Friday, September 9, 2016

ព្រះបាទ​ឥស្សណៈវរ្ម័ន​ទី​១ (៦១៥-៦៣៨)


ក្រោយ​ពី​ព្រះបាទ​មហិន្ទ្រវរ្ម័ន សោយ​ទិវង្គត​ទៅ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ព្រះនាម ឥស្សណៈវរ្ម័ន​ទី​១ ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ​បិតា។ ព្រះបាទ​ឥស្សណៈវរ្ម័ន ជា​ព្រះរាជា​មាន​មហិទ្ធិឫទ្ធិ​ណាស់ គឺ​ព្រះអង្គ​នេះ​ហើយ ដែល​បាន​បញ្ចប់​ការ​វាយ​ដណ្ដើម​យក​អាណាចក្រ​ភ្នំ​ទាំង​ស្រុង ដោយ​ទ្រង់​វាយ​ដណ្តើម​បាន​រាជធានី​អង្គរបុរី ក្នុង​អំឡុង​ឆ្នាំ​៦៣០ នៃ​គ្រិស្ដសករាជ។
ព្រះអង្គ​បាន​ពង្រីក​ការ​ត្រួតត្រា​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង ដល់​ព្រំប្រទល់​ដែន​ដី​កម្ពុជា​ក្រោម​សព្វថ្ងៃ ឯ​ទិស​ខាង​លិច​ដល់​ខេត្ត​ចាន់តាប៊ុន ក្នុង​ប្រទេស​ថៃ សព្វថ្ងៃ។ ដើម្បី​រឹត​ចំណង​មិត្តភាព​ជាមួយ​បរទេស ព្រះអង្គ​បាន​បញ្ជូន​រាជទូត​ទៅ​ប្រទេស​ចិន នា​ឆ្នាំ​៦១៦-៦២៣ និង​៦២៧។ ជាមួយ​ប្រទេស​ជិត​ខាង ព្រះអង្គ​បាន​រៀប​អភិសេក​បុត្រី​របស់​ព្រះអង្គ ព្រះនាម សារៈវ៉ានី ជាមួយ​នឹង​ចៅទួត​ម្នាក់​របស់​ព្រះរាជា​ចំប៉ា ដែល​ទ្រង់​ប្រសូត​បាន​បុត្រា​មួយ​អង្គ ហើយ​ដែល​ក្រោយ​មក​ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​នៅ​ប្រទេស​ចំប៉ា ក្នុង​ឆ្នាំ​៦៥៣ ដោយ​មាន​ព្រះនាម​ថា វិក្រន្តា។
ព្រះបាទ​ឥស្សណៈវរ្ម័ន ទ្រង់​បាន​តាំង​រាជធានី​នៅ​ចំ​កណ្ដាល​អាណាចក្រ​របស់​ព្រះអង្គ ដែល​មាន​ឈ្មោះ​ថា ឥស្សណៈបុរៈ។ រាជធានី​ឥស្សណៈបុរៈ មាន​ប្រជាពលរដ្ឋ​ប្រមាណ ២​ម៉ឺន​គ្រួសារ​រស់​នៅ ហើយ​ដែល​ត្រូវ​នឹង​រមណីយដ្ឋាន​សម្បូរ​ព្រៃ​គុក ដែល​មាន​សំណល់​ជា​ប្រាសាទ​ធ្វើ​អំពី​ឥដ្ឋ​ជាច្រើន ស្ថិត​នៅ​ខាង​ជើង​ខេត្ត​កំពង់ធំ សព្វ​ថ្ងៃ​នេះ។
ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ឥស្សណៈវរ្ម័ន អាណាចក្រ​ចេនឡា មាន​ការ​រីក​ចម្រើន​រុងរឿង​ណាស់ ប៉ុន្តែ​ក្នុង​ពេល​ដែល​ព្រះអង្គ​ចូល​ទិវង្គត​ទៅ ហើយ​ដែល​ហាក់​ដូច​ជា​គ្មាន​បុត្រ​បន្ត​រាជ្យ​ផង​នោះ ភាព​វឹកវរ​ចលាចល​ក៏​បាន​ផ្ទុះ​ឡើង​សាជាថ្មី។

No comments:

Post a Comment