Thursday, February 9, 2017

ព្រះអង្គឌួង(១៨៤០ - ១៨៥៩)

រជ្ជកាលព្រះអង្គឌួង(១៨៤០ - ១៨៥៩)
      ឆ្នាំ១៨៤០ ព្រះអង្គឌួងបានគ្រងរាជ្យនៅវាំងស្បែក ស្រុកពញាឮ លុះដល់ឆ្នាំ១៨៤៧ ទើបទ្រង់បានត្រូវអភិសេកឲ្យឡើងសោយ រាជ្យជា ព្រះមហាក្សត្រនៅឧដុង្គ។ ក្នុងនាមចាព្រះរាជាដែលគិតដល់អាយុជីវិតជាតិ ព្រះអង្គមានព្រះទ័យសោកស្ដាយជាខ្លាំង នៅ ពេលទ្រង់ជ្រាបថាមានទឹកដីខ្មែរជាច្រើនបាត់បង់ទៅសៀម និងយួន។ ប៉ុន្តែដោយប្រទេសខ្មែរស្ថិតនៅក្នុងស្ថាន ភាពសេដ្ឋកិច្ចទន់ ខ្សោយ និងខ្ទេចខ្ទាំដោយសង្គ្រាមផ្ទៃក្នុង ទើបព្រះអង្គមិនអាចរកកម្លាំងដើម្បីដណ្ដើមទឹកដីទាំងនោះមកវិញ។ ម្យ៉ាងទៀត ដើម្បី រំដោះប្រទេសឲ្យរួចផុតពីការបែងចែករបស់យួន និងសៀម មានតែមធ្យោបាយមួយគឺពឹងមហាអំណាចអឺរ៉ុបណាមួយ ដើម្បីបង្ក្រាប សត្រូវទាំងពីរឲ្យចេញផុតពីទឹកដីខ្មែរ។ ស្នាព្រះហស្តរបស់ព្រះបាទអង្គឌួងមាន៖

 កំណែទម្រង់រូបិយវត្ថុ
      នៅក្នុងរជ្ជកាលព្រះអង្គឌួង គេបានបោះពុម្ពប្រាក់ថ្មី ឈ្មោះប្រាក់ប្រាសាទ ដែលមានបួនប្រភេទ។ ប្រាក់ប្រាសាទមាន រូបម្ខាង ហង្ស និងម្ខាងទៀតមានរូបប្រាសាទអង្គរវត្ត។

 ការសាងសង់ទំនប់ និងផ្លូវ
     នៅឆ្នាំ១៨៥០ ព្រះអង្គឌួងបានបញ្ជាឲ្យពួកមន្ត្រីកែនប្រជាជន ដើម្បីលើកទំនប់មួយសម្រាប់ការពាររាជធានីឧដុង្គពីខាងកើត។ ព្រះអង្គបានកសាងផ្លូវមួយទៀតតភ្ជាប់ពីក្រុងឧដុង្គទៅកំពង់លួងមានប្រវែង៦៤០០ម៉ែត។ នៅលើចិញ្ចើមផ្លូវមានកសាង សាលា សំណាក់ជាច្រើន សម្រាប់ឲ្យប្រជាជនដែលធ្វើដំណើរឆ្លងកាត់ឈប់សម្រាកនៅពេលហត់នឿយ។ ដើម្បីសម្រួលដល់ប្រជាជននៅ ម្ដុំពោធិ៍ចិនតុងក្នុងការដឹកជញ្ជូនទំនិញមកលើកនៅកំពង់ផែក្រុងភ្នំពេញព្រះអង្គក៏បានបញ្ជាឲ្យគេកសាងផ្លូវមួយទៀត។ ប្រទេស ខ្មែរ ក្នុងសម័យអង្គរមានផ្លូវខ្វាត់ខ្វែង ប៉ុន្តែដោយសារចម្បាំងទើបផ្លូវអស់ទាំងនោះត្រូវគេបោះបង់ចោល មិនបានថែរក្សា។ ចាប់ពី ឆ្នាំ ១៨៤៧ ពួកយួនបានគាបសង្កត់មកលើសេដ្ឋកិច្ចតាមផ្លូវទន្លេមេគង្គ ដោយយកពន្ធដារលើទំនិញឆ្លងកាត់ ទើបព្រះអង្គបាន សម្រេច ព្រះទ័យសាងកំពង់ផែមួយនៅខេត្តកំពត ដើម្បីរំដោះសេដ្ឋកិច្ចប្រទេសជាតិឲ្យផុតពីការហ៊ុមព័ទ្ធរបស់សត្រូវ។ ជាមួយ គ្នានេះដែរ ព្រះអង្គក៏បានកសាងផ្លូវមួយខ្សែភ្ជាប់ពីឧដុង្គទៅកំពង់ផែកំពត ដើម្បីសម្រួលទំនាក់ទំនងជាមួយកំពង់ផែ និងសម្រាប់ ប្រជារាស្ត្រ ខ្មែរធ្វើដំណើរទៅមក។

 ផ្នែកព្រះពុទ្ធសាសនា
     ព្រះបាទអង្គឌួង ជាព្រះរាជាមួយអង្គដែលមានព្រះទ័យជ្រះថ្លាចំពោះព្រះពុទ្ធសាសនា។ នៅឆ្នាំ១៨៥៣ ព្រះអង្គទ្រង់បានចាត់ រាជប្រតិភូមួយក្រុមដែលដឹកនាំដោយឧកញ៉ាយមរាជម៉ុក និងឧកញ៉ាចក្រីមាស ដើម្បីនិមន្តព្រះសង្ឃខ្មែរ មួយអង្គព្រះនាម ព្រះ មហាប៉ាន មកពង្រឹងព្រះពុទ្ធសាសនាដែលត្រូវធ្លាក់ចុះដោយសារសង្គ្រាម។ ប្រតិភូនេះបានត្រូវព្រះចៅសៀមឆោមក្លាវ(រាមាទី៤) ទទួលរាក់ទាក់ព្រោះយល់ថាជាឱកាសមួយសម្រាប់ផ្សព្វផ្សាយវប្បធម៌សៀម។ ដូចនេះព្រះពុទ្ធសាសនាធម្មយុត្តិនិកាយ(ហីនយាន) តាមបែបសៀម បានត្រូវនាំចូលប្រទេសកម្ពុជាចាប់តាំងពីពេលនោះមក។ ចំណែកឯពុទ្ធសាសនាមហានិកាយ គឺ ជានិកាយ (មហាយាន) មួយចម្បងនៅក្នុងប្រទេសខ្មែរ។ ព្រះបាទអង្គឌួងគឹជាអ្នកនិពន្ធខ្មែរល្បីល្បាញ ព្រះអង្គពូកែខាងកំនាព្យកាព្យឃ្លា។ ព្រះ អង្គ បាននិពន្ធរឿងជាច្រើនដូចជា រឿងចំប៉ាថោង១៨១០ រឿងកាកី១៨១៥ និងច្បាប់ស្រី១៨៣៧ជាដើម។ ព្រះបាទអង្គឌួង ទ្រង់ សុគតនៅ ក្នុងរាជវាំងឧដុង្គដោយជម្ងឺនៅក្នុងឆ្នាំ១៨៥៩។

No comments:

Post a Comment