្រង់​បាន​រៀប​អភិសេក​ជាមួយ​នឹង​ក្សត្រី​កម្ពុជ​រាជលក្ម្សី ផ្នែក​ខាង​សោមវង្ស ខាង​នគរ​ភ្នំ ដែល​ស្លោក​ទី​១១ នៃ​សិលា​ចារិក​បក្សី​ចាំ​ក្រុង​បាន​បញ្ជាក់​ថា កូន​ចៅ​ឥសី​កម្ពុ បាន​ភ្ជាប់​សូរ្យ​វង្ស​ខាង​ចេនឡា និង​សោមវង្ស​ខាង​អាណាចក្រ​ភ្នំ។ គឺ​ព្រះបាទ​ភវវរ្ម័ន នេះ​ហើយ​ដែល​បាន​ប្ដូរ​ឈ្មោះ​ប្រទេស​ពី​នគរ​ភ្នំ មក​ជា​កម្ពុជា ដែល​យើង​ប្រើ​រហូត​ដល់​សព្វថ្ងៃ​នេះ។ ព្រះអង្គ​ទ្រង់​បាន​សោយរាជ្យ​ពី​ឆ្នាំ​៥៥០ ដល់​ឆ្នាំ​៦០០ នៃ​គ្រិស្ដសករាជ។

ខ.ព្រះបាទ​មហិន្ទ្រវរ្ម័ន (៦០០-៦១៥)

ក្រោយ​ពី​ព្រះបាទ​ភវវរ្ម័ន សោយ​ទិវង្គត​ទៅ ចិត្រាសេនា ជា​ប្អូន​ក៏​បាន​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះរាម ដែល​ទ្រង់​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា មហិន្ទ្រវរ្ម័ន។ ព្រះបាទ​មហិន្ទ្រវរ្ម័ន ទ្រង់​បាន​បន្ត​ដំណើរ​ពង្រីក​អំណាច​របស់​អាណាចក្រ​ចេនឡា បន្ត​ទៅ​ទិស​ខាង​លិច និង​ទៅ​ទិស​ខាង​ត្បូង​ទៀត។ ដើម្បី​ការពារ​ព្រំដែន​ផ្នែក​ខាង​កើត ព្រះអង្គ​បាន​រឹត​ចំណង​មិត្តភាព​យ៉ាង​ជិតស្និទ្ធ ដោយ​បាន​ធ្វើ​សន្ធិសញ្ញា​ជាមួយ​នឹង​ប្រទេស​ចំប៉ា។ ព្រះអង្គ​សោយរាជ្យ​ពី​ឆ្នាំ​៦០០ ដល់​ឆ្នាំ​៦១៥ នៃ​គ្រិស្ដសករាជ។

គ.ព្រះបាទ​ឥស្សណៈវរ្ម័ន​ទី​១ (៦១៥-៦៣៨)

ក្រោយ​ពី​ព្រះបាទ​មហិន្ទ្រវរ្ម័ន សោយ​ទិវង្គត​ទៅ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ព្រះនាម ឥស្សណៈវរ្ម័ន​ទី​១ ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ​បិតា។ ព្រះបាទ​ឥស្សណៈវរ្ម័ន ជា​ព្រះរាជា​មាន​មហិទ្ធិឫទ្ធិ​ណាស់ គឺ​ព្រះអង្គ​នេះ​ហើយ ដែល​បាន​បញ្ចប់​ការ​វាយ​ដណ្ដើម​យក​អាណាចក្រ​ភ្នំ​ទាំង​ស្រុង ដោយ​ទ្រង់​វាយ​ដណ្តើម​បាន​រាជធានី​អង្គរបុរី ក្នុង​អំឡុង​ឆ្នាំ​៦៣០ នៃ​គ្រិស្ដសករាជ។
ព្រះអង្គ​បាន​ពង្រីក​ការ​ត្រួតត្រា​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង ដល់​ព្រំប្រទល់​ដែន​ដី​កម្ពុជា​ក្រោម​សព្វថ្ងៃ ឯ​ទិស​ខាង​លិច​ដល់​ខេត្ត​ចាន់តាប៊ុន ក្នុង​ប្រទេស​ថៃ សព្វថ្ងៃ។ ដើម្បី​រឹត​ចំណង​មិត្តភាព​ជាមួយ​បរទេស ព្រះអង្គ​បាន​បញ្ជូន​រាជទូត​ទៅ​ប្រទេស​ចិន នា​ឆ្នាំ​៦១៦-៦២៣ និង​៦២៧។ ជាមួយ​ប្រទេស​ជិត​ខាង ព្រះអង្គ​បាន​រៀប​អភិសេក​បុត្រី​របស់​ព្រះអង្គ ព្រះនាម សារៈវ៉ានី ជាមួយ​នឹង​ចៅទួត​ម្នាក់​របស់​ព្រះរាជា​ចំប៉ា ដែល​ទ្រង់​ប្រសូត​បាន​បុត្រា​មួយ​អង្គ ហើយ​ដែល​ក្រោយ​មក​ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​នៅ​ប្រទេស​ចំប៉ា ក្នុង​ឆ្នាំ​៦៥៣ ដោយ​មាន​ព្រះនាម​ថា វិក្រន្តា។
ព្រះបាទ​ឥស្សណៈវរ្ម័ន ទ្រង់​បាន​តាំង​រាជធានី​នៅ​ចំ​កណ្ដាល​អាណាចក្រ​របស់​ព្រះអង្គ ដែល​មាន​ឈ្មោះ​ថា ឥស្សណៈបុរៈ។ រាជធានី​ឥស្សណៈបុរៈ មាន​ប្រជាពលរដ្ឋ​ប្រមាណ ២​ម៉ឺន​គ្រួសារ​រស់​នៅ ហើយ​ដែល​ត្រូវ​នឹង​រមណីយដ្ឋាន​សម្បូរ​ព្រៃ​គុក ដែល​មាន​សំណល់​ជា​ប្រាសាទ​ធ្វើ​អំពី​ឥដ្ឋ​ជាច្រើន ស្ថិត​នៅ​ខាង​ជើង​ខេត្ត​កំពង់ធំ សព្វ​ថ្ងៃ​នេះ។
ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ឥស្សណៈវរ្ម័ន អាណាចក្រ​ចេនឡា មាន​ការ​រីក​ចម្រើន​រុងរឿង​ណាស់ ប៉ុន្តែ​ក្នុង​ពេល​ដែល​ព្រះអង្គ​ចូល​ទិវង្គត​ទៅ ហើយ​ដែល​ហាក់​ដូច​ជា​គ្មាន​បុត្រ​បន្ត​រាជ្យ​ផង​នោះ ភាព​វឹកវរ​ចលាចល​ក៏​បាន​ផ្ទុះ​ឡើង​សាជាថ្មី។

ឃ.ព្រះបាទ​ភវវរ្ម័ន​ទី​២ (៦៣៩-៦៥៥)

ភាព​វឹកវរ​ចលាចល​ដែល​កើត​ឡើង​ក្នុង​ពេល​ដែល​ព្រះបាទ​ឥស្សណៈវរ្ម័ន សោយ​ទិវង្គត ត្រូវ​បាន​វាយ​បង្ក្រាប​យ៉ាង​ឆាប់​រហ័ស ដោយ​កម្លាំង​ដ៏​ខ្លាំងក្លា​របស់​ព្រះបាទ​ភវវរ្ម័ន​ទី​២ ដែល​មាន​កងទ័ព និង​នាម៉ឺន​មន្ត្រី​មាន​ភក្តី​ភាព​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ព្រះអង្គ។ យើង​មិន​បាន​ដឹង​ថា តើ​ព្រះបាទ​ភវវរ្ម័ន​ទី​២ ទ្រង់​ជាប់​ព្រះ​ញាតិ​ខាង​ណា​ទេ។ សិលា​ចារិក​នៅ​ហាន់ជ័យ បាន​រំឭក​នូវ​ការ​ពង្រឹង​អំណាច​អធិរាជ​របស់​ព្រះអង្គ។ ព្រះអង្គ​ទ្រង់​បាន​សាង​ទី​កន្លែង​សក្ការបូជា ឬ​ប្រាសាទ​ជាច្រើន។ តាម​គេ​ប៉ាន់ស្មាន សិលា​ចារិក​ភ្នំ​បាយ៉ង់ សិលា​ចារិក​ភ្នំ​ព្រះវិហារ កំពង់ឆ្នាំង ក៏​ជា​ស្នាព្រះហស្ត​របស់​ព្រះអង្គ​ដែរ។ ព្រះបាទ​ភវវរ្ម័ន​ទី​២ ទ្រង់​គ្រង​រាជ្យ​ពី​ឆ្នាំ​៦៣៩ ដល់​ឆ្នាំ​៦៥៥ នៃ​គ្រិស្ដសករាជ។

ង.ព្រះបាទ​ជ័យវរ្ម័ន​ទី​១ (៦៥៥-៦៨១)

ព្រះបាទ​ជ័យវរ្ម័ន​ទី​១ ជា​ព្រះរាជបុត្រ​របស់​ព្រះបាទ​ភវវរ្ម័ន​ទី​២ ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​បន្ត​ពី​បិតា​ព្រះអង្គ ក្នុង​ឆ្នាំ​៦៥៥ នៃ​គ្រិស្ដសករាជ។ ព្រះបាទ​ជ័យវរ្ម័ន​ទី​១ ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​ណាស់​ក្នុង​ការ​ថែ​រក្សា​ទឹក​ដី​ដ៏​ធំ​ទូលាយ ដែល​បុព្វបុរស​របស់​ព្រះអង្គ​បាន​បន្សល់​ទុក​អោយ។ ក្នុង​វិស័យ​ការពារ​ជាតិ ព្រះអង្គ​ទ្រង់​បង្កើត​អោយ​មាន​កងទ័ព​សេះ ហើយ​បាន​ច្នៃ​បង្កើត​វិធី​ទាក់ ឬ​ផ្សាំង​ដំរី​ផង។
ក្នុង​រជ្ជកាល​របស់​ព្រះអង្គ គេ​ឃើញ​មាន​សិលា​ចារិក ឬ​ការ​កសាង​ប្រាសាទ​ជាច្រើន​នៅ​វ្យាធៈបុរៈ និង​វត្ត​ភូចំប៉ាសាក់ នៃ​ប្រទេស​ឡាវ សព្វថ្ងៃ។
តាម​ការ​ប៉ាន់ស្មាន ព្រះបាទ​ជ័យវរ្ម័ន​ទី​១ ប្រហែល​ជា​សោយ​ទិវង្គត​នៅ​ឆ្នាំ​៦៨១ នៃ​គ្រិស្ដសករាជ។

ច.ព្រះ​មហាក្សត្រិយ៍​ជ័យទេវី (៦៨១-៧១៣)

ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​១ ពុំ​មាន​ព្រះរាជ​បុត្រា​ដែល​អាច​សោយរាជ្យ​ស្នង​ពី​ព្រះអង្គ​បាន បុត្រី​ព្រះអង្គ ព្រះនាម ជ័យទេវី ត្រូវ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះអង្គ។ ព្រះ​មហាក្សត្រិយ៍​ជ័យទេវី សោយរាជ្យ​ពី​ឆ្នាំ​៦៨១ ពេល​ដែល​ព្រះ​បិតា​ទ្រង់​សោយ​ទិវង្គត រហូត​ដល់​ឆ្នាំ​៧១៣។ ក៏ប៉ុន្តែ អំណាច​របស់​ព្រះនាង​ពុំ​មាន​មូលដ្ឋាន​រឹងមាំ​ឡើយ ព្រោះ​នៅ​ក្នុង​សិលា​ចារិក​មួយ​ដែល​គេ​បាន​រក​ឃើញ​នៅ​អង្គរ ព្រះនាង​បាន​ទ្រង់​ត្អូញត្អែរ​ពី​ភាព​ច្របូកច្របល់​ក្នុង​ចិត្ត​គំនិត និង​ទុក្ខវេទនា​នៃ​គ្រា​កើត​កលិយុគ។
ប្រហែល​មក​ពី​ការ​ចុះ​ខ្សោយ​នៃ​អំណាច​កណ្ដាល ដែល​នៅ​ស្ថិត​ក្នុង​កណ្ដាប់​ព្រះ​មហាក្សត្រិយ៍​នេះ​ហើយ ដែល​ធ្វើ​អោយ​ប្រទេស​ចេនឡា ត្រូវ​បែង​ចែក​ជា​ពីរ គឺ​ចេនឡា​ទឹក និង​ចេនឡា​គោក នៅ​ដើម​សតវត្ស​ទី​៨ គឺ​នៅ​ក្នុង​ឆ្នាំ​៧០៦៕

No comments:

Post a Comment