Tuesday, February 7, 2017

ព្រះបាទ​ជ័យវរ្ម័ន​ទី​៧

ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ជា​ព្រះមហាក្សត្រ​ខ្មែរ​មួយ​ព្រះអង្គ​ដែលមាន​គុណបំណាច់​យ៉ាង​ធំ​ចំពោះ​ប្រទេសជាតិ ដោយបាន​រំដោះទឹកដី​ឲ្យ​ផុតពី​ការត្រួតត្រា​របស់​បរទេស ក្រៅពី​ព្រះអង្គ​ទ្រង់​ជា​ស្តេច​សឹកសង្គ្រាម ព្រះអង្គ​ក៏​ជា​ព្រះរាជា​ខ្មែរ​មួយអង្គ​ដែល​កសាង​សមិទ្ធិ​ច្រើនជាងគេ​បំផុត ជាពិសេស​គឺ​អង្គរ​ទី​៣ ឬ​អង្គរធំ​។ សិលាចារឹក​មួយ​នៅ​សាយ​ហ្វុ​ង (​ទល់មុខ​វៀងចន្ទន៍​ប្រទេស​លាវ​)​ក៏បាន​បង្ហាញ​ឲ្យ​ឃើញថា ព្រះ​អង្គជា​ក្សត្រ​ដែល​បាន​ផ្សព្វផ្សាយ​គុណធម៌​ដល់​ប្រជានុរាស្ត្រ​ខ្លាំង​ណាស់ដែរ ដោយសារតែ​ការ​ខំប្រឹងប្រែង និង​ការយកចិត្តទុកដាក់រ​បស់​ព្រះអង្គ​ចំពោះ​សេចក្តី​សុខទុក្ខ​ប្រជារាស្ត្រ ដោយ​ព្រះអង្គ​យល់​ឃើ​ថា «​ទុក្ខ​របស់​ព្រះអង្គ​គឺជា​ទុក្ខ​របស់​រាស្ត្រ ហើយ​ខ្លាំង​ជាង​ការឈឺចាប់​របស់​ព្រះអង្គ​ទៅទៀត​»​។​នៅ​ដើម​សតវត្សរ៍​ទី​១៣ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ទឹកដី​ខ្មែរ​មាន​ទំហំ​ធំ​ទូលំទូលាយ​ជាង​ក្សត្រ​អង្គ ណាៗ​ទាំងអស់​។​
​ក្រោយពី​ព្រះ​នាង​ជ័យ​រាជទេវី​សុគត​ទៅ​ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយ​ព្រះ​នាង ឥន្ទ្រ​ទេវី ដែល​ត្រូវជា​បង​បង្កើត​របស់​ព្រះ​នាង​ជ័យ​រាជទេវី ។ ព្រះ​នាង​ឥន្ទ្រ​ទេវី​ជា​ក្ស​ត្រី​យ​ដើ​ល​សម្បូរ​ដោយ​តម្រិះ​វិជ្ជាការ​ត្រូវបានតែងតាំង​ជា​សាស្ត្រាចារ្យ​ក្នុង​វត្ត​ព្រះពុទ្ធសាសនា​មួយ​។​
​កិច្ចការ​ជាដំបូង​ដែល​ត្រូវបំពេញ​ជាបន្ទាន់​នៅ​ដើម​រជ្ជ​ការ​របស់​ព្រះអង្គ គ្រឹ​ស្ត​សករាជ​១១៨១ គឺ​ការកសាង​រាជធានី​អង្គរធំ ដើម្បី​ជំនួស​រាជធានី​យ​សោធ​រៈ​បុ​រៈ ដែល​ត្រូវបាន​ពួក​ចាម​បំផ្លាញចោល​។ ដើម្បី​ការពារ​ទីក្រុង​នេះ ព្រះអង្គ​បាន​កសាង​កំផែង​ថ្ម​ព័ទ្ធជុំវិញ​ក្រុង​ដែលមាន​ប្រវែង​១២​គីឡូម៉ែត្រ ។ នៅ​ចំ​កណ្តាល​រាជធានី ព្រះអង្គ​បាន​កសាង​ប្រាសាទបាយ័ន ដើម្បី​ទុក​គោរព​ដល់​ព្រះពុទ្ធសាសនា​។​

​បាយ័ន​ជា​ប្រាសាទភ្នំ​ដែល​កសាង​នៅក្នុង​រជ្ជកាល​របស់​ព្រះអង្គ​នៅក្នុង​កណ្តាល​ប្រាសាទ​មាន​តម្កល់​ព្រះពុទ្ធ​បដិមា​មួយ​ព្រះអង្គ​ដែលមាន​កម្ពស់​ជិត​៩​ម៉ែត្រ ។ ត្រង់នេះ​សរ​ឲ្យ​ឃើញថា ព្រះអង្គ​មាន​ទេពកោសល្យ​ចេះ​សម្របសម្រួល​អ្វី​ដែលជា​របស់​ចាស់​(​ប្រាសាទភ្នំ​) ឲ្យ​ទៅជា​របស់​ថ្មី (​ពុទ្ធ​រាជ​) ដើម្បី​ជា​កម្លាំងចិត្ត​ដល់​ពួក​ព្រាហ្មណ៍ និង​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ​។​
​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ជា​ក្សត្រ​មួយ​ព្រះអង្គ ដែលមាន​ជំនឿ​មុតមាំ​លើ​ព្រះពុទ្ធសាសនា (​លោកេស្វរៈ​) បន្ត​អំពី​ព្រះបិតា​របស់​ព្រះអង្គ​។​
​គេ​ពុំបាន​ដឹងថា តើ​ព្រះអង្គ​សុគត​នៅ​ឆ្នាំ​ណា​ទេ ព្រះអង្គ​បាត់​ដំណឹង​ពី​អង្គរ​នៅ​អំឡុង​ឆ្នាំ​១២០២ និង ១២១៨​។​ ​ក្រៅពី​ស្តេច​សឹក​ក៏​ខ្លាំងពូកែ​នោះ ព្រះអង្គ​ក៏​ជា​ស្តេច​ដែល​បាន​កសាង​ប្រាសាទ​ច្រើនជាងគេ​បំផុត និង​ជា​ក្សត្រ​ដែល​បាន​ផ្សព្វផ្សាយ​គុណធម៌​ដល់​ប្រជានុរាស្ត្រ ដោយ​ព្រះអង្គ​បាន​សាង​មន្ទីរពេទ្យ​ព្យាបាល​រោគ​ជាច្រើន​ពាសពេញ​នគរ​។​
​ក្នុង​វិស័យ​សំណង់ ក្រៅពី​ការកសាង​រាជធានី (​អង្គរធំ​) ឬ​អង្គរ​ទី​បី​នោះ ព្រះអង្គ​បាន​កសាង​ប្រាសាទព្រះខ័ន នៅ​ឆ្នាំ​១១៩១ សម្រាប់​ជាទី​រំលឹក​ដល់​ព្រះវរបិតា​, ប្រាសាទតាព្រហ្ម​នៅ​ឆ្នាំ​១១៨៦ សម្រាប់​តម្កល់​បរម​រូប​នៃ​ព្រះ​វរមាតា និង​រូប​សម្តេចព្រះគ្រូ​, ប្រាសាទបន្ទាយឆ្មារ ដើម្បី​ថ្វាយ​ឧទ្ទិស​ដល់​ព្រះរាជបុត្រ​របស់​ព្រះអង្គ ព្រះនាម​ស្រិ​ន្ទ្រ​កុមារ ដែល​មានគុណ​ចំពោះ​ព្រះ​សា​ទយ​សោ​វរ្ម័នទី​២ ក្នុង​ចម្បាំង​ជាមួយ​ចាម និង​ជន​ក្បត់​រាហូ​។​
​នៅ​តំបន់​អង្គរ ព្រះអង្គ​បាន​សាង​ប្រាសាទបន្ទាយក្តី ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទក្រោលគោ ប្រាសាទបី ប្រាសាទតាព្រហ្ម ប្រាសាទ​ចោម​ព្រះ (​នៅ​សុរិន្ទ​ស្រុក​សៀម​) ប្រាសាទ​សិ​ង្គ (​នៅ​កញ្ជ​នៈ​បុរី ស្រុក​សៀម​) ប្រាសាទ​កំផែង​តូច (​ស្រី​ស្លា​កេ​ត ស្រុក​សៀម​) ប្រាសាទ​នាង​រាំ (​នគររាជ​សីមា​) ដែលជា​មន្ទីរពេទ្យ​។ ដើម្បី​បុព្វហេតុ​ផ្សះផ្សា​ជាតិ និង​បង្រួបបង្រួម​ជាតិ ព្រះអង្គ​ថែមទាំង​ជួសជុល​ឡើងវិញ​នូវ​ប្រាសាទ ចាស់ៗ ដែល​ទ្រុឌទ្រោម ឬក៏​បាន​សាងសង់​នូវ​ប្រាសាទ​ថ្មី រចនាបទ​បាយ័ន​នៅលើ​គ្រឹះ​នៃ​ទេវស្ថាន ចាស់ៗ​ដូចជា​នៅ​ប្រាសាទ​គោ នា​ខេត្តកំពង់ធំ​ជាដើម ជាហេតុ​ដែល​នាំ​ឲ្យ​គេ​ឃើញ​នៅ​មាត់ទ្វារ​នៃ​ប្រាសាទ​គោ​នេះ ដែល​បាន​សាង​ឡើង​ដោយ​ព្រហស្ថ​របស់​ព្រះអង្គ នូវ​វត្ត​មាននៃ​ក្បាច់​ផ្តែរ​នា​សតវត្សរ៍​ទី​៧ ដែលជា​រចនាបថ​សម្បូ​រណ៍​ព្រៃ​គុក​។​
​ប្រាសាទ​នីមួយៗ មាន​វត្ថុ​ប្រើប្រាស់​ដ៏​មានតម្លៃ​ជាច្រើន​ដូចជា នៅ​ប្រាសាទតាព្រហ្ម មាន​ចាន​មាស​មួយ​គុក ដែលមាន​ទម្ងន់ ជាង​ប្រាំ​រយ​គីឡូក្រាម ចាន​ប្រាក់​ចំនួន​៣៥ គ្រាប់​គុ​ចំនួន​៤០៦២០​គ្រាប់ ត្បូង​ចំនួន​៤៥៤០​គ្រាប់ ផ្តិលមាស រនាំង​ពី​ស្រុក​ចិន​ចំនួន​៨៧៦ ក្លស់​ចំនួន​៥២៣ និង​គ្រែ​សូត្រ​ចំនួន​៥១២​។​
​ដើម្បី​ការពារ និង​ថែរក្សា​ប្រសាទ​ទាំងអស់នេះ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​បាន​បង្កើត​ឲ្យ​មាន​ភូមិ​ចំណុះ​ជាច្រើន និង​ចាត់​ឲ្យ​មាន​រៀបចំ​កិច្ចការរដ្ឋបាល និង​បុគ្គលិក​ប្រចាំការ​ជាច្រើន​នាក់​ទៀត ដូច​ជាមាន​អធិការ មាន​អ្នក​ចាំ​គាល់​បម្រើ និង​មាន​ស្រី​របាំ​ផង​។​
​ក្រៅពី​ការកសាង​ប្រាសាទ ព្រះអង្គ​បាន​យកចិត្តទុកដាក់​ចំពោះ​ប្រជានុរាស្ត្រ ដោយបាន​សាងសាលា​សំណាក់​១២១​សម្រាប់​អ្នកដំណើរ​វត្ត​អារាម​សម្រាប់​ទុក​ទទួល​និស្សិត សាសនិកជន​ឲ្យ​ចូលរៀន​វិជ្ជា ផ្សេងៗ​។​
​ក្រៅពី​ព្រះអង្គ​រៀបចំ​ឲ្យ​មាន​ក្រសួងសុខាភិបាល​ដោយ​បង្កើត​ឲ្យ​មាន​មន្ទីរពេទ្យ​ចំនួន​១០២​នៅ​ពាសពេញ​នគរ មាន​បុគ្គលិក មាន​គ្រូពេទ្យ បង្កើត​ឲ្យ​មាន​គ្រឿង​បរិភោគ និង​មាន​ឱសថ​គ្រប់យ៉ាង មនុស្ស​គ្រប់​វណ្ណៈ​អាច​ចូល​ព្យាបាល​បាន​នៅក្នុង​មន្ទីរពេទ្យ​ដូចគ្នា​។​
​ក្នុង​មួយឆ្នាំៗ ក្រសួងសុខាភិបាល​រប​ស់​ព្រះអង្គ​បាន​ចាយវាយ​ស្រូវ​អង្ករ​អស់​១១.១៩២​តោន ល្ង​អស់​២.១២៤​គីឡូក្រាម ក្រវាញ ១០៥​គីឡូ ខ្លឹមចន្ទន៍​៣.៤០២​គីឡូក្រាម ថ្នាំ​គ្រុន​៤.០០០​គ្រាប់ ថ្នាំ​ប្ញ​ស​ដូង​បាត​១.៩៦០​ប្រអប់​។​
​ក្រៅពីនេះ​ឃ្លាំង​ព្រះរាជ​ទ្រព្យ​បាន​បើក​ឲ្យ​នូវ​វត្ថុធាតុដើម​សម្រាប់​ផ្សំ​ឱសថ ដូចជា​ទឹកឃ្មុំ សាប៊ូ ទឹកដោះ ប្រេង ក្រមួន ជាដើម ចំនួន​បី​លើក​ក្នុង​មួយឆ្នាំៗ​។​
​ក្រោយ​ពេលដែល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ សុគត​ទៅ សំណង់​ប្រាសាទ​នានា​ត្រូវបាន​បញ្ឈប់​ប៉ុន្តែ​អានុភាព​របស់​ខ្មែរ​នៅតែ​រុងរឿង​នៅឡើយ​រហូតដល់​ចុង​សតវត្សរ៍​ទី​១៣ មុន​ការ​បាក់បែក​មហានគរ​ខ្មែរ​ដោយសារ​ភ្លើងសង្គ្រាម​វាតទី​និយម​។​​
ដោយ៖ ជ័យ ចេស្តារ

No comments:

Post a Comment