Monday, September 5, 2016

ក្រុមប្រាសាទភ្នំជីសូរ្យ


Posted on 27 ខែកញ្ញា 2012 by តា ម៉ាប់
      Rate This

ភ្នំ​ជីសូរ្យ ជា​ភ្នំ​ធម្មជាតិ​ដែល​មាន​រយៈ​កម្ពស់ ១៣៣​ ម. ស្ថិត​នៅ​​​ក្នុង​​ភូមិ​ស្លា ឃុំ​រវៀង ស្រុក​សំរោង ខែត្រ​តាកែវ ក្នុង​រយៈ​ចម្ងាយ​ប្រហែល​ជា ៦២ គ.ម ពី​ទីក្រុង​ភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​ ២ ហើយ​បត់​ឆ្វេង​ដៃ​តាម​វត្ត​នាង​ខ្មៅ (ប្រាសាទ​នាង​ខ្មៅ) ក៏​បាន ឬ​ក៏​ច្រក​ផ្លូវ​ផ្សេង​ទៀត ។

នៅ​ទិស​ខាង​កើត​លើ​កំពូល​ភ្នំ​មាន​ប្រាសាទ​​ដ៏​ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា​ ប្រាសាទ​ភ្នំ​ជីសូរ្យ ។ ប្រាសាទ​នេះ​សាង​សង់​អំពី​ថ្ម​បាយ​ក្រៀម ថ្ម​ភក់ និង ឥដ្ឋ ។ ប្រាសាទ​នេះ​មាន​តួ​ប្រាង្គ​ទាំង​អស់ ៦ (គួរ​តែ​ជា​លេខ​សេស) ។ ប្រាសាទ​នេះ​មាន​បណ្ដោយ​ ៦០ ម. និង​ទទឹង​ ៥០ ម. ។

ឯ​នៅ​ខាង​កើត​ប្រាសាទ​ចុះ​តាម​ជណ្ដើរ​បុរាណ​មាន​ប្រាសាទ​ ២ ទៀត​ដែល​មាន​រាង​ជា​កាក​បាទ មួយ​ឈ្មោះ​ថា ​សែន​និមល ដែល​ខូច​ខាត​បាក់​បែង​អស់​ហើយ និង​ហួស​ទៅ​ឆ្ងាយ​ទៀត​ហៅ​ថា សែន​រវាំង ឬ សែន​ភូវាំង ដែល​នៅ​គង់វង្ស​ល្អ​ដែល​បច្ចុប្បន្ន​យើង​អាច​ឃើញ​មាន​សាលា​មួយ​ធ្វើ​ពី​ស៊ីម៉ង់​​ដែល​មាន​តម្កល់​ព្រះ​ពុទ្ធ​រូប​ចូល​និព្វាន​មួយ​នៅ​កណ្ដាល​ប្រាង្គ​នោះ ។ ហួស​ពី​ សែន​រវាំង ​ ទៅ​ទៀត​យើង​ទៅ​ដល់​ ទន្លេ​អុំ ដែល​និយាយ​ឲ្យ​ចំ​ជា​បារាយណ៍​ ។

ខាង​ក្រោម​នេះ ជា​រូប​ភាព​បង្ហាញ​ពី​ស្ថាន​ភាព​ប្រាសាទ​បច្ចុប្បន្ន​ និង​ប្រវត្តិ​​នៃ​ប្រាសាទ​តាម​សិលា​ចារឹក និង​រឿង​ព្រេង ៖

 ផ្លូវបុរាណទិសខាងកើត
តាម​​សិលា​ចារឹក​បញ្ជាក់​ថា​ ប្រាសាទ​នេះ​ត្រូវ​បាន​សាង​សង់​ក្នុង​រាជ​ ព្រះ​បាទ​សូរ្យវម៌្ម​​ទី​១ (1002 – 1050) ហើយ​ស្ថិត​នៅ​ក្នុង​រចនាបថ​បាពួន​សម្រាប់​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា ។ ប្រាសាទ​នេះ​មាន​ឈ្មោះ​ដើម​ថា ស្រីសូរ្យបព៌ត ដែល​មានន័យ​ថា ភ្នំ​​នៃ​ព្រះ​សុរិយា ។

បើ​តាម​រឿង​ព្រេង​ដំណាល​ថា​ មាន​ព្រះ​មហាក្សត្រ​​មួយ​អង្គ​ព្រះនាម​ សុរិយាទេវង្ស មាន​រិទ្ធិ​អំណាច​យ៉ាង​ខ្លាំង​ក្លា​សោយ​រាជ្យ​នៅ​លើ​ភ្នំ​ជីសូរ្យ ។ ព្រះ​មហេសី​ទ្រង់​ប្រសូត​បាន​ព្រះ​រាជ​បុត្រ​មួយ​អង្គ​​គួរ​ឲ្យ​ស្រលាញ់ ។

ព្រះរាជា​ក៏​ធ្វើ​ពិធី​បង្កក់​ព្រះ​រាជ​បុត្រ​ ហើយ​អញ្ជើញ​ព្រាហ្មណ៍​ជា​ច្រើន​អ្នក​មក​ប្រោះព្រំ​ចម្រើន​ពរ​ឲ្យ​ព្រះ​រាជ​បុត្រ ។ ក្នុង​ចំណោម​ព្រាហ្មណ៍​ទាំង​អស់ មាន​ព្រាហ្មណ៍​ម្នាក់​ឲ្យ​ពរ​ប្លែក​ជាង​គេ​ដោយ​ថា ៖​

សូម​ឲ្យ​មាន​កម្លាំង​ដូច​ស្រមោច
សូម​ឲ្យ​មាន​រិទ្ធិ​ដូច​ខ្មោច
សូម​ឲ្យ​មាន​ចិត្តដាច់​ដូច​មនុស្ស​ស្រី
ព្រះ​រាជា​ខ្ញាល់​ជាង​ខ្លាំង​ចំពោះ​ពរ​ដ៏​ចម្លែក​នេះ តែ​ព្រាហ្មណ៍​នោះ​ក៏​សុំ​ធ្វើ​ឧទាហរណ៍​បង្ហាញ​បញ្ជាក់ ។ ក្រោយ​ពី​បាន​បង្ហាញ​ពិសោធន៍​រួចហើយ ព្រះរាជា​ក៏​យល់​ថា​ព្រាហ្មណ៍​នេះ​មាន​ចំណេះ​ដឹង​ខ្ពស់​ជាង​ព្រាហ្មណ៍​ឯ​ទៀត​​ក៏​តែង​តាំង​ព្រាហ្មណ៍​នេះ​ជា​ព្រាហ្មណ៍​ធំ​លើ​គេ​​ ទុក​ជា​ព្រះ​រាជ​គ្រូ​ព្រះ​រាជ​បុត្រ​ត​រៀង​ទៅ ។

No comments:

Post a Comment